ភ្នំពេញ៖ តារាសម្តែងស្រីទើបភ្ជាប់ និស្ស័យស្នេហ៍ ជាមួយបុរសអាណិកជនខ្មែរ អាមេរិកកញ្ញា មាស សម្ផស្ស ថ្មីៗនេះមាន ព័ត៌មាន លេចឮថា តារាស្រីរូបនេះ កំពុងតែបរាជ័យលើមុខជំនួញ ផ្ទាល់ខ្លួនខាងក្រៅ ស្របពេលដែលហាងរបស់នាង នៅម្តុំផ្សារទួលទំពូង កំពុងតែ ប្រឈមនឹងការបិទទ្វារ ផ្អាកដំណើរ ការលក់យ៉ាង តក់ក្រហល់។

ផ្អែកតាមប្រភពច្បាស់ការ ពីមជ្ឈដ្ឋានអ្នករស់នៅក្បែរនោះ បាននិយាយថា ភោជនីយដ្ឋាន មួយកន្លែង របស់តារាសម្តែង មាស សម្ផស្ស មានឈ្មោះថា RED STAR ដែលមានទីតាំង នៅក្បែរផ្សារទួលទំពូង បច្ចុប្បន្នត្រូវបានបិទទ្វារផ្អាកដំណើរការលក់ ប្រមាណជាង ៣ ខែមកហើយ ពោលគឺចាប់តាំង ពីមុនរដូវបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ។

ប្រភពដដែលបានបន្តទៀតថា មាស សម្ផស្ស ក្រៅពីទទួលបានភាពកក់ក្តៅ ល្អូកល្អឺនជាមួយសង្សារថ្មី ជាកូនអ្នកមានទ្រព្យស្តុក នៅទឹកដី អាម៉េរិកមកនោះ ទាំងសាច់ទាំងឈាម និងសម្រស់ក៏កាន់តែរីក ស្រស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ មិនតែប៉ុណ្ណោះ បុរសសង្សាររូបនេះ ក៏បាន ចំណាយលុយ មិនតិចជាងម៉ឺន ដុល្លារ នោះទេ ដើម្បីបើកហាងរកស៊ី ខាងក្រៅឲ្យតារាសម្តែងនាង មាស សម្ផស្ស ចាំអង្គុយធ្វើជា ថៅកែ ខ្លួនឯង ។ ប៉ុន្តែផ្ទុយទៅវិញ ដំណើរការបើកហាងថ្មីនេះ មិនទាន់បានយូរប៉ុន្មានផង ក៏ធ្លាយដំណឹងថា នាងត្រូវបានបរាជ័យ លើមុខជំនួញមួយនេះទាំងអាម៉ាស់ ។
បើតាមការ សន្និដ្ឋាន បានឲ្យថា ការបង្ខំចិត្តបិទទ្វារហាង ពីសំណាក់តារាសម្តែង មាស សម្ផស្ស នៅពេលនេះ អាចបណ្តាលមកពីការខ្វះ នូវសមត្ថភាព ក្នុងការគ្រប់គ្រង ទើបបានជាធ្វើឲ្យហាង RED STAR របស់នាងជាប់គាំង ផ្នែកសេដ្ឋកិច្ច ដំណើរការទៅមុខទៀតលែងរួច រហូតទទួល ភាពបរាជ័យយ៉ាងដូច្នេះ។

យ៉ាងណាមិញ បើតាមការឲ្យដឹងពីសំណាក់លោក ឌី អនាគតស្វាមីរបស់កញ្ញា មាស សម្ផស្ស តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤នេះ បាននិយាយប្រាប់គេហទំព័រ LookingTODAY ថា ចំពោះការបិទទ្វារហាង RED STAR នៅម្តុំផ្សារទួលទំពូងនេះ គឺពុំមែនបណ្តាល មកពីការខាតបង់ ឬ មួយក្ស័យធុននោះទេ។

ម្ចាស់ស្នេហ៍ មាស សម្ផស្ស លោក ឌី បានបញ្ជាក់ថា យើងបិទហាងហ្នឹង មិនមែនមកពីការខាតបង់ទេ គឺជាការផ្លាស់ប្តូរទីតាំងថ្មីតែប៉ុណ្ណោះ ហើយសម្រាប់ទីតាំង ដែលយើងត្រូវបើកថ្មីនោះ គឺនៅម្តុំផ្សារ ច្បារអំពៅ ។ សព្វថ្ងៃនេះ ជាងកំពុងតែរៀបចំដេគ័រ និង លាបថ្នាំតុបតែង សោភ័ណ្ឌភាពថ្មី ។

លោក ឌី បានបន្ថែមថា ហាង RED STAR នៅម្តុំផ្សារទួលទំពូង ទើបតែផ្អាកដំណើរការ បានប្រហែលជា៤ ខែនេះទេ។ ចំណែកការ ទៅបើក ដំណើរការហាងថ្មី នៅទីតាំងថ្មីផ្សារច្បារអំពៅនេះ គឺ លោកទុកឲ្យបងថ្លៃ និង ប្អូនជាអ្នកមើលការខុសត្រូវ ជំនួសហើយរូបលោក និង កញ្ញា មាស សម្ផស្ស ក្រោយពេលរៀបការរួច គឺត្រូវទៅមើលការខុសត្រូវ ហាងរកស៊ីនៅឯសហរដ្ឋអាម៉េរិកវិញ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]