ភ្នំពេញ ៖ ភរិយាលោក អ៊ឹង ប៊ុនលាភ គឺអ្នកនាងម៉ុក ភក្តី បានរៀបចំសំណុំឯកសារ ដាក់ពាក្យបណ្តឹង ប្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១២នេះ ដើម្បីសុំលែងលះតាមផ្លូវច្បាប់ ខណៈដែលលោក អ៊ឹង ប៊ុនលាភ ដែលបានបាត់ខ្លួនអស់រយៈពេលជិត១ខែនោះ ក៏កំពុងដាក់ពាក្យប្តឹង ភរិយា របស់ខ្លួនពី បទតាមរំខាន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដូចគ្នា ដែលជារឿងមិនគួរឲ្យជឿ ។

វាជារឿងមួយ ដែលគួរឲ្យមានភាពភ្ញាក់ផ្អើលជាទីបំផុត នៅក្នុងមជ្ឈដ្ឋានសិល្បៈ ខណៈដែលលោក អ៊ឹង ប៊ុនលាភម្ចាស់បទ "រំដួលដូរដី" បានចាកចេញពីផ្ទះបាត់ដំណឹង សូន្យឈឹង ធ្វើឲ្យអ្នកនាង ម៉ុក ភក្តី បានខិតខំតាមរកគ្រប់ច្រកល្ហក តែពេលលេចវត្តមានស្វាមីបែបជា ដាក់ពាក្យបណ្តឹង ប្តឹងភរិយា របស់ខ្លួន ដែលធ្លាប់រួមរស់ជាមួយគ្នា អស់រយៈពេលជាង៦ឆ្នាំ ពីបទតាមរំខាន សេចក្តីសុខរបស់លោកទៅវិញ ធ្វើឲ្យអ្នកណាៗ ក៏គេឆ្ងល់ដែរថាហេតុអ្វី បានជាតារាចម្រៀង អ៊ឹងប៊ុនលាភ ធ្វើបែបនេះ ? ឬ មួយក៏ទង្វើររបស់លោក អ៊ឹង ប៊ុនលាភ ត្រូវបានគេបញ្ជាពីក្រោយខ្នង ដែលអ្នកបញ្ជានោះ គេសង្ស័យថា គឺជាមនុស្សស្រីមានឋានៈជាជំទាវ ដែលបានចាប់ពង្រត់ លោក កាលពីពេល ១ខែមុន។

អ្នកនាង ម៉ុក ភក្តី ជាភរិយា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀល ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១២នេះថា " ខ្ញុំបានដាក់ពាក្យប្តឹងប្រកាសរករូបគាត់ (អ៊ឹង ប៊ុនលាភ ) ដើម្បីឲ្យមកផ្តិតមេដៃ លែងលះជាមួយខ្ញុំ ព្រោះអ្វីៗដែលគាត់រស់នៅជាមួយខ្ញុំសព្វថ្ងៃ គាត់បានបំផ្លាញអស់ហើយ " ។

អ្នកនាងបានបញ្ជាក់ យ៉ាងច្បាស់ៗទៀតថា " ខ្ញុំបានរៀបចំឯកសារភស្តុតាង រួចរាល់អស់ហើយ ដើម្បីប្តឹងបកទៅវិញ ដោយមានមេធាវី ជាអ្នករៀបចំឯកសារទាំង អស់នោះ ។ ខ្ញុំឆ្ងល់ថា.. ប្តីខ្ញុំបានដាក់ពាក្យប្តឹងខ្ញុំ ពីបទរំខាន ខ្ញុំចង់សួរថា រំខានស្អី...? រំខានត្រង់ណា..? បើបាត់១ខែ គ្មានដំណឹងគាត់បន្តិចផងហ្នឹង...! អាហ្នឹង..! គេហៅថារំខានឬ..? គាត់បានប្រាប់ថា ទៅហូបបាយ តែមួយភ្លែតទេ.. ហើយក៏បាត់រហូត តើទង្វើរបែបនេះគេហៅថា រំខានឬ ? ខ្ញុំគិតថាពាក្យបណ្តឹងនេះ មិនមែនជា ពាក្យបណ្តឹងរបស់ប្តីខ្ញុំទេ ព្រោះខ្ញុំ និងគាត់បានស្គាល់ចិត្តថ្លើមគ្នាច្បាស់លាស់ណាស់ ប្តីរបស់ខ្ញុំមិនអាច ធ្វើបែបហ្នឹងទេ ? បើប្តីខ្ញុំបានប្តឹងមែន អូខេ...! ឲ្យគាត់មក តទល់ជាមួយខ្ញុំនៅចំពោះមុខច្បាប់ ។ ខ្ញុំយល់ថា នេះជាពាក្យបណ្តឹងក្លែងក្លាយ ដែលប្តីខ្ញុំផ្ទាល់គាត់ប្រហែលមិនជាមិនដឹងខ្លួនផង? ហើយមានគេបង្ខំគាត់ឲ្យផ្តិតមេដៃ លើពាក្យបណ្តឹងនេះ.... សាកគិតមើលទៅ....! ប្រពន្ធបាត់ប្តីជិត១ខែខំតាមរក ប្តីចេញមុខមក បានប្តឹងប្រពន្ធខ្លួនឯងទៅវិញ វាមិនដែលឮទាល់តែសោះ " ។

ទោះបីជាយ៉ាងណា អ្នកនាង ម៉ុក ភក្តី មានជំនឿចិត្តយ៉ាងមុតមាំថា ពាក្យបណ្តឹងដែលនៅក្នុងដៃតុលាការ គឺជាបណ្តឹងក្លែងក្លាយ ដែលមានអ្នកទី៣នៅខាង ក្រោយខ្នង បង្ខំ លោក អ៊ឹង ប៊ុនលាភ ធ្វើបែបនេះ ហើយអ្នកនាងបានប្រកាសថា សូមឲ្យអ្នកនៅពីក្រោយខ្នងនោះចេញមក ដើម្បីតតាំងជាមួយគ្នាឲ្យដឹង ស ខ្មៅ ព្រោះនាងជា ភរិយា ពេញច្បាប់ ថ្វីបើមិនមានសំបុត្រអាពាហ៍ពិពាហ៍ ក្នុងស្រុកខ្មែរ តែនាងនិងស្វាមីបានចុះសំបុត្រអាពាហ៍ ពិពាហ៍នៅអាមេរិករួចរាល់ហើយដែរ ។

មជ្ឈដ្ឋានអ្នកសិល្បៈ ក៏បានលើកឡើងដែរថា អ្នកនាងម៉ុក ភក្តី ជាភរិយា មានសិទ្ធិគ្រប់គ្រាន់ ដើម្បីតតាំងតាមផ្លូវច្បាប់ ហើយគេក៏មិនដែរជឿថា លោក អ៊ឹង ប៊ុនលាភ ហ៊ានដាច់ចិត្តដាក់ពាក្យប្តឹង ទៅលើប្រពន្ធខ្លួនឯង ដែលធ្លាប់កំសត់កម្រ រស់នៅជាមួយគ្នា អស់រយៈពេលជាង ៦ឆ្នាំមកនោះឡើយ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]