ឡាវ៖ ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក Lee គ្រូបង្វឹក ជនជាតិកូរ៉េខាងត្បូង បានបរាជ័យថ្ងៃបើកឆាក ក្នុងកម្មវិធី AFF Suzuki Cup វគ្គជម្រុះ ក្រោយចាញ់ម្ចាស់ផ្ទះឡាវ ២ ទល់នឹង ៣ យ៉ាងប្រផិតប្រផើយ។

ការប្រកួតរវាង ក្រុមទាំង២ ធ្វើឡើងនៅកីឡដ្ឋាន National Sports Complex កាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈដែល ឡាវគឺជាម្ចាស់ផ្ទះ សំរាប់ការប្រកួត វគ្គជម្រុះនេះ។ នៅតង់ទី១ លទ្ធផលរវាង ក្រុមទាំង២ បញ្ចប់ទៅត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ ប៉ុន្តែចាប់ផ្តើម ការប្រកួតតង់ទី២ បាន ៨ នាទី ពោលគឺនៅនាទី ទី ៥៣ កីឡាករលេខ៧ របស់ឡាវឈ្មោះ Khonesavanh Sihavong បានស៊ុត បញ្ចូលទី នាំមុខឲ្យក្រុម ម្ចាស់ផ្ទះ បានសំរេច បន្ទាប់មកនៅនាទី ៧០ កីឡាករលេខ ២៥ របស់ឡាវ ឈ្មោះ Khampheng Sayavutth បានស៊ុតបញ្ចូលទីកម្ពុជា បានមួយគ្រាប់ទៀត ធ្វើឲ្យឡាវនាំមុខ ក្រុមកម្ពុជា ២ ទល់នឹង ០។

បើទោះជារងសម្ពាធ ពីការនាំមុខរបស់ម្ចាស់ផ្ទះ យ៉ាងណាក៏ដោយ ក៏ក្រុមកម្ពុជាមិនបានបាក់ទឹកចិត្ត ដែរ ពោលគឺនៅនាទី ទី ៧២ កីឡាករ ឡាបូរ៉ាវី (Khuon Laboravy) ដែលពាក់លេខ ៩ របស់កម្ពុជា បានស៊ុតបញ្ចូលទីតាម ពីក្រោយឡាវបាន១គ្រាប់វិញ ហើយរំលងបាន ៣ នាទី គឺក្នុងនាទី ៧៤ ខ្សែប្រយុទ្ធ សុខ ចាន់រស្មី (Sok Chanramsey) បានស៊ុតបញ្ចូលទីគ្រាប់ទី២ ឲ្យកម្ពុជាស្មើម្ចាស់ផ្ទះ ឡាវ ២-២ នៅចំពោះ មុខអ្នកគាំទ្រឡាវរាប់ពាន់នាក់។ ទោះជាយ៉ាងណាក៏ដោយ នៅនាទី ទី៨០ ម្ចាស់ ឡាវស៊ុតបាល់ហ្រ្វីឃីត (Free kick) បញ្ចូលទីកម្ពុជាបាន យ៉ាងល្អ ដែលធ្វើបានដោយកីឡាករ លេខ២៥ ដដែលគឺកីឡាករ Khampheng Sayavutth។

លទ្ធផលមិនមាន ការប្រែប្រួលនោះទេ រហូតដល់បញ្ចប់ការ ប្រកួតផ្លូវការគឺឡាវ យកឈ្នះកម្ពុជា ៣-២ នៅការប្រកួតបើកឆាក។ បើទោះជា កម្ពុជាចាញ់ឡាវ ក៏ពិតមែន ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់ អស់សង្ឃឹមនៅ ឡើយ ដោយសារកម្ពុជានៅសល់ ៣ប្រកួតទៀត នៅក្នុង ដៃ។ ការប្រកួតបន្ទាប់ របស់ ក្រុមជម្រើសជាតិកម្ពុជា គឺធ្វើឡើងនៅថ្ងៃ ១៦ ខែតុលា ដោយត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិ ទីម័រខាងកើត វេលាម៉ោង ៣ និង៣០ នាទី (ម៉ោងនៅកម្ពុជា)៕



តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះលទ្ធផលនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]