ខេត្ត​ព្រះ​សី​ហនុ​ ​៖ នារីរូប​ស្រស់សោភាម្នាក់​​បាន​ធ្វើ​​ឱ្យ​មានការ​​ហួស​ចិត្ត​​​ដល់​សា​ធារ​ណជន​​ដោយ​សារ​​ត្រូវ​អាជីវករ​ផ្សារលើក្រុង​ព្រះសីហនុ​ស្ទាក់ចាប់បញ្ជូនឱ្យនគរបាលសណ្តាប់ធ្នាប់​បុស្តិ៍​ផ្សារ​លើ​ កាលពីវេលាម៉ោង២​និង៥៦នាទី​រសៀល​​ថ្ងៃ​ទី​១០ កុម្ភៈ ដោយ​ចោទ​​ថា ស្រ្តីរូប​នេះ​បាន​ធ្វើសកម្មភាពលួចកាបូបដៃអ្នកចូល​ទិញ​ខោអាវដូចគ្នានៅតូបលេខ៩១-៩២ក្នុង​ផ្សារ​លើ ក្រុង​ព្រះ​សីហនុ ។

លោកអនុសេនីយ៍ទោ ង៉ាន នៃ មន្ត្រី​នគរ​បាល​សណ្តាប់ធ្នាប់បុស្តិ៍ផ្សារលើបានឲ្យដឹងថា ស្រ្តី​ដែល​​ក្រុម​អាជីវករឃាត់ខ្លួនពីបទលួចរួច​ បញ្ជូន​​មក​​នេះ​ឈ្មោះគង់ ស្រីលីន អាយុ១៩ឆ្នាំ ស្នាក់​នៅផ្ទះជួលម្តុំអូរ១ ស្ថិតក្នុងភូមិ៤ សង្កាត​់​លេខ​៤​​ ក្រុងព្រះសីហនុ មានមុខរបរ​មិនពិត​ប្រា​កដ មានស្រុកកំណើតនៅភូមិទី​៦ សង្កាត់​វាល​វង់ ក្រុង​​កំពង់ចាម ខេត្តកំពង់ចាម ។ រីឯម្ចាស់​កាបូប​លុយ​ឈ្មោះសុខ ចាន់ ភេទស្រី អាយុ២៦ឆ្នាំ មាន​ស្រុកកំណើតនៅ​ឃុំជី​រោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះជួលក្នុង​ភូមិ៣ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ ជា​បុគ្គ​លិកភោជ​នីយដ្ឋានឌឺបា ។

លោកអនុ​សេនីយ៍​ទោ ង៉ាន នៃ បន្តថា តាម​ស្រ្តី​ជា​​ម្ចាស់​​កាបូប​និយាយថា  នៅ​វេលា​ម៉ោង​១​និង​៣០​នាទីរសៀល​ថ្ងៃទី៩ កុម្ភៈ នាងបាន​មក​ទិញ​ខោអាវ​​នៅ​តូប​លេខ៩១-៩២ក្នុង​ផ្សារលើ ​ខណៈពេលកំពុង​«ល»​ខោអា​វ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ ភ្លេចកាបូប​នៅ​ខាងក្រៅ​​​ក៏ត្រូវ​ស្រ្តី​ម្នាក់​ទៀតដែលជាភ្ញៀវដូចគ្នា​លួច​យកទៅ ប៉ុន្តែ​សំណាងល្អត្រូវបានអាជីវករ​ផ្សារ​ដែល​មាន​សន្តាន​​ចិត្តជួយឃាត់ខ្លួនបាន​ ។ នេះ​​ជា​រឿង​​នឹក​ស្មាន​​មិន​ដល់​​ ព្រោះ​តាម​រយៈ​រូប​សម្បតិ្ត​​ខាង​ក្រៅ​សាច់​ឈាម​សភ្លឺថ្លា នៅនឹង​ខ្លួន​ពោពេញ​ទៅ​​ដោយ​គ្រឿងអលង្ការ សម​តែជា​អ្នកថ្លៃ​ថ្នូរ​​ ​ផ្ទុយ​ទៅវិញបែរជាប្រព្រឹត្ត​អំពើ​​គួរ​ឱ្យ​​ស្អប់​​ខ្ពើម​​បែប​នេះ​ទៅ​វិញ ។ នៅពេល​ឃាត់​ខ្លួន សមត្ថកិច្ចបាន​ដក​ហូត​កា​បូប​ដៃ​មួយ​មាន​លុយ​​ចំនួន៣៥ដុល្លារ​ដែល​ជា​របស់​ស្ត្រីរង​គ្រោះ ។

នៅក្នុងហេតុការណ៍នេះដែរ ភាគី​ស្រ្តីម្ចាស់​កា​បូប​​​ពុំបានធ្វើការប្តឹងប្តល់នោះទេ ប៉ុន្តែទោះ​ជា​​យ៉ាងណាក៏សមត្ថកិច្ចសណ្តាប់ធ្នាប់ផ្សារលើពុំ​ដោះ​លែងទៅវិញភ្លាមៗនោះដែរ​ គឺបានកសាង​សំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានក្រុងបន្តទៀតដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]