ខេត្ត​កំពង់​ឆ្នាំង ៖ ​មាន​​​ការ​កត់​សម្គាល់​​​ថា រៀង​រាល់​​​ពេលមាន​​​ការ​ប្រគំតន្ត្រី​នៅ​ពេល​​រាត្រី​​​ គឺ​​តែង​តែ​​មាន​​ក្រុម​ក្មេង​​ទំ​នើង​​​កាប់​ចាក់​​គ្នា​​​ឥត​​ឈប់​ឈរ​ ជួន​កាល​​មួយ​​យប់​​មា​ន​​២​ ទៅ​៣​ករណី​ ​បណ្តាល​ឱ្យ​មាន​អ្នក​របួស​​ និង​ស្លាប់​​គួរ​ឱ្យ​សោក​ស្តាយ​ណាស់ ។

ជាក់​ស្តែង​នៅ​យប់​ថ្ងៃទី​​​៤ កុម្ភៈ​ ​មាន​ការ​ប្រ​គំ​តន្ត្រី​​ដែល​រៀប​ចំ​​​ដោយ​​ក្រុម​ហ៊ុន​ស្រា​បៀរ​​​ក្នុង​ស្រុក​មួយ​​​​នៅ​​បរិ​វេណ​​​​កី​ឡ​ដ្ឋាន​​ចាស់​(ស្តាត​​ចាស់)​​ ស្ថិ​ត​ក្នុង​​​ភូមិ​​​ធម្ម​យុត្ត​ សង្កាត់​​ប្អេរ ក្រុង​​កំពង់​​ឆ្នាំង។​នៅ​យប់​នោះ​មាន​ករណី​​កាប់​ចាក់​គ្នា​​ចំនួន​៣​​ករណី​​​ បណ្តាល​ឱ្យ​​មនុស្ស​​​២នាក់​​រង​របួស​​​ធ្ងន់​​​​ ក្នុង​នោះ​​ម្នាក់​បាន​ដឹក​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​​​រាជ​ធានី​ភ្នំ​ពេញ​​ និង​​ម្នាក់ទៀត​ស្លាប់​​​​ ។ ​​ទោះ​ជា​យ៉ាង​ណា​​​ក្តី​ករណី​កាប់​ចាក់​គ្នា​នេះ​​មិន​​កើត​ឡើង​ក្នុង​បរិ​វេណ​​​ការ​ប្រ​គុំ​តន្ត្រី​​នោះ​ទេ គឺ​​កើត​ឡើង​​នៅ​ខាង​ក្រៅ​បរិ​វេណ​​​​​ចម្ងាយ​​​ពី​៥០​ម៉ែត្រ​​​ ទៅ​២០០​ម៉ែត្រ ​គឺ​​ខណៈ​​ដែល​ជន​​រង​គ្រោះ​​​ត្រឡប់​​ពី​ទស្ស​នា​​ការ​ប្រ​គំតន្ត្រី​​នោះ ។

