រាជធានីភ្នំពេញ ៖ ​ពេល​ថ្មី​ៗនេះ​អ្នក​ប្រើ​ប្រាស់​​ទូរស័ព្ទ​​ចិន​មាន​ការ​ធ្លាក់​ចុះ​បើ​​ ធៀប​នឹង​ពេល​កន្លង​មក បើទោះ​បី​ជាទូរស័ព្ទ​​ចិន​មាន​កម្ម​វិធី​ច្រើន និង​តម្លៃ​ថោក​ក៏​ដោយ ប៉ុន្តែ​​​​ពិនិត្យទៅ​លើ​​​គុណ​ភាព​ប្រៀប​ធៀប​ជា​មួយ​ទូរស័ព្ទ​ណូគា​, សាមសុង​ និង​ទូរស័ព្ទ​ផ្សេង​ទៀត​ ​ដែល​មាន​ស៊ីម​២​​នៅ​មាន​កម្រិត​នៅ​ឡើយ ​ម្យ៉ាង​​ទៀត​ទូរស័ព្ទ​​ណូគា សាម​សុង (Original) ​មាន​តម្លៃ​សម​រម្យ ​គុណ​ភាព​ខ្ពស់ ធន់ មាន​ការ​ធានា​​ពីអ្នក​លក់​​ដែល​អាច​ឱ្យ​​អ្នក​ទិញ​មាន​ទំនុក​ចិត្ត​​ក្នុង​ ការ​ប្រើ​ប្រាស់ ដូច្នេះ​ឃើញថា អតិថិ​ជន​បាន​ងាក​ទៅ​ប្រើ​ប្រាស់​ទូរស័ព្ទ​​ណូគា និង​សាមសុង​ស៊ីមពីរ​វិញ...។

​លោក​ហុង ចាន់​ណា ជា​ម្ចាស់​​ហាង​លក់​ទូរស័ព្ទ​​នៅផ្សារ​​ទួល​ទំពូង​ បាន​មាន​ប្រសាសន៍​​ប្រាប់​អ្នក​កាសែត​​កោះ​សន្តិ​ភាព​​ត្រង់​ៗថា ​នៅ​ហាង​របស់​លោក​មាន​លក់​ទូរស័ព្ទ​ទាំង​ពីរ​ប្រភេទ​ គឺ​ទូរស័ព្ទ​ចិន ​និង​ទូរស័ព្ទហ្ស៊ីន (Original) ។ ​លោក​បន្ត​ថា នៅ​ពេល​បច្ចុ​ប្បន្ន​​ទីផ្សារ​ទូរស័ព្ទ​​ចិន​មាន​សភាព​ស្ងាត់​ជា​មុន បើ​ធៀប​ពេល​មុនៗ​ដែល​ពេល​នេះ​ហាង​ទូរស័ព្ទ​​របស់​លោក​មិន​សូវ​លក់​ដាច់ទេ ។ ​លោក​ចាន់​ណា ​បាន​បន្ថែម​ថា ទូរស័ព្ទ​ហ្ស៊ីនស៊ីមពីរ (ណូគា, សាមសុង) ​មាន​​គុណ​ភាព​ល្អជាង ហើយ​នៅពេល​បច្ចុ​ប្បន្ន​​ទូរស័ព្ទ​ហ្ស៊ីន​​គឺមាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ ទូរស័ព្ទ​ចិន​ដែរ ជា​ពិសេស​​មាន​កម្ម​វិធី​ចាក់​ស្តាប់​បទ​ចម្រៀង និង​កម្ម​វិធី​ផ្សេងៗ​ទៀត​ដូច​គ្នា ។ ​លោក​បាន​លើក​ឧទាហរណ៍​​ថា ទូរស័ព្ទ Nokia ហ្ស៊ីន មាន​ស៊ីម​ពីរ​​មាន​កម​្ម​វិធី​ស្តាប​់​​បទ​ចម្រៀង លេង​ហ្គេម​​ និង​លេង​អីុនធើរ​ណេត​បាន​ ជា​ពិសេស​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ទូរស័ព្ទ​ចិន​ដែរនោះ ​ធ្វើ​ឱ្យ​អ្នក​ទិញ​បាត់​បង់​ទំនុក​ចិត្ត​ចំពោះ​ទូរស័ព្ទ​​ចិន​ហើយ​ងាក​ទៅ​​ ទិញ​ទូរស័ព្ទ​​ហ្ស៊ីន​ប្រើ​ប្រាស់​​ដូច​ជា ណូគា និង​សាម​សុង​វិញ ។

ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​​នេះ លោក​ជា ស៊្រុន ​ដែល​ជា​អាជីវ​​ករ​លក់​រាយ​ និង​​បោះ​ដុំ​​ទូរស័ព្ទ​ចិន​នៅ​ឃ្លាំង​រំសេវ​​បាន​មាន​ប្រសាសន៍​​ស្រដៀង​ គ្នា​នឹង​លោក​ហុង ចាន់​ណា  ដោយ​​លោក​​អះ​អាង​ថា លោក​ពិត​ជា​ទទួល​ស្គាល់​ទូរស័ព្ទ​​ចិន​ពុំ​សូវ​មាន​គុណ​ភាព​ដូច​ទូរស័ព្ទ​ ហ្ស៊ីន​​ទេ ​ទោះ​បី​​វា​មាន​កម្ម​វិធី​ច្រើន និង​តម្លៃ​​ថោក​ ជា​ពិសេស​រូប​​រៀង​ដូច​គ្នា​ក៏​ដោយ ។ ​លោក​បន្ត​ថា នៅពេល​បច្ចុ​ប្បន្ន​​ទីផ្សារ​ទូរស័ព្ទ​ចិន​​មាន​ការ​ធ្លាក់​​ចុះ​បន្តិច បើ​ប្រៀប​ធៀប​នឹង​ពេល​មុនៗ​​ ម្យ៉ាង​ទៀត​អតិថិ​ជន​​ភាគ​ច្រើន​បែរ​​មក​ទិញ​ទូរស័ព្ទ​​ហ្ស៊ីន​ប្រើ​ប្រាស់​ ​វិញ ហើយ​ទោះ​ជា​ស៊ីម​ពីរ ឬ​ស៊ីម​មួយ​ក៏​ដោយ ព្រោះ​​ពួក​គេ​​គិត​ថា ​វា​មាន​គុណ​ភាព​ខ្ពស់ តម្លៃ​​សម​រម្យ​ល្មម​​ និង​ធន់​ជាង​ទូរស័ព្ទ​ចិន ។ ​ការ​លក់​នៅ​លើ​ទី​ផ្សារ​ទូរស័ព្ទ​ចិន​លំដាប់​មធ្យម​មាន​តម្លៃ​​ពី​៣៥​ ដុល្លារ​​ទៅ​៥០​ដុល្លារ ឯ​លំដាប់​បង្គួរ​តម្លៃ​ពី​៦០​ដុល្លារ​ទៅ​១០០​ដុល្លារ និង​លំដាប់​ល្អ​តម្លៃ​​ពី​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ ។

​កញ្ញា​ថារី ដែល​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ក្រចេះ បាន​មក​ធ្វើ​ជា​កម្ម​ការិនី​​កាត់​ដេរ​នៅ​ទី​ក្រុង​ភ្នំពេញ​អស់​រយៈ​​​ពេល​៣ ​ឆ្នាំ​បាន​និយាយ​​ឱ្យ​ដឹង​ថា កញ្ញា​ធ្លាប់​​ប្រើ​ប្រាស់​ទូរស័ព្ទ​​ចិន​ដែរ​ ប៉ុន្តែ​​ពេល​បច្ចុ​ប្បន្ន​កញ្ញា​​ប្តូរ​​មក​ប្រើ​​ទូរស័ព្ទ Nokia ហ្ស៊ីន​វិញ​ម្តង។ ​កញ្ញា​បន្ត​ថា ​ទូរស័ព្ទ​​ចិន​មាន​គុណ​ភាព​ទាប​ជាង​ទូរស័ព្ទ​ហ្ស៊ីន ​ទោះ​បី​វា​មាន​កម្ម​វិធី និង​រូប​រាង​ដូច​ទូរស័ព្ទ​ហ្ស៊ីន​ក៏​ដោយ ។ ​កញ្ញា​បាន​អះ​អាង​ថា ​មូល​ហេតុ​ដែល​កញ្ញា​ប្តូរ​មក​ប្រើ​ប្រាស់​​ទូរស័ព្ទ​ហ្ស៊ីន​វិញ​នោះ​ គឺ​​ដោយ​សារ​កញ្ញា​មាន​លទ្ធ​ភាព​អាច​ទិញ​ទូរស័ព្ទ​​ហ្ស៊ីន​បាន​ ហើយ​ម្យ៉ាង​ទៀត​ពេល​បច្ចុ​ប្បន្ន​​ទូរស័ព្ទ​ហ្ស៊ីន​ក៏​មាន​តម្លៃ​ថោក​ផង​ដែរ បើ​​ប្រៀប​ធៀប​ជា​មួយ​ទូរស័ព្ទ​ចិន​ដូច្នេះឃើញ​​ថា ​អតិថិ​ជន​បាន​ងាក​ទៅ​ប្រើ​ប្រាស់​ទូរស័ព្ទ​ណូគា និង​សាម​សុង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]