ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែប្រវែងប្រហែលមួយគីឡូម៉ែត្រ ស្ថិតនៅក្រោយរោងចក្រកាត់ដេរ វងរិច និងផ្លូវឆ្ពោះទៅ រោងចក្រ QMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពោល នៅចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីភូមិគ្រឹះរបស់លោកស្នងការ ទូច ណារ៉ុថ ត្រូវបានទឹក ស្អុយជន់លិចដោយសារស្ទះលូ ខួបប្រាំងខួបវស្សា គ្មានអាជ្ញាធរពាក់ព័ន្ធណាមួយចុះទៅ ស្តារ និងរៀបចំប្រព័ន្ធលូថ្មីនោះឡើយ ។

ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយផ្លូវ ជាពិសេសការធ្វើដំណើរឆ្លងកាត់ ដោយលុយទឹកជារៀងរាល់ថ្ងៃ របស់ក្រុមកម្មករ កាត់ដេរ នោះ គឺបានលិចទឹកជាយូរខែមកហើយ និងជះក្លិនស្អុយយ៉ាងខ្លាំង ជាងរដូវធ្វើត្រីប្រហុកតាមដងទន្លេទៅទៀត អមដោយសំរាមព្រោងព្រាតដូចរដូវផ្ការីក ប៉ុន្តែ បញ្ហាដុះស្លែមួយនេះ មិនត្រូវបានអាជ្ញាធរមូលដ្ឋាន ចុះទៅរៀបចំប្រព័ន្ធលូថ្មីនោះឡើយ ពោលនៅតែបន្តទុកចោលជារៀងរហូត ទំនងយល់ឃើញថា ផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងកន្លែងរស់នៅ របស់មនុស្សដ៏ច្រើននេះ មិនស្ថិតនៅតាមផ្លូវធំ ឬមួយមិនមែនជាផ្លូវ ដែលនាយករដ្ឋមន្ត្រី និងគណៈប្រតិភូធ្វើដំណើរឆ្លងកាត់។

ជាក់ស្តែងកាលពីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ ភ្នាក់ងារដើមអម្ពិលបានជិះម៉ូតូ ជាលើកដំបូង ឆ្លងកាត់ផ្លូវបេតុងមួយខ្សែនេះ ស្រាប់តែមានការហួសចិត្តយ៉ាងខ្លាំង ដោយសារថា ទឹកនៅលើផ្លូវដែលមានធំក្លិនស្អុយនោះ បានលិចកង់ម៉ូតូស្ទើរតែពាក់កណ្តាល ហើយបើកក្នុងល្បឿនយឺតៗបំផុត ដោយខ្លាចខ្ទាតទឹកទៅលើ អ្នកដំណើរផ្សេងទៀត ដែលម្នាក់ៗបានដើរ ដោយមូរជើងខោឡើងលើ ខ្លាចប្រឡាក់ទឹកស្អុយកខ្វក់នេះ។

ស្ត្រីម្នាក់ដែលផ្ទះរបស់គាត់ ស្ថិតនៅតាមផ្លូវបេតុងមួយខ្សែនេះ បាននិយាយដោយអស់ សង្ឃឹមថា បច្ចុប្បន្ន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិតជាមានការលំបាក យ៉ាងខ្លាំងក្នុងការរស់នៅ និងធ្វើដំណើរឆ្លងកាត់ ដោយសារតែអាជ្ញាធរមូលដ្ឋាន ដែលជាអ្នកទទួលខុសត្រូវ រួមមិនបានយកចិត្តទុកដាក់ រៀបចំប្រព័ន្ធលូនោះឡើយ។ ផ្ទុយទៅវិញលោកមេភូមិ បានត្រឹមតែហៅប្រជាជន ទៅប្រជុំ ប៉ុន្តែគ្មានបានលទ្ធផលទាល់តែសោះ ហើយថែមទាំង សុំលុយសុំកាក់ទៀតផង ។

យ៉ាងណាក៏ដោយ គេក៏មិនទាន់អាចបន្ទោសលោកមេភូមិ ដែលមានអំណាចក្នុងដៃតិចតួច ពោលគួរតែលោកចៅសង្កាត់ ដែលទើបនឹងទទួលការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធ្វើជាចៅ សង្កាត់ បើដោះស្រាយខ្លួនឯងមិនចេញ គួរសរសេររបាយការណ៍ទាំងអស់នោះទៅលោក អភិបាលខណ្ឌ ដើម្បីដោះស្រាយបញ្ហានេះ ។ ប្រជាពលរដ្ឋផ្សេងទៀត បានសម្តែងការព្រួយ បារម្ភ នៃការឆ្លងជំងឺ ដោយសារតែទឹកដែលលិចផ្លូវបេតុងមួយខ្សែនេះ មានជាតិកខ្វក់យ៉ាងខ្លាំង។

បើយោងតាមប្រជាពលរដ្ឋ ទឹកដែលជន់លិចខ្លាំង ដោយសារស្ទះលូគឺភាគច្រើនបានកើត ឡើងនៅពេលព្រឹក និងពេលល្ងាច ជាពេលវេលានៃការប្រើប្រាស់ ទឹករបស់ប្រជាពលរដ្ឋ។

កម្មការិនីមួយរូប សុំមិនបញ្ចេញឈ្មោះ ខណៈកំពុងដើរឆ្លងកាត់ទឹកស្អុយនេះ បាននិយាយថា វាហាក់បីដូចជា ទម្លាប់ទៅហើយដែលប្រជាពលរដ្ឋ និងកម្មករកាត់ដេរ បានដើរឆ្លងកាត់ទឹកនេះជារៀងរាល់ថ្ងៃទៅកន្លែងធ្វើការ ហើយអាជ្ញាធរមូលដ្ឋាន គ្មានជួយដោះស្រាយបញ្ហានេះទេ ។

ប្រជាពលរដ្ឋសូមអំពាវនាវទៅកាន់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ដែលមានស្នាដៃយ៉ាងច្រើន ក្នុងការកសាងរាជធានីមួយនេះ សូមមេត្តាណែនាំ ទៅអភិបាល ខណ្ឌ និងចៅសង្កាត់ ជួយរៀបចំប្រព័ន្ធលូថ្មី ដើម្បីបញ្ចៀសការជន់លិចនៅលើផ្លូវបេតុង មួយនេះផង។ បើមិនដូច្នោះទេ ទីនោះនឹងក្លាយជាទន្លេ ទឹកកខ្វក់មួយទៀតហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]