ភ្នំពេញៈ ដើម្បីជាការលើកកម្ពស់ និងថែរក្សាបាននូវកិត្តិយស ប្រទេសជាតិ ព្រមទាំងសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំកំពូល អាស៊ាន នាពេលខាងមុខ សាលាខណ្ឌសែនសុខ បានព្រមានម្ចាស់រថយន្តតាក់ស៊ី ចតគ្មានសណ្តាប់ធ្នាប់។

យោងតាមគេហទំព័រ សាលារាជធានីភ្នំពេញ ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរដែនដី ដើម្បីថែរក្សាសន្តិសុខ-សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ប្រមុខនៃថ្នាក់ដឹកនាំបណ្តាប្រទេស ក្នុងតំបន់អាស៊ាន និងប្រទេសនានាជាដៃគូជាច្រើន ដែលជាពិសេស ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា សាលាខណ្ឌសែនសុខ ក៏មិនខុសពីខណ្ឌនានា ក្នុងរាជធានីភ្នំពេញដែរ បានដាក់ផែនការចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ផ្លូវសហព័ន្ធរុស្ស៊ីជាដើម ដែលគណៈប្រតិភូត្រូវឆ្លងកាត់។

អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីរៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ធ្វើដំណើរបានងាយស្រួល ដោយឆ្លងកាត់ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស ៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតដល់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ ដោយសាលាខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ បានចាត់តាំង លោក ជា ខេមា ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌ ចុះឃាត់រថយន្តតាក់ស៊ីវង្វេងបេន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ មករក្សាទុកនៅសាលាខណ្ឌ ដើម្បីចាត់វិធានការអប់រំដល់ពួកគាត់។

ក្រោយការឃាត់ទុកអស់ រយៈពេល៤ថ្ងៃ រួចមក ពោលគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ សាលាខណ្ឌសែនសុខ បានធ្វើការដោះលែងរថយន្តទាំងនោះទៅវិញ បន្ទាប់ពីបានធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យារួចមក។

លោក ចាន់ គន្ថេត នាយករដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា សាលាខណ្ឌបានអប់រំ ដល់ម្ចាស់តាក់ស៊ីទាំងនោះ ឈប់បង្កសកម្មភាព ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ លើផ្លូវសាធារណៈទៀត ព្រោះវាបង្កឲ្យមានការកកស្ទះ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរលើដងផ្លូវមួយនេះ។ ម្យ៉ាងទៀត វាប៉ះពាល់ដល់មុខមាត់ និងកិត្តយសរបស់ រាជធានីភ្នំពេញ ក៏ដូចជាសង្គមជាតិទាំងមូល ដែលយើងដឹងហើយថា ឆ្នាំ២០១២នេះ ប្រទេសកម្ពុជាគឺជាប្រធានអាស៊ាន ។

បន្ទាប់ពីទទួលការអប់រំណែនាំ ពីលោកនាយករដ្ឋបាល រួចមកពួកគាត់មានការយល់ដឹងច្រើន និងព្រមចុះកិច្ចសន្យា ផ្តិតស្នាមមេដៃ និងថតរូបទុកជាភស្ភុតាង ថាឈប់ប្រព្រឹត្តសកម្មភាព ដូចខាងលើនេះទៀត ។

សូមបញ្ជាក់ថា រថយន្តដែលសាលាខណ្ឌ បានការឃាត់ទុក និងធ្វើការអប់រំនេះមានចំនួន ០៧គ្រឿង ដែលមានម្ចាស់ឈ្មោះ ៖
១.ឈ្មោះ ខេង ឃី ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2H 2681
២.ឈ្មោះ ម៉ុន វណ្ណៈ ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2D 1023
៣.ឈ្មោះ សៅ ជ្រីន ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ បណ្តោះអាសន្ន 7727
៤.ឈ្មោះ កុប ណាសៀត ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ កំពង់ស្ពឺ 2A 2681
៥.ឈ្មោះ គីម ឃ្លី ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ កំពង់ចាម 2A 1841
៦.ឈ្មោះ នូ មករា ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2G 9301
៧.ឈ្មោះ សៅ ប៊ុនណារ័ត្ន ភេទប្រុស ជាម្ចាស់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2J 6205

 

ដោយៈ ឃួន វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]