ក្រុងប៉ោយប៉ែត ៖ ស្របពេលក្តីកង្វល់ និងការបារម្ភចំពោះការផ្ទុះជំងឺឆ្លងថ្មីដែលបានសម្លាប់កុមារ កម្ពុជាអស់ជាច្រើននាក់នោះ សមត្ថកិច្ចថៃក៏បានពង្រឹងការត្រួតពិនិត្យដើម្បីបង្ការជំងឺ ឆ្លងនេះដែរ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ កក្កដា សមត្ថកិច្ចថៃក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ បានធ្វើការប្រមូលកុមារខ្មែរប្រុសស្រីសរុបជិត១០០នាក់នៅចំណុច ច្រកទ្វារអន្តរជាតិខ្លងលឹក និងផ្សាររុងក្លឿឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកទៅពិនិត្យសុខភាព ព្រោះខ្លាចមានជំងឺឆ្លងថ្មី EV-71 និងជំងឺផ្តាសាយបក្សី ។
ការប្រមូលកុមារខ្មែរទៅពិនិត្យសុខភាពនេះ ភាគីថៃធ្វើឡើងនៅម៉ោង៣រសៀល ហើយបានបញ្ជូនត្រឡប់មកវិញតាមរថយន្តទ្រុងដែលគេដឹកពលករខ្មែរខុស ច្បាប់យកមកឱ្យសមត្ថកិច្ចកម្ពុជានាវេលាល្ងាចថ្ងៃដដែល បន្ទាប់ពីពិនិត្យសុខភាពកុមារទាំងនោះរួច ពុំឃើញមានជាប់ជំងឺឆ្លងណាមួយទេ ។
លោកនេត សារី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ កក្កដា ថា បញ្ហាខាងលើពិតជាកើតមានមែន ។ លោកបានបញ្ជាក់ថា កុមារខ្មែរដែលភាគីថៃប្រមូលយកទៅពិនិត្យសុខភាពសរុបទាំងអស់៨២ នាក់ ។ កុមារទាំងអស់នេះក្រោយពីទទួលការពិនិត្យសុខភាពនៅស្រុកអារញ្ញ ដោយក្រុមគ្រូពេទ្យថៃរួចមកពុំមានរកឃើញក្មេងណាម្នាក់ផ្ទុកមេ រោគនោះទេ និងត្រូវគេបញ្ជូនត្រឡប់មកវិញនៅថ្ងៃដដេល ។ ការប្រមូលកុមារខ្មែរពិនិត្យសុខភាពនេះ សមត្ថកិច្ចថៃធ្វើឡើងបន្ទាប់ពីប្រទេសរបស់គេក៏កំពុងមានការ បារម្ភពីជំងឺចម្លែកថ្មី EV-71 ដែលកំពុងផ្ទុះឡើងធ្វើឱ្យសាលារៀនក្នុងប្រទេសថៃមួយចំនួនបិទ ទ្វារ ស្របពេលដែលប្រទេសកម្ពុជាយើងក៏បានតម្រូវឱ្យបិទទ្វារដែរ ។
ស្វែងយល់ពីមេរោគ EV-71
មេរោគ Enterovirus 71 (EV-71) បានបង្កជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកាលពិថ្ងៃទី១២ កក្កដា កន្លងមក ។
ការអង្កេតស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ករណីភាគច្រើនមានអាយុតិចជាង៣ឆ្នាំ ហើយមានជំងឺរ៉ាំរ៉ៃ និងកង្វះអាហារូបត្ថម្ភ ។ ករណីទាំងនោះមកពីខេត្តចំនួន១៤ផ្សេងៗគ្នា ហើយភាគច្រើនទទួលថ្នាំស្តេរ៉ូអីុត (Steroids) ក្នុងកំឡុងពេលឈឺ ។ ថ្នាំស្តេរ៉ូអីុត ត្រូវបានគេបង្ហាញឱ្យឃើញថា បង្កឱ្យអ្នកជំងឺដែលមានមេរោគ EV-71 មានសភាពកាន់តែធ្ងន់ធ្ងរជាងមុន ។
តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់ជាអ្វី?
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលកើតចំពោះទារក និងកុមារ ។ វាមិនមែនជាជំងឺថ្មីនៅក្នុងប្រទេសកម្ពុជាយើងទេ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោក ។ អ្នកជំងឺភាគច្រើនជាសះស្បើយក្នុងកំឡុងពេលពី៧ទៅ១០ថ្ងៃដោយពុំ ចាំបាច់មានការព្យាបាល និងកម្រមានផលវិបាក ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ខុសពីជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយមេរោគ Enterovirus ដែលភាគច្រើនដោយ Coxsackievirus ហើយជាទូទៅបណ្តាលឱ្យមានជំងឺស្រាល និងមិនចាំបាច់មានការព្យាបាល។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើយដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់ ។
រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់
ជំងឺនេះ ជាទូទៅចាប់ផ្តើមឡើងដោយមានក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក ។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល១ទៅ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែកនៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវយវៈភេទ ។
រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់
ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ។ រោគសញ្ញានៃជំងឺធ្ងន់ធ្ងររួមមាន ពិបាកដកដង្ហើម សន្លឹម ទន់អវយវៈ និងប្រកាច់ ។ យើងសូមណែនាំឱ្យឪពុកម្តាយស្វែងរកសេវាព្យាបាលជាបន្ទាន់ នៅពេលគាត់ឃើញរោគសញ្ញាទាំងអស់នេះនៅលើកូនរបស់គាត់ ។
ការព្យាបាលកុមារដែលមានជំងឺពងបែកនៅដៃជើង និងក្នុងមាត់
មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ។ អ្នកជំងឺគួរផឹកទឹកឱ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញាដើម្បីបន្ថយ គ្រុនក្តៅ និងការឈឺចាប់ដែលបណ្តាលមកពីដំបៅក្នុងមាត់ ។
តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចការពារបានដោយរបៀបណា?
អនាម័យល្អអាចជួយការពារជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ។ ការលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពងបែក ឬអ្នកជំងឺមុនពេលចម្អិនអាហារ និងបរិភោគ មុនពេលបញ្ចុកអាហារដល់ទារក និងកុមារ ក្រោយចេញពីបង្គន់ និងក្រោយពីសម្អាតកុមារ ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]