រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ក្មេង​​ស្ទាវ១​ក្រុម​​បាន​ដេញ​កាប់​ចាក់​យុវជន​ម្នាក់​តាម​បណ្តោយ​ មហាវិថី​ព្រះ​មុនីវង្ស​ ហើយ​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួនបាន​ពីរ​នាក់​ និង​ដក​ហូត​បាន​ម៉ូតូ​ពីរ​គ្រឿង​​កាល​ពី​វេ​លា​ម៉ោង​​៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ កក្កដា នៅ​ចំណុច​​មុខ​វិទ្យា​ល័យ​បឹង​ត្របែក ក្នុង​ភូមិ​៤ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ប៉ុន្តែ​បាន​ដោះ​លែង​វិញ​ភ្លាម​ដែរ ។

ប្រភព​​ព័ត៌មាន​ពី​សមត្ថ​កិច្ច​​ប៉ុស្តិ៍​ផ្សារ​ដើម​ ថ្កូវ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ពីរ​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​​​​ឃាត់​ខ្លួន​​ម្នាក់​ឈ្មោះ សុខ​ ច័ន្ទ​​ធារី ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បឹង​ត្របែក ស្នាក់​នៅ​ភូមិ​ព្រែក​តា​នូ ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ​ហ៊ីង​ សុធា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជ​ា​អ្នក​លក់​ដូរ ស្នាក់​នៅ​ជា​មួយ​គ្នា ។ ចំណែក​ម៉ូូតូ​​ពីរ​គ្រឿង​​ដែល​សមត្ថកិច្ច​ដក​ហូតនោះ​​​មួយ​គ្រឿង​ម៉ាក​អាយ​ ខន ​ពណ៌​លឿង ​និង​មួយ​គ្រឿង​​ម៉ាក​ឌ្រីម សេ​១២៥ ស៊េរី​២០០៩ ​។ ចំណែក​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​ខាង​លើ​នេះ ឈ្មោះ​ សុខ វិសិដ្ឋ ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ ខណ្ឌ​ដូន​ពេញ ជា​និស្សិត​​រៀន​នៅ​សាកល​វិទ្យាល័យ​​បៀល​ប្រាយ ។

ឈ្មោះ សុខ វិសិដ្ឋ​ បាន​ប្រាប់​សមត្ថកិច្ច​​ថា មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​នៅ​ផ្សារ​កណ្តាល​ក្នុង​ បំណង​​ទៅ​យក​សង្សារ​​នៅ​សង្កាត់​បឹង​ត្របែក ដើម្បី​ឌុប​គ្នា​ដើរ​កម្សាន្ត​ ប៉ុន្តែ​ខណៈ​ដែល​រូប​គេ​​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​​មុខ​វិទ្យា​​ល័យ​​​បឹង​ ត្របែក ​ស្រាប់​​តែ​មាន​ក្រុម​ក្មេង​​ទំនើង​​ជិះ​ម៉ូូតូ​៥​គ្រឿង​​មាន​គ្នា​ជាង​​១០ ​នាក់ ប្រដាប់​ដោយ​​ដាវ​សាមូរ៉ៃ​​ដេញ​កាប់​រូប​គេ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​អ្វី​ សោះ។ ប្រភព​ដដែល​​បាន​បន្ត​​​ដោយ​ក្រុម​ជន​ដៃ​ដល់​មាន​គ្នា​ច្រើន​​ពេក រូប​គេ​​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​​រត់​គេច​ខ្លួន​ ហើយ​ភ្លាម​ៗ​នោះ​​ប៉ូលិស​​ប៉ុស្តិ៍​ដែល​កំពុង​ដើរល្បាត​​នោះ​បាន​ដេញ​ និង​ព័ទ្ធ​​ចាប់​ជន​សង្ស័យ​ពាក់​ព័ន្ធ​​ក្នុង​ហេតុ​ការណ៍​នេះ ​បាន​​ចំនួន​ពីរ​នាក់ ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់យក​ទៅ​ទី​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​​ដើម​ថ្កូវ ដើម្បី​សាក​សួរ ។

ពេល​នាំ​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​នេះ​ទៅ​ដល់​ស្នាក់​ ការ​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ ជនពីរ​នាក់​នេះ​បាន​និយាយ​ប្រកែក​ដាច់​​អហង្កា​រ​ថា ​ពួក​ខ្លួន​មិន​បាន​ដេញ​វាយ​ជន​រង​គ្រោះ​​នេះទេ ​គឺ​ខ្លួ​ន​គ្រាន់​តែ​ឈរ​មើល​គេ​​វាយ​គ្នា​តែ​ប៉ុណ្ណោះ ។ ដោយ​យោង​​ទៅ​តាម​ការអះ​អាង​ និង​ការ​ចង្អុល​​បង្ហាញ​​ពី​ជន​រង​គ្រោះ​ខាង​លើ​​ ឃើញ​ថា ​​ជន​សង្ស័យ​ទាំង​ពីរ​​នាក់​នេះមិន​ពាក់​ព័ន្ធ​​នឹង​ហេតុ​ការណ៍​ទេ​ ហើយ​សមត្ថកិច្ច​ក៏​សម្រេច​ដោះ​លែង​​​ជន​សង្ស័យ​   ហើយ​​បាន​ប្រ​គល់​​ម៉ូតូ​ឱ្យជន​សង្ស័យ​ និង​​​​ជន​រង​គ្រោះវិញ​​ផង​ដែរ ។ ប៉ុន្តែ​​​ជន​រង​គ្រោះ​​បាន​ដាក់​ពាក្យបណ្តឹង​​​​នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​ ថ្កូវ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ក្រុម​ជន​ល្មើស​​យក​ផ្តន្ទា​ ទោស​តាម​ផ្លូវ​ច្បាប់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]