រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១២ នៅទីវាលមួយក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការសម្តែងសិល្បៈមួយដោយបិទតង់ព័ទ្ធជុំវិញជិតដើម្បីលក់ សំបុត្រជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីរោងចក្របន្ទាប់ពីធ្វើការនឿយហត់ឱ្យចូលទស្សនា កម្សាន្តសប្បាយ ។ ការលក់សំបុត្រនេះគឺដើម្បីយកប្រាក់ជួយដល់កុមារកំព្រា និងកុមារក្រីក្រដែលឪពុកម្តាយរបស់ពួកគេពុំមានលទ្ធភាព ចិញ្ចឹមបីបាច់ ។
លោកសំរិទ្ធ ស័ក្តសិទ្ធ ជាប្រធានក្រុមសិល្បៈវប្បធម៌អង្គរអច្ឆរិយរៀបរាប់ថា ក្រុមរបស់លោកបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ មកទល់ពេលនេះមានរយៈពេលជាង៦ឆ្នាំហើយ ។ សព្វថ្ងៃនេះក្រុមរបស់លោកមានសមាជិកសរុបទាំងអស់ចំនួន៤៥នាក់ មានតាំងពីក្មេងៗ និងភេទទីបី ។ ក្មេងៗទាំងអស់នោះបានប្រមូលមកពីបណ្តាខេត្តនានា ហើយភាគច្រើននៃពួកគេជាកុមារកំព្រា និងកុមារក្រីក្រដែលឪពុកម្តាយប្រគល់ជូនលោកដើម្បីជួយអប់រំ បង្ហាត់បង្រៀនខាងផ្នែកសិល្បៈ ។ ក្មេងៗដែលស្ម័គ្រចិត្តក្នុងក្រុមសិល្បៈរបស់លោកត្រូវគោរពតាម លក្ខន្តិកៈក្នុងក្រុមដូចជា មិនជក់បារី បើចេះជក់ពីមុនត្រូវផ្តាច់ចោល ហាមផឹកស្រា មិនត្រូវលេងល្បែងស៊ីសង ហាមដាច់ខាតការឈ្លោះទាស់ទែងគ្នា ។
លោកប្រធានក្រុមសិល្បៈបន្ថែមថា ក្រុមរបស់លោកមានគ្រូមានជំនាញច្បាស់លាស់បង្ហាត់ផ្ទាល់ដូចជា របាំប្រពៃណី របាំជូនពរ របាំបាចផ្កា ចម្រៀង រាំ និងកំប្លែង ជាដើម។ សមាជិកក្នុងក្រុមរបស់លោកមកទល់ពេលនេះ មានអ្នកខ្លះបានក្លាយជាតារាលេចធ្លោផងដែរ ។ពេលរៀបចំការសម្តែងនៅទីកន្លែងផ្សេងៗ ក្រុមនេះតែងតែជួលដីគេដើម្បីរៀបចំឆាក តែចំពោះនៅភ្នំពេញមិនជួលទេ ព្រោះមានលោកឧកញ៉ាម្នាក់ផ្តល់ទីកន្លែងមិនយកប្រាក់។ តាមការអះអាងរបស់លោកស័ក្តសិទ្ធិ ក្រុមរបស់លោកបានចេញទៅសម្តែងគ្រប់ខេត្ត-រាជធានីទាំងអស់ តែពេលខ្លះលោកស្ទើរតែដាច់បាយ ពិសេសនៅរដូវភ្លៀង ព្រោះមិនបានសម្តែង ។ ទោះជាយ៉ាងណាក្តីលោកខ្ចីបុលគេសម្រាប់ទិញអាហារហូប លុះពេលសម្តែងបានទើបយកទៅសងគេវិញ ។
លោកស័ក្តសិទ្ធឱ្យដឹងថា នេះជាលើកទីមួយហើយដែលលោកមកសម្តែងនៅភ្នំពេញ ហើយមានលក្ខណៈខុសប្លែកពីកន្លែងផ្សេងៗដោយសារមានការចូលរួម ពីក្រុមកំប្លែងល្បីប្រចាំស្ថានីយទូរទស្សន៍ស៊ី ធី អិន គឺក្រុមកំប្លែងរបស់លោកពែរមី ។ លោកពែរមី មិនបានគិតតម្លៃខ្លួនទេ ព្រោះលោកមានចិត្តចង់ជួយដល់កុមារក្រីក្រ នៅប្រទេសកម្ពុជាយើង ។ ប្រាក់ដែលបានមកពីការលក់សំបុត្រក្នុងការសម្តែងលោកស័ក្តសិទ្ធ ប្រាប់ថា ទុកសម្រាប់ផ្គត់ផ្គង់ដល់សមាជិកក្នុងក្រុម និងដល់កុមារដែលកំពុងហាត់រៀនរាល់ថ្ងៃ ដូចជាសម្លៀកបំពាក់ អាហារហូបចុកប្រចាំថ្ងៃ និងថ្នាំពេលឈឺថ្កាត់ជាដើម ។
លោកសំរិទ្ធ ស័ក្តសិទ្ធបានអំពាវនាវដល់សប្បុរសជន អង្គការ សមាគមផ្សេងៗឱ្យជួយដល់ក្រុមសិល្បៈវប្បធម៌អង្គរអច្ឆរិយរបស់លោក ព្រោះក៏ដូចជាជួយដល់កុមារកំព្រា និងកុមារក្រីក្រនៅកម្ពុជាដែរ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]