អាមេរិក៖ ជាទូទៅប្រិយមិត្ត មួយចំនួនច្បាស់ ជាធ្លាប់ឆ្ងល់ហើយ ពេលដែលអង្គុយ ជុំគ្នាហើយ មានមូសខាំតែឯង រីឯអ្នកផ្សេងវិញ ធម្មតា។ ម្យ៉ាងវិញទៀត ពេលដែលយើង សួរទៅចាស់ៗ គាត់ថាមក ពីសាច់ ឬឈាមយើង ផ្អែមបានជាមូស ចូលចិត្តមក ខាំតែយើងនោះ។

តើចម្លើយមួយ នេះពិតមែនឬ? ដូច្នេះហើយ ថ្ងៃនេះខ្មែរឡូត បានលើកយក សម្តីរបស់អ្នកជំនាញ ដើម្បីមកអះអាង ចំពោះមូលហេតុ មួយនេះ។

យោងតាមលោក Dr. Jonathan Day អ្នកស្រាវជ្រាវ ពីពពួកសត្វល្អិត និងជាអ្នកជំនាញ នៃសត្វមូស របស់សាកលវិទ្យាល័យ Florida សហរដ្ឋអាមេរិក បានបញ្ជាក់ ឲ្យដឹងថា មនុស្សមួយចំនួន មានការវិវត្តន៍ សារជាតិគីមី ខ្លះៗនៅលើ ស្បែករបស់ពួកគេ ដូចជា Lactic acid ដែលសារជាតិ ប្រភេទនេះវា បានទាក់ទាញ សត្វមូសយ៉ាងខ្លាំង។ លើសពីនេះទៀត ចំពោះមនុស្ស ដែលមានឈាម ប្រភេទ O ក៏អាចទាក់ទាញ សត្វមូសឲ្យ មកចោមរោម ជាងអ្នកដែល មានឈាមប្រភេទ A ឬក៏ B ផងដែរ។

គាត់ក៏បាន អះអាងបន្ថែម ទៀតថា ករណីផ្សេងទៀត ក៏អាចបណ្តាល មកពីហ្សែន របស់យើង ដែលនេះក៏ជា ចំណុចសំខាន់ មួយទាក់ទង ទៅនឹងអត្រា នៃការដុតរំលាយ អាហារក្នុងរាងកាយ របស់មនុស្ស ឬក៏បរិមាណ នៃឧស្ម័នកាបូន (CO2) ដែលយើង បានបញ្ចេញ ហើយនេះ ក៏ព្រោះតែ សត្វមូស ជាប្រភេទសត្វ ដែលប្រើប្រាស់ ការតាមដាន តាមរយៈឧស្ម័នកាបូន ដើម្បីស្វែងរក ទិសដៅក្នុងការ បឺតឈាមធ្វើជាចំណី។

គួរបញ្ជាក់ ផងដែរថា ប្រភេទមនុស្ស ដែលមាន ការទាក់ទាញ សត្វមូសមក ខាំបឺតយកឈាមនោះ ភាគច្រើនពួកគេ ជាស្ត្រីមានផ្ទៃពោះ, មនុស្សដែលធាត់ពេក, អ្នកដែលទទួលទាន ជាតិអាល់កុល ក៏ដូចជាអ្នក ដែលប្រើកម្លាំង រាងកាយខ្លាំង ផងដែរ ព្រោះថាពួកគេ ទាំងនេះមានអត្រា ក្នុងការបញ្ចេញ សារជាតិឧស្ម័ន កាបូនច្រើនជាងអ្នកដទៃ។

យ៉ាងណាមិញ Dr. Jonathan Day ក៏បានផ្តល់ ដំបូន្មានផងដែរថា បើចង់ជៀសវាង មិនចង់ក្លាយ ជាគោលដៅនៃ ចំណីរបស់ សត្វមូស អ្នកគួរតែ កាត់បន្ថយការ ទទួលទាន ជាតិអាល់កុល ឬក៏ប្រើកម្លាំង ហួសហេតុពេក។ ម្យ៉ាងវិញទៀត យើងក៏អាច លាប ឬបាញ់ថ្នាំ ដែលមានសារជាតិ ក្នុងការបណ្តេញ សត្វមូសឲ្យ ទៅឆ្ងាយផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ថាម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]