ចិន៖ អង្ករក្លែងក្លាយ ដែលធ្លាប់ បានលក់ នៅលើទីផ្សារ ក្នុងប្រទេសចិន ពេលនេះ ត្រូវបានគេរកឃើញ កំពុងចែកចាយ រីករាលដាល ទៅដល់បណ្តាប្រទេសមួយចំនួន ផ្សេងទៀត នៅអាស៊ី រួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសក្បែរ ខាងកម្ពុជា គឺវៀតណាមជាដើម។


រូបតំណាង អង្ករ ដែលជាអាហារដ៏ពេញនិយមរបស់ប្រជាជននៅអាស៊ី

អង្ករសិប្បនិមិត្ត ឬអង្ករក្លែងក្លាយនោះ ត្រូវគេបង្កើតឡើងដោយផ្សំពី ដំឡូងលាយគ្រប់មុខ ដំឡូងជ្វា និងប្រភេទជ័រសំយោគ។ វាត្រូវបានគេរកឃើញ មានការធ្វើចរាចរណ៍ នៅលើទីផ្សារ ខេត្តតៃយាន និងខេត្តសានស៊ី នៃប្រទេសចិន ដែលវាមានរូបរាង ស្រដៀងគ្នា ទៅនឹងអង្ករធម្មជាតិ។

អ្នកជំនាញផ្នែកសុខភាព បានព្រមានថា ការបរិភោគគ្រាប់អង្ករ សិប្បនិមិត្ត ឬក្លែងក្លាយ អាចបណ្តាលឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធរំលាយអាហារ។ ក្នុងនោះ អាជ្ញាធរ ក៏កំពុងតែសកម្មទៅលើករណីនេះ ដើម្បីព្យាយាម បំបាត់ភាពភ័យខ្លាច របស់អ្នកទិញអង្ករ ចំពោះព័ត៌មាននៅលើ អ៊ីនធឺណែតដែលថា អង្ករក្លែងក្លាយពេលនេះ បានរាលដាល ដល់បណ្តាប្រទេសជាច្រើន នៅអាស៊ី។

ក្រសួងកសិកម្ម និងកសិឧស្សាហកម្ម របស់ម៉ាឡេស៊ី បានបដិសេធ ព័ត៌មានដែលទាក់ទង នឹងចរាចរណ៍ អង្ករក្លែងក្លាយនេះ នៅម៉ាឡេស៊ី ប៉ុន្តែក្រសួងបានឲ្យដឹងថា បើសិនជាមានមែននោះ គឺវាអាចនឹង ត្រូវលក់នៅតាមហាងទំនិញតូចៗ គឺមិនអាច មាននៅតាមផ្សារទំនើបធំៗ នោះទេ។

យោងតាម Oryza.com បានប្រាប់ ពីវិធីដែលអាចចៀសផុត ពីការទទួលទាន អង្ករក្លែងក្លាយ ដោយគេហទំព័រខាងលើ បានបកស្រាយថា អង្ករក្លែងក្លាយ នៅពេល ដែលដាំឆ្អិន គឺមានលក្ខណៈរឹង ខុសពីអង្ករធម្មតា ហើយស៊ុបដែលមាន ដាក់អង្ករនេះ ចូលទៅហាក់ដូចជា មិនសូវឆ្ងាញ់ ហើយវាអាចនឹងឆេះ ដូចផ្លាស្ទិចនៅពេល ត្រូវកំដៅខ្លាំង៕

ប្រភព៖ Shanghaiist

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]