លោក​​សំ​ សិទ្ធ​ី​ អធិការ​​​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង​​​ ឱ្យ​ដឹង​ថា ​​ករណី​ទី​​១​បាន​កើត​ឡើ​ង​​នៅ​វេ​លា​ម៉ោង​​​៨​យប់​​នៅ​ភូមិ​​ដំណាក់​​ពពូល​ សង្កាត់​​កំពង់​ឆ្នាំង​ ។ ​នៅ​ទី​នោះ​​​មាន​ក្មេង​​មួយ​ក្រុម​​អង្គុយ​​ផឹក​សុី​​ហើយ​ក្នុង​នោះ​​​ជន​រង​គ្រោះ​​ឈ្មោះ​​លូ​ ​ វិសាល​​​ អយុ​​​​២០​ឆ្នាំ​ មានទី​លំនៅ​​​ក្នុង​​ស្រុក​​ជល​គិរី​ តែ​បាន​​ទៅ​​ស្នាក់​​នៅ​​រៀ​ន​សូត្រ​ក្នុង​​ក្រុង​​កំពង់​ឆ្នាំង​ បាន​ងើប​ទទួល​ទូរ​ស័ព្ទ​​​ដោយ​ដើរ​ចេញពី​​វង់​​ផឹក​សីុ​ទៅ​ឈរ​និយាយ​​​នៅ​ចិញ្ចើម​ផ្លូវ​​ ។ ខណៈ​​នោះ​​ស្រាប់​តែ​​​ក្មេង​​មួយ​ក្រុម​​ផ្សេង​​ទៀត​ជិះ​ម៉ូ​តូ​​មា៉ក​​អា​​យ​ខន​​ ទៅ​​ដល់​​យក​​ដាវ​​​សាមូ​រ៉ៃ​​​​​កាប់​​ជន​រង​គ្រោះ​​​ចំ​នួន​​​២កាំ​បិត​​​​​​​​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ រួច​ហើយ​​ជន​ដៃ​​ដល់​​ក៏​​​ជិះ​ម៉ូ​តូ​​​គេច​​​បាត់​ ។ ជន​រង​គ្រោះ​​ត្រូវ​គេ​​​ដឹក​​ទៅ​សង្គ្រោះ​​នៅមន្ទី​រ​​ពេទ្យ​​ ហើយ​ដោយ​គ្រូ​ពេទ្យ​ប្រាប់​ថា ​ធ្ងន់​ធ្ងរ​​​ក៏​បញ្ជូន​បន្ត​​​ទៅ​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំ​ពេញ​ទៀត ។

លោ​ក​អធិ​ការ​​បន្ត​​ថា ​ករណី​​​​​​​​ទី​​២​​​បាន​កើ​ត​ឡើង​​​នៅ​វេ​លា​ម៉ោង​​១០​​និង​​៣០​នាទី​​​យប់​​ នៅ​ចំណុច​ខ្លោង​ទ្វារ​​​​វត្ត​​ធម្ម​យុត្ត​​ ​​មាន​​ចម្ងាយ​​ប្រមាណ​​​១០០​ម៉ែត្រ​​​ពី​ស្តាត​ចាស់​ ។ ​ករណី​​​នេះ​គឺ​ជន​រង​គ្រោះ​​​​​ឈ្មោះ​​ទួន ​ចន្ធី​​ អាយុ​១៧​ឆ្នាំ ​​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​អណ្តូង​​ច្រុះ ឃុំ​​អណ្តូង​ស្នាយ ស្រុក​​រលា​ប្អៀរ​​ ​ពេល​ការ​ប្រគំតន្ត្រី​​​ជិត​ចប់​​​ បាន​ដើរ​ទៅ​ជិត​រថ​យន្ត​​កូរ៉េ​ដែល​ខ្លួន​ជិះ​​ពី​ផ្ទះ​​មក​​​​ ​មើល​ការ​ប្រគុំតន្ត្រី​​ច្រើន​នាក់ ។ ​ពេល​​កំ​ពងឈរ​ជិត​​​រថ​យន្ត​​​មា​ន​ក្មេង​ទំ​នើង​​​​មួយ​ក្រុម​​​​ដែល​កំពុង​​អង្គុ​យ​ផឹក​ស៊ី​​​​​ក្បែរ​ចេតិយ​ក្នុង​​វត្ត​​​ និង​​ជិត​​រថ​យន្ត​​​​កូ​រ៉េ​​​នោះ ​សួរ​​ថា «តើ​​រថយន្ត​​​នេះ​ទៅ​​គោក​បន្ទាយ​​ដែរ​​ឬ​ទេ​? ​»​ពេល​នោះ​ជន​រង​គ្រោះ​​​ឆ្លើយ​ថា ​«អត់​ទេ​​គឺ​​ទៅ​អណ្តូង​​ច្រុះ​​» ស្រាប់​តែ​​មាន​ម្នាក់​​ក្នុង​ចំណោម​​ច្រើន​នាក់​​ដែល​អង្គុយ​​ផឹក​ស៊ី​នោះ​ស្ទុះ​​កាប់​ជន​រងគ្រោះ​​មួយ​​ដាវ​សាមូរ៉ៃ​​ រួច​នាំគ្នា​​រត់​គេច​អស់​ទៅ ។ ​ជនរង​គ្រោះ​​របួស​ធ្ងន់​ត្រូវគេ​ដឹក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត ។

