ចិន៖ ល្អាងរូងភ្នំដែលធំជាងគេ នៅលើពិភពលោកយើងនេះគឺ ស្ថិតនៅក្នុងប្រទេសចិន នេះបើតាម ព័ត៌មានដែលផ្សព្វផ្សាយដោយ National Geographic ។ ល្អាងដ៏ធំមហិមានេះមានឈ្មោះហៅថា Miao ត្រូវបានគេអះអាងថាជា ល្អាងធំជាងគេនៅលើលោក ជាមួយនឹង ទំហំ ជាង ១០,៧៨ លាន ម៉ែត្រគូប ឯណោះ។

ការកំណត់បានអំពី ទំហំរបស់ល្អាងខាងលើនេះ គឺគេធ្វើឡើងដោយការប្រើប្រាស់ឧបករណ៍ កាំរស្មី Laser ហើយជាលទ្ធផលបានបង្ហាញថា រូងភ្នំ Miao មានទំហំធំជាង រូងភ្នំ Sarawak របស់ម៉ាឡេស៊ី (ពីមុនគេធ្លាប់ គិតថា Sarawak ជារូងភ្នំធំជាងគេនៅលើលោក) រហូតដល់១០ ភាគរយ។

រូងភ្នំ Miao មានទីតាំង ស្ថិតនៅតំបន់ឧទ្យានជាតិ Ziyun Getu He Chuandong ស្ថិតនៅក្នុងខេត្ត Guiyang ប្រទេសចិន។ តំបន់នោះ មិនមែន មានត្រឹមតែរូងភ្នំ Miao តែមួយនោះទេ តែវាសំបូរទៅ ដោយរូងភ្នំដទៃទៀតដែលភាគច្រើនគឺស្ថិតនៅក្នុងខេត្ត Guangxi និងខេត្ត Guizhou។ ទីនោះធ្លាប់ ត្រូវបានគេថតជាវីដេអូ ឯកសារជាលើកដំបូងក្នុងឆ្នាំ ១៩៨៩ ប៉ុន្តែទើបតែក្នុងឆ្នាំមុនប៉ុណ្ណោះ ដែលសាកលវិទ្យាល័យ Lancaster របស់ចក្រភពអង់គ្លេស បានរកឃើញពីទំហំជាក់លាក់របស់វា។

លោក Tim Allen អ្នកសិក្សាអំពី ល្អាងភ្នំនៅប្រទេសចិន បានមានប្រសាសន៍ថា ការរកឃើញល្អាងភ្នំ Miao នេះគឺហាក់បីដូចជារកឃើញ ជួរភ្នំ ហិមាល័យ (Himalaya) ដូច្នោះដែរ ដោយសារ វាមាន ទំហំធំជាងភ្នំ អេវើរ៉េស ទៅទៀត (Everest)។ ល្អាងភ្នំទាំងមូលអាចឲ្យ យន្តហោះ Boeing ប្រភេទ 747 មួយ ហោះចូលបាន ហើយវាមានជំរៅ ជាង ១០០ ម៉ែត្រឯណោះទៅក្នុងដី។

ថ្មនៅក្នុងល្អាងនេះ គឺជាប្រភេទថ្មកំបោរ ដែលតាមការប៉ាន់ស្មានអាយុកាលរបស់ល្អាងភ្នំនេះគឺ មិនតិចជាង ៦០០ លានឆ្នាំនោះទេ។ បើទោះ ជា គេបានដឹងពីទំហំដ៏មហិមា របស់វាក៏ពិតមែន ប៉ុន្តែ នៅមានផ្នែកជាច្រើនកន្លែងទៀត នៅក្នុងល្អាងដែលគេមិនបាន ទាន់ទៅដល់ និង ត្រូវការ ពេលវេលា ច្រើនទៀតដើម្បីស្រាវជ្រាវ៕






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]