ថៃ៖ វាគឺជារឿង ដែលគួរ ឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានការ បោះពុម្ភផ្សាយ សៀវភៅ មួយក្បាលដែល ចាត់ទុក ថាថៃ ដែលជាប្រទេស ជិតខាងរបស់កម្ពុជា គឺជាប្រទេស ដែលគ្រោះថ្នាក់ បំផុតមួយ សំរាប់ ភ្ញៀវទេសចរ បរទេស ដែលទៅកំសាន្ត នៅទីនោះ។ លោក John Stapleton អ្នកនិពន្ធជនជាតិ អូស្ត្រាលី  និងជាអ្នក សរសេរ សៀវភៅខាងលើ បានសង្កត់ធ្ងន់ថា មូលហេតុ ដែលចាត់ទុកប្រទេសថៃជា ប្រទេសគ្រោះថ្នាក់ សំរាប់ អ្នកទេសចរ គឺដោយសារ អំពើពុករលួយ របស់ស្ថាប័ន ប៉ូលិស អំពើហិង្សា បទឧក្រិដ្ឋ និងមនុស្សឃាត ដែលតែងតែកើត មានជារឿយៗ លើភ្ញៀវទេសចរ ដែលមកកំសាន្ត នៅក្នុងប្រទេសថៃ។

ក្នុងសៀវភៅដែល មានចំណងជើងថា Thailand: Deadly Destination (ថៃឡង់ដ៍៖ ទីសំដៅទៅ រកសេចក្តីស្លាប់) របស់លោក បានលាតត្រដាងអំពី ដំណើរវិវត្តន៍ របស់វិស័យទេសចរណ៍ ក្នុងប្រទេស ថៃ ជាពិសេសគឺការផ្ទុះ ឡើង នៃកំណើន ភ្ញៀវទេសចរ បរទេសកាន់តែ ច្រើនឡើងៗ ពីមួយឆ្នាំ ទៅមួយ ឆ្នាំ ដែលមកកំសាន្ត នៅប្រទេសថៃ ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩៦០ មក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល ពិសេសអាជ្ញាធរថៃ បែរជាព្រងើយ កន្តើយចំពោះ សុវត្ថិភាពភ្ញៀវទេសចរបរទេស ដែលបណ្តាលឲ្យមាន ឃាតកម្ម និង គ្រោះថ្នាក់ សំលាប់ភ្ញៀវទេសចរ អស់ជាច្រើន នាក់រួចមកហើយ មកទល់ នឹងពេលនេះ។


សៀវភៅ Thailand: Deadly Destination ដែលសរសេរដោយលោក Stapleton

John Stapleton បាននិយាយថា ចំនួននៃការស្លាប់ របស់ភ្ញៀវទេសចរ បរទេស ក្នុងប្រទេសថៃតែង តែត្រូវបានគេ ទុកចោល និង មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ នេះគឺជារឿងអាស្រូវ ដ៏គួរឲ្យអៀន ខ្មាសមួយ នៅក្នុង វិស័យទេសចរណ៍ សម័យទំនើប ដូចជាសព្វថ្ងៃនេះ។ តាមតួលេខ ដែលបង្ហាញ ដោយ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា នៅចន្លោះឆ្នាំ ២០១១ ដល់២០១២ មាន ភ្ញៀវទេសចរ ជនជាតិ អង់គ្លេស ចំនួន ២៩៦ នាក់បានស្លាប់ក្នុងប្រទេសថៃ ហើយពីឆ្នាំ ២០១២ ដល់ ២០១៣ មានជនជាតិ អង់គ្លេស ៣៨៩ នាក់ផ្សេងទៀត បានស្លាប់ជាបន្តបន្ទាប់។ សំរាប់ឆ្នាំ២០១៤ គិតត្រឹម ខែមេសា មានជនជាតិអង់គ្លេស ចំនួន ៣៦២ នាក់ បានស្លាប់ និង ២៦៧ នាក់រងរបួស សម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងប្រទេសថៃ។

យ៉ាងណាមិញ រដ្ឋាភិបាលនៃ ប្រទេសអង់គ្លេស ក៏បានចេញ សេចក្តី ព្រមានជារៀងរាល់ឆ្នាំ ដល់ភ្ញៀវ ទេសចរ ជនជាតិអង់គ្លេស ជាង ៨៦០,០០០ នាក់ ដែលទៅ កំសាន្ត នៅប្រទេសថៃ ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ផងដែរ។ ប៉ូលិសក្នុងប្រទេសថៃ មិនបាន យកចិត្តទុក ដាក់ពី ការប្តឹងផ្តល់របស់ ភ្ញៀវទេសចរ ចំពោះបញ្ហាដែល គេជួបប្រទះនៅតាមទីកំសាន្ត បារ (Bar) ក្លឹបរាត្រី ប៉ុន្មាននោះទេ ដោយសារតែពួកគេ ទទួលសំណូក ពីសំណាក់ ម្ចាស់អាជីវកម្ម ទាំងនោះ។ អំពើចោរកម្ម អំពើហឹង្សា ការប្រើប្រាស់ថ្នាំញៀន និង ឃាតកម្ម លើភ្ញៀវទេសចរ បរទេស តែងតែកើតមានជារៀងរាល់ថ្ងៃ ក្នុងប្រទេសថៃ។

គូសបញ្ជាក់ផងដែរថា លោក Stapleton ដែលជា អ្នកនិពន្ធសៀវភៅ Thailand: Deadly Destination ធ្លាប់ជា អ្នករាយការណ៍ព័ត៌មាន ប្រចាំសារព័ត៌មាន The Sydney Morning Herald ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៤ ហើយពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៩ គាត់បានផ្លាស់ទៅធ្វើនៅសារព័ត៌មាន The Australian វិញ។ លោក Stapleton ទៅលេងប្រទេសថៃ ដំបូងក្នុងឆ្នាំ ១៩៧០ ហើយក្រោយមក គាត់ធ្លាប់ទៅ រស់នៅទីនោះនៅក្នុងឆ្នាំ ២០១០ ផងដែរ៕




លោក Stapleton(បុរសខាងស្តាំ)អតីតអ្នកសារព័ត៌មាន និងជាម្ចាស់សៀវភៅ Thailand:Deadly Destination 

 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]