ដោយ​ឡែក​ករណី​​ទី៣ ​កើតឡើង​​​វេលា​ម៉ោង​​​១១​​យប់​ នៅ​ខាង​ត្បូង​របង​វត្ត​ធម្ម​យុត្ត​ចម្ងាយ​​ប្រមាណ​១០០​ម៉ែត្រ ​។ ជន​រងគ្រោះ​​ឈ្មោះ​សឿង ​សុ​ផុន ​អាយុ​១៩​ឆ្នាំ ​មានទី​លំនៅ​ក្នុង​ភូមិ​ពោធិ៍​ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង ​ត្រូវ​ក្រុម​​ជន​ល្មើស​​ចាក់​មួយ​កាំបិត​ចុង​ស្រួច​ បណ្តាល​​ឱ្យ​ស្លាប់​​ បន្ទាប់​ពី​ដឹកទៅ​ដល់​មន្ទីរ​ពេទ្យ ។

ក្រោយ​​ពេល​ការ​ប្រគំ​តន្ត្រី​​ចប់​​មនុស្ស​មួយ​​ក្រុម​​៥​នាក់ ក្នុង​​នោះ​ស្រី​​២​នាក់ ​ដើរ​​ដល់​ជិត​ចំណុច​កើត​ហេតុ ស្រាប់តែ​​​ក្រុម​​ជន​ដៃ​ដល់​មាន​គ្នា​ពី​៣​ទៅ​៤​នាក់​ ដើរ​មក​ជិត​ ហើយ​និយាយ​សុំ​លេខ​ទូរស័ព្ទ​មនុស្ស​ស្រី​ម្នាក់​​ ក្នុង​ចំណោម​​មនុស្ស​៥​នាក់​នោះ ។ ​មិន​ត្រឹម​​​​តែ​មិន​ឱ្យ​លេខ​ទូរស័ព្ទ​ទេ នារី​នោះ​បាន​ប្រើ​ពាក្យ​សម្តី​​​មិន​សម​រម្យ​​ដាក់​ក្រុម​ជនដៃ​ដល់​ធ្វើ​ឱ្យ​ពួក​គេ​ខឹង​ក៏​យក​កាំបិត​​ស្ទុះ​ដេញ​ចាក់​ តែ​មនុស្សទាំង​៥​នាក់​​រត់​គេច​ចូល​ផ្ទះអស់ ។ ​បន្ទាប់​មក​ក្រុម​​ជន​ដៃ​ដល់​​ទាំង​​៤នាក់​​ចាំ​ស្ទាក់​​ផ្លូវ​ គាប់​ជួន​ពេល​នោះ​មាន​មនុស្ស​មួយ​​ក្រុម​ផ្សេង​​ទៀត​មាន​គ្នា​៥​នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ដែរ ដើរ​មក​ដល់​ ម្នាក់ក្នុងចំណោម​៤នាក់​បាន​ដក​កាំបិត​ចាក់​​ជនរងគ្រោះ​​ច​ទ្រូង​​​ខាងឆ្វេង បណ្តាលឱ្យ​របួសធ្ងន់​ និងស្លាប់​ពេលដឹក​​ដល់មន្ទីរពេទ្យ​​​​ ប៉ុន្តែ​​គ្រូពេទ្យ​​​បញ្ជាក់ថា ​​​បានស្លាប់តាំងពី​​មុន​ពេលមក​ដល់​​មន្ទីរ​ពេទ្យ​​​ម្លេះ​ ។

