ភ្នំពេញ៖ អ្នកលេងកម្លាំងយក្ស កែវ រំចង់ ត្រូវបានបាក់មុខបាក់មាត់ចំពោះមហាជនរាប់ ពាន់នាក់នៅថ្ងៃចុងក្រោយនៃរាជ ពិធីបុណ្យអុំទូក កាលយប់ពីថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញនេះដោយសារត្រូវសិស្សប្អូន ម៉ឺន សុភា ប្រើកណ្ដាប់ដៃឥត ស្រមោលរបស់ខ្លួនវាយឲ្យ កែវ រំចង់ បោះបង់ការប្រកួតត្រឹមទឹកទី២នោះ ។

ជំនួបសងសឹករវាងជើងខ្លាំងទាំងពីររូបនៅលើសង្វៀន សួនច្បារមុខវត្តបទុមវត្ដីនោះ បានទាក់ទាញអ្នកស្នេហា វិស័យកីឡាប្រដាល់រាប់ពាន់នាក់ឲ្យចូល រួមទស្សនា ។ ការប្រកួតក្នុងទឹកទី១ សិស្សគុនក្លឹបកងពលតូចអន្ដរាគមន៍លេខ ៨ភ្នំទ្រព្យ កែវ រំចង់ ដោយសារមានគំនុំចាស់ និងចង់ស្ដារកិត្តិយសខ្លាំងឡើងវិញអ្នកលេងអាងកម្លាំងបាយរូបនេះ បានព្យាយាមវាយសម្រុកយ៉ាងសន្ធឹកសន្ទាប់ទៅលើ ម៉ឺន សុភា ប៉ុន្ដែអ្នកលេងកណ្ដាប់ដៃគ្មានមេត្ដាមកពីក្លឹប ក្រសួងការពារជាតិរូបនេះហាក់មិនមានអារម្មណ៍តក់ស្លុត ដោយសារការគម្រាមកំហែងពីសិស្សច្បង កែវ រំចង់ ឡើយ ។

ចូលដល់ទឹកទី២ ស្ថានភាពរឹតតានតឹងនៅដើមទឹកដោយសារ កែវ រំចង់ ប្រើកម្លាំងវាយទាំងកម្រោលពេកដែលជាហេតុ ធ្វើឲ្យ ម៉ឺន សុភា ទប់អារម្មណ៍បានក៏បញ្ចេញស្នៀតពិសេសរបស់ខ្លួន គឺការប្រើកណ្ដាប់ដៃដាល់ទៅលើផ្ទៃមុខ កែវ រំចង់ ផ្ទួនៗធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់៨ចំនួន២លើក ។ ប៉ុន្ដែដោយសារមហិច្ឆតាគ្មានការគិតរបស់ កែវ រំចង់ គេនៅតែស្ទុះក្រោកឈរបន្ដការប្រកួតដោយឈរឲ្យ ម៉ឺន សុភា ដាល់ផ្ទៃមុខដូចដាល់បាវសាក់អញ្ចឹង ទីបំផុតអាជ្ញាកណ្ដាលក៏បញ្ឈប់ ការប្រកួតតែម្ដងដោយឲ្យ ម៉ឺន សុភា ជាអ្នកឈ្នះតែម្តង ។

សូមបញ្ជាក់ថា កាលពីដើមខែសីហាកន្លងទៅ កែវ រំចង់ ធ្លាប់បានបរាជ័យដោយពិន្ទុ ក្រោមកណ្ដាប់ដៃសិស្សប្អូន ម៉ឺន សុភា ម្ដងរួចហើយ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ប្រចាំខែ របស់ក្រុមហ៊ុនគូបូតានៅស្ថានីយ៍ទូរទស្សន៍បាយ័ន ។ ដូច្នេះការចាញ់លើកនេះ គឺជាលើកទី២ហើយ ដែលក៏ជាការបរាជ័យដ៏អាម៉ាស់ បំផុតផងដែរដោយសារមានទស្សនិក ជនចូលរួមទស្សនា ច្រើនជាងលើកមុនៗទៅទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]