រាជ​ធា​នីភ្នំពេញ​ ៖ ចៅ​​ក្រម​សាលា​​ដំបូង​​រាជធានី​​ លោក​​​ឆែ វី​រៈ ​កាល​ពី​​ថ្ងៃទី​៨ កក្ក​ដា បាន​សម្រេច​ឃុំ​ខ្លួន​​​ជាង​ជួស​ជុល​ម៉ូតូ​​​​២នាក់​​​​ពាក់​ព័ន្ធ​​​​នឹង​ ការ​ប្រើ​​អំពើ​ហិង្សា​​ដោយ​ចេត​នា​​​លើ​អ្នក​លក់​​​គ្រឿង​បន្លាស់​ម៉ូតូ​​​ ២នាក់​​​បណ្តាល​ឱ្យ​​​រង​​របួស​ធ្ងន់​​​ ។ ជា​ង​​ជួសជុល​ម៉ូតូ​​​​ដែល​ចៅ​ក្រម​សម្រេច​​​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគា​​​​ ជា​បណ្តោះអា​សន្ន​​នេះ​ម្នាក់​​ឈ្មោះ​​​​ ជា​ ហេង​ ​ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​ហ៊ុន គៀន ​ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​ពួក​គេ​ស្នាក់​នៅ​ផ្ទះ​​ជួល​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​ ខណ្ឌ​មាន​ជ័យ ។

គួរ​បញ្ជាក់​​​​ថា កាល​ពី​ថ្ងៃ​ទី៥​ ក​ក្ក​ដា​​ ​វេលា​ម៉ោង​ប្រមាណ​ជាង​​២​រសៀល​​នៅ​កន្លែង​លក់​ម៉ូតូ​ជជុះ​​​ផ្លូវ​លេខ​​២៤៧ ​ សង្កាត់​​​ទឹក​ល្អក់​​​ទី​​៣​ ​នគរ​បាល​​ខណ្ឌ​ទួលគោក​​បាន​ធ្វើការ​​​​ឃាត់​ខ្លួន​​​ជាង​ជួស​ជុល​ម៉ូតូ​​​ ២នាក់​​​​ដូច​មាន​ឈ្មោះ​ខាង​លើ​ ។​ ជុំ​វិញ​ការ​ឃាត់​ខ្លួន​នេះ បណ្តាល​មក​ពី​​​ក្រុម​ជាង​ជួស​ជុល​​​ម៉ូតូ​​​នោះ​មាន​​​គ្នា​​​ប្រមាណ​១០​ នាក់​​ បាន​ផឹកសីុ​​​ស្រវឹង​​​ទាក់​ពាក្យ​​សម្តី​គ្នា​​​រក​រឿង​​វាយ​​តប់​ទៅ​លើ​​​ ​​ជាង​កាត់​សក់​​​ម្នាក់​​ ដែល​​​ស្ថិ​ត​​នៅក្នុង​​ក្រុម​​​គេ​នោះ​ដែរ។​ ឃើញ​ដូច្នេះ​​ អ្នក​លក់​គ្រឿង​​​បន្លាស់​​ម៉ូតូ​​​២នាក់​​​​បាន​ចេញ​មុខ​​​​​ទៅ​ជួយ​ឃាត់​​ ​កុំ​​ឱ្យ​មា​​ន​រឿង​វាយ​​​តប់​គ្នា​​​ ​ក៏​ត្រូវ​​​ក្រុម​ជាង​​​ជួស​ជុល​ម៉ូតូ​​​២នាក់​​នោះ​​វាយ​​បណ្តាល​ឱ្យ​​​រង ​របួស​​​​ធ្ងន់​​​​តែ​ម្តង​ ។ ជន​​រង​គ្រោះ​​ទាំង​​២នាក់​​​នោះ​ ម្នាក់ឈ្មោះសេង​ ​ឆៃ​ ​ភេទ​ប្រុស​ អាយុ​​​២១​ឆ្នាំ​ ​ស្នាក់​នៅ​​ផ្ទះ​លេខ​​​៧ ផ្លូវ​លេខ​​​៣៣៤​ សង្កាត់​​​បឹង​សាឡាង​​ ខណ្ឌ​ទួលគោក​​ ​ជា​​អ្នក​​លក់​គ្រឿង​​បន្លាស់​ម៉ូតូ​ រង​របួស​​​ផុង​លលាដ៍​ក្បាល​ធ្ងន់​ធ្ងរ​​ ត្រូវ​បញ្ជូន​​​ទៅ​​សង្គ្រោះ​នៅ​​ប្រទេស​វៀត​ណាម​ និង​ម្នាក់​ទៀត​​ឈ្មោះ ​គន តូ ​ភេទ​ប្រុស​ អាយុ​​៣២​ឆ្នាំ​​ ជា​​អ្នក​លក់​គ្រឿង​បន្លាស់​​​​ម៉ូតូ​​​ដែរ​ ស្នាក់​នៅ​​​ផ្ទះ​លេខ​​៣៣A ផ្លូវ​លេខ​​២៤៧​ សង្កាត់​ទឹក​ល្អក់​​ទី​​៣ ​រង​របួស​​​លើ​ផ្ទៃ​មុខ​​​​​កំពុង​​សង្គ្រោះ​នៅ​គ្លី​និក​​​ឯក​ជន​​​​មួយ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