លោក​អធិការ​​នគរបាលស្រុក​បន្តថា ​​តាំងពី​​ករណីទី១​រហូត​ដល់​ទី៣ ​​នគរបាល​​ក្រុង​សហ​ការ​ជាមួយ​​​​​នគរបាល​ខេត្ត​ខិតខំ​​​ស្រាវជ្រាវ​រក​ជន​ដៃ​ដល់​យ៉ាងយកចិត្តទុកដាក់​​​ ទី​បំផុត​​​​ចាប់បាន​ចំនួន​៤​នាក់​​រួមទាំង​ដាវសាមូរ៉ៃជាប់​​​ឈាម និងស្នាប់ដៃ​មួយផង ។ ​​​​​តាមសាក្សី​ដែល​​​ដើរជាមួយ​​ជន​រង​គ្រោះ​​​បានកំណត់អត្ត​សញ្ញាណ​​ និងភិនភាគ​​​ដូច​​មនុស្ស​ដែលសមត្ថ​កិច្ច​​ចាប់ខ្លួន ​។ ​
នៅយប់នោះ​លោកពេញ​ វិបុល ​ព្រះរាជ​​អាជ្ញា​​​អម​សាលា​ដំបូង​​​​ខេត្ត​បាន​​​ទៅ​ពិនិត្យ​​​​​សព​​ជន​រង​គ្រោះ ព្រមទាំង​​បញ្ជា​ឱ្យ​​ប៉ូលិស​​​​ស្វែងរក​​ចាប់​​​​​​ជនដៃដល់​ឱ្យ​បាន ។

បើ​តាម​​មន្ត្រីនគរបាល​​​ដែល​ជួយ​ជញ្ជូន​​សព​​ជនរងគ្រោះ​​​ទៅ​លំនៅឋាន​​​​ឯស្រុក​កំពង់​លែង ​និយាយថា ​​ជនរងគ្រោះ​​គឺជា​កូន​គ្រួសារ​​​អ្នក​ក្រីក្របំផុត ​​​​ហើយ​ត្រូវអង្គការ​មួយ​ជួយ​យក​មក​ឱ្យ​រៀនសូត្រ ​​និងរៀនពូកែ​ទៀត​ផង ​ ប៉ុន្តែ​​ពេល​នេះ​បានស្លាប់​ទៅហើយ​ ​គួរឱ្យ​សោក​ស្តាយ​​​យ៉ាង​ខ្លាំង ។

នៅព្រឹកថ្ងៃទី៥ កុម្ភៈ​​​ទាំង​នគរបាល​​​​ក្រុង​​ទាំង​នគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ខេត្ត​​បានប្រឹង​ប្រែង​​ស្រាវជ្រាវ​​​រកវត្ថុតាង​ និងសាក្សី​បន្ថែម​​ទៀត​ដែលតាមប្រភព​​បញ្ជាក់ថា ​​ការចាប់​ជន​សង្ស័យ​ទាំង៤​នាក់​នោះ គឺ​មិនខុស​ទេ ​​។

រហូត​មក​ដល់​​​ម៉ោង​​២​​រសៀល​​​ថ្ងៃ​ទី​​៥ ​កុម្ភៈ​​ ជន​សង្ស័យ​​ទាំង​​៤នាក់​​​​សារ​ភាព​​​កំហុស​ខ្លះ​​​ហើយ។​​​ ដែល​ពួក​គេ​​ទាំង​​៤នាក់​​​មាន​ ១-​ឈ្មោះ​​បូ វណ្ណី​ អាយុ​​២៦​ឆ្នាំ ​ជា​ជន​ដៃ​ដល់​​​ ២-ឈ្មោះ​​​បូ ពេជ្រ​​​ អាយុ​​២១​ឆ្នាំ ជា​​​អ្នក​​កាន់​ដាវ​​សាមូ​រ៉ៃ​​ ៣-ឈ្មោះ​​បូ គឹម​លី អាយុ​១៧​ឆ្នាំ​ ​អ្នក​កា​ន់​ស្នាប់​ដៃ​ និ​ង​៤-​ឈ្មោះ​​ពេជ ពង្ស​វល័ក្ខ​​ អាយុ​​២០​ឆ្នាំ ​​។ ​ពួក​គេ​​​ទាំង​​៤​នាក់​​មានទី​លំនៅ​​ក្នុង​ភូមិ​​ស្រែព្រីង​ សង្កាត់​​កំពង់​ឆ្នាំង​​ ក្រុង​កំពង់​ឆ្នាំង​ ។

ជន​​សង្ស័យ​​ទាំង​​៤​នាក់​​​ត្រូវ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​​​​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​​ កសាង​​សំ​ណុំ​​រឿង​​​បញ្ជូនទៅ​​សាលា​ដំ​បូង​​​ ៕

ដោយប្រុសកោះ

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]