ឡាវ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជាបានបញ្ចប់ បេសកកម្ម របស់ខ្លួនហើយ កាលពីថ្ងៃម្សិលមិញ ក្នុងយុទ្ធនាការ ការប្រកួត បាល់ទាត់ ប្រចាំតំបន់អាស៊ាន AFF Suzuki Cup វគ្គជំរុះ។ បើទោះជាមិន បាន ឈានទៅកាន់វគ្គបន្ទាប់ក្តីតែថ្ងៃប្រកួតបិទឆាកកម្ពុជា ធ្វើបានយ៉ាងល្អ ដោយ យក ឈ្នះ ក្រុមជម្រើសជាតិ ព្រុយណេ ១ ទល់នឹង ០ ដើម្បីហក់ទៅកាន់ ចំណាត់ថ្នាក់លេខ ៣ក្នុងតារាងពិន្ទុដែល មាន ៥ ប្រទេសចូលរួម។

ខ្សែប្រយុទ្ធ ពាក់លេខ ១៧ របស់កម្ពុជាគឺ កីឡាករ ឈិន ឈឿន ជាអ្នកនាំសំណាង ស៊ុតបញ្ចូលទីឲ្យក្រុម កម្ពុជាបានសំរេចនៅនាទី ទី ៥៦ ដើមតង់ទី២ នៅលើទីលានវាលស្មៅ កីឡដ្ឋាន Chao Anouvong។ ឆ្លងកាត់ការប្រកួតចំនួន៤ ប្រកួតរបស់ ប្រទេសទាំង៥ រួចមក ក្រុម២ ដែលបានឈាន ទៅកាន់វគ្គបន្ត គឺប្រទេស មីយ៉ាន់ម៉ា ដែលទទួលបានលេខ១ក្នុងតារាង មាន ១០ ពិន្ទុ និងបន្ទាប់គឺម្ចាស់ផ្ទះ ឡាវ ដែលបញ្ចប់ ក្នុងចំណាត់ថ្នាក់ លេខ២ មាន៩ ពិន្ទុនៅក្នុងដៃ។ ដោយឡែក ក្រុមកម្ពុជាទទួលបានលេខ ៣ មាន ៦ពិន្ទុ, លេខ៤ ទីម័រខាងកើតមាន ៤ ពិន្ទុ និងចុងក្រោយគឺ ប្រទេសព្រុយណេ ឈរនៅបាត តារាង មាន០ ពិន្ទុ ចំនែកឯខ្សែប្រយុទ្ធដែល ស៊ុតបញ្ចូលទីបាន ច្រើនជាងគេ គឺបានទៅលើ កីឡាករ សុក ចាន់រស្មី របស់កម្ពុជា និង កីឡាករ S- Vongchiengkham របស់ក្រុមជម្រើសជាតិឡាវ។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បាល់ទាត់ ប្រចាំតំបន់អាស៊ាន AFF Suzuki Cup គឺប្រព្រឹត្តទៅរាល់ ២ ឆ្នាំម្តង ហើយនៅឆ្នាំ២០១៦ ព្រឹត្តិការណ៍ នេះនឹងត្រូវធ្វើឡើងម្តងទៀត ដោយមានប្រទេស២ ធ្វើជា សហម្ចាស់ផ្ទះ រួមមាន មីយ៉ាន់ម៉ា និងភីលីពីន ចំណែកឯម្ចាស់ផ្ទះក្នុង វគ្គជំរុះ គឺបានមកលើ ព្រះរាជាណាចក្រកម្ពុជាយើង ដូច្នេះប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់នឹងអាច ចូលរួម ទស្សនា និងលើកទឹកចិត្ត ក្រុមជម្រើសជាតិយើងបាន នៅទីលានពហុកីឡដ្ឋានជាតិ អូឡាំពិក៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]