សំ​ណុំ​រឿង​​​នេះ នគរ​បាល​​​បាន​ធ្វើ​ការ​​​សន្និ​ដ្ឋាន​​​ដាក់​ចូល​​​សាលា​ដំបូង​​​រា​ជ​ធានី ​​ភ្នំពេញ​​​ ​ដោយ​បាន​​បញ្ជាក់​​​ថា ​មុន​កើត​ហេតុ​​​​ភាគី​​​ជន​រង​គ្រោះ​​​​កំពុង​អង្គុយ​លក់​ដូរ​​​ធម្ម​តា​​​ ចំណែក​ក្រុម​​​​ជន​សង្ស័យ​​​ពេល​​ត្រឡប់​មក​ពី​​ផឹក​សីុ​វិញ​​ បាន​ទៅ​រក​រឿង​​វាយ​​​ជាង​កាត់​សក់​ម្នាក់​​ឈ្មោះតាំង​ សេង​ហៀង​ ​​អាយុ​២៥​ឆ្នាំ​​ ​ដោយ​ពុំ​ដឹង​មូល​ហេតុ​ ។​ ឃើញ​ដូច្នេះ​​​​ជន​រង​គ្រោះ​ពី​រ​នាក់​​​​នោះ​បាន​ចេញមុខ​​​ទៅ​ឃាត់​​​​ ក៏​ត្រូវ​​​​​ជន​សង្ស័យ​​​មាន​គ្នា​ប្រមាណ​១០​នាក់​​​ព្រួត​គ្នា​​វាយ​​​ ដែល​​ខ្លះ​ប្រើ​​​ដែក​​ខ្នង​​កង់​ម៉ូតូ​​ ​ខ្លះ​ប្រើ​​​ញញួរ​ ស្ទុះ​​ទៅ​វាយ​​បណ្តាល​ឱ្យ​​រង​​​​របួស​ធ្ងន់​​ ។

យោង​តាម​​អង្គ​ហេតុ​​​ដូច​​​​​​​សមត្ថ​កិច្ច​បាន​ធ្វើ​របាយ​ការណ៍​​​ខាង​ លើ​​ និង​ការ​​​សាក​សួរ​​​ជន​សង្ស័យ​​​​ពី​សំណាក់​​​​​តំណាង​​អយ្យ​ការ​​​​មាន​ ភាព​​​ស៊ីសង្វាក់​​​គ្នា ​ទើប​ព្រះ​រាជ​អាជ្ញា​​​រង​ លោក​​​សៀង សុខ​ បាន​ចោទ​ប្រកាន់​​​​ជន​សង្ស័យ​​​ទាំង​​២នាក់​​​ជា​ផ្លូវ​ការ​​​ពីបទ​ប្រើ​​ អំពើ​​ហិង្សាដោយ​ចេត​នា​​​មាន​ស្ថាន​ទម្ងន់​ទោស ។ បន្ទាប់​ពីមាន​ការ​ចោទ​​​ប្រកាន់ជា​ផ្លូវ​ការ​ហើយ ​លោក​ព្រះ​រាជ​អាជ្ញា​​រង​​បាន​​ចាត់​បញ្ជូន​​​សំ​ណុំ​រឿង​​​​ដាក់​​​ជូន​​ ចៅ​ក្រម​​​ស៊ើប​​សួរ​​ លោក​​​ឆែ វី​រៈ ​សម្រេច​​ឃុំ​ខ្លួន​​​ជាង​ជួស​ជុល​​ម៉ូតូ​ទាំង​២​នាក់​​​នេះ​ដាក់​​ពន្ធ​ នាគា​​រ​​ជា​បណ្តោះ​​អាសន្ន​​​ ដើម្បី​រង់​​ចាំ​បើក​ការ​ស៊ើប​​អង្កេត​​​បឋម​​ និង​​​ឈាន​​ទៅ​​​សវ​នា​ការ​​​ផ្តន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]