ភ្នំពេញ៖ ក្នុងឱកាសប្រលងប្រណាំងទូក ខ្នាតអន្តរជាតិ ដោយមានការចូលរួមពីប្រទេស ជាច្រើននៅក្នុងតំបន់ ដែលបានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី រយៈពេល៣ថ្ងៃនោះ ធ្វើឲ្យកម្ពុជាកាន់តែមានឈ្មោះល្បីរន្ទឺថែម ទៀត បន្ទាប់ពីក្រុមកីឡាករកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសជាច្រើន។

លោក រស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានដឹកនាំគណប្រតិភូទៅចូលរួមប្រលងប្រណាំងទូក នៅប្រទេសឥណ្ឌូនេស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមរយៈទូរស័ព្ទថា ការប្រណាំងទូកនេះ ប្រព្រឹត្តនៅទីក្រុងបាដាង ខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដោយមានរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែកក្កដា មានការចូលរួមពីប្រទេសនៅក្នុងតំបន់ជាច្រើន ហើយការប្រលង មានចំនួន១០ លើក ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី។

លោកបន្តថា ការទទួលបានជ័យជម្នះរបស់កម្ពុជានាពេលនេះ គឺជាកិត្តិយសមួយយ៉ាងធំធេងបំផុត បានធ្វើឲ្យ កម្ពុជាមានឈ្មោះល្បីមួយកម្រិតបន្ថែមទៀត ជាពិសេសមានការអបអរសាទរពីប្រទេសនៅក្នុងតំបន់ផងដែរ។

លោក រស់ រ៉េន បន្ថែមទៀតថា កម្ពុជាបានទទួលមេដាយមាស១ និងគុបតំណាងជំនាន់ នៃអ្នកឈ្នះការប្រកួត។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយ ម៉ាកាវជាប់លេខ២ និងម៉ាឡេស៊ីជាប់លេខបី។

លោកបន្តថា ប្រទេសដែលចូលរួមការប្រកួតនេះ រួមមាន អង់គ្លេស អូស្រ្តាលី ម៉ាឡេស៊ីមានពីរក្រុម ហ្វីលីពីន មានពីរក្រុម ចិន ហុងកុង ម៉ាកាវមានពីរក្រុម និងខេត្តណាននិញរបស់ចិន ឥណ្ឌូនេស៊ី កម្ពុជា៕

Photo by DAP-NEWS

ដោយៈ អេង គឹមជាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]