ខេត្តកំពង់​ឆ្នាំង ៖ ក្មេង​ប្រុស​២នាក់​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​៣នាក់​បាន​លង់​ទឹក​ស្លាប់​ គួរ​ឱ្យ​អា​ណោច​អា​ធ័ម​បំផុត កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី​១៤​ មិថុនា នៅ​ទឹក​ស្ទឹង​ជ្រៃ​បាក់​ ភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ ខណៈ​ដែល​ពួក​គេ​ទាំង​៣នាក់​បង​ប្អូន​នាំគ្នា​ទៅ​ស្ទូច​​ត្រី ។ នេះ​ជា​លើក​ទី​២​ហើយ​ដែលមា​នបង​ប្អូន​២នាក់​លង់​ទឹក​ស្លាប់​ជាមួយ​គ្នា​ដែល​ លើក​ទី​១​កើត​ឡើង​កាល​ពី​ដើម​ខែ​មិថុនា​នេះ​មាន​បង​ប្អូន​ប្រុស​ស្រី​២នាក់​ ម្នាក់​២​ឆ្នាំ​ និង​ម្នាក់​ទៀត​៦ឆ្នាំបាន​លង់​ទឹក​អណ្តូង​ស្លាប់​រួម​គ្នាដូច​នេះដែរ ហើយ​នៅ​ខេត្ត​តា​កែវ​ឯណោះ​​កុមារា​២​នាក់​បង​ប្អូន​ក៏​បាន​លង់​ទឹក​ត្រពាំង​ ស្លាប់​ដែរ​។

ក្មេង​ប្រុស​រង​គ្រោះ២​នាក់​បង​ ប្អូន​​ដែល​ស្លាប់​ដោយ ​សារ​លង់​ទឹក ​​ម្នាក់​ឈ្មោះ រ៉េត​ ណារាជ អាយុ​៩ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ រ៉េត​ កុសល អាយុ​១៤ឆ្នាំ ដោយ​ឡែក​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​រួច​ផុត​ជីវិត​​ឈ្មោះ រ៉េត ណា​រ៉ូត​ អាយុ​១១​ឆ្នាំ ។ ​តាម​ការ​រៀប​រាប់​របស់​ក្មេង​ប្រុស​ណារ៉ូត​​ បាន​និយាយថា​ ​មុន​ពេល​កើត​ហេតុ​ ពួកគេ​ទាំ​ង​៣នាក់​បង​ប្អូន​បាន​នាំគ្នា​ទៅ​ស្ទូច​ត្រី​នៅ​ស្ទឹង​ជ្រៃ​បាក់​ ។ ​ពេល​កំពុង​ស្ទូច​ត្រី​នោះ កូន​បង​ឈ្មោះ​ រ៉េត​ កុសល​ អាយុ​១៤ឆ្នាំ បាន​លោត​​ទឹក​លេង​ស្មាន​តែទឹក​នោះ​រាក់ និង​ម្យ៉ាង​ក៏ចេះ​ហែល​ទឹក​តិច​ៗដែរ​ ប៉ុន្តែ​ពេល​លោត​ទៅ​ចំ​ទឹក​ជ្រៅ ហែល​មិន​រួច​បណ្តាល​ឱ្យ​លង់​ទឹក ​ឃើញ​ដូច​នោះ​កូន​ប្អូន​​ឈ្មោះ​ រ៉េត​ ណា​រាជ ចុះ​ទៅ​ជួយក៏​លង់​​ទាំង​២នាក់​តែម្តង​ ។ ភ្លាម​នោះ​រូប​គេ​(រ៉េត​ ណារ៉ូត) មិន​ហ៊ាន​ចុះ​ទៅ​ជួយ​ទេ​ព្រោះ​មិន​ចេះ​ហែល​​ទឹក​ ក៏រត់​មក​ផ្ទះ​ប្រាប់​អ្នក​ជិត​ខាង​ឱ្យ​មក​ជួយ​​មុជ​រាវ​រក​ ប៉ុន្តែ​ទម្រាំរត់​ទៅ​ហៅ និង​ទម្រាំ​ត្រលប់​​មក​មុជ​រាវរក​ឃើញ​វិញ ពួកគេ​បាន​លង់​ទឹក​ស្លាប់​​ទាំង​២​នាក់​បាត់​ទៅ​ហើយ ។

ក្នុង ​លំនៅ​ឋាន​ដ៏តូច​ដែល​ធ្វើ​ពី​ឈើ​ ប្រក់​ និង​បាំង​ជញ្ជាំង​ស្លឹក​ ស្ថិតក្នុងភូមិ​ជ្រៃ​បាក់ សព​កុមារ​ទាំង​២នាក់​ត្រូវ​បាន​ដាក់​ឱ្យ​ដេក​ទន្ទឹម​គ្នា ប្របមាត់​ទ្វារ ក្រោមសំឡេង​​ស្រែក​ទ្រហោ​យំគួរ​ឱ្យ​សង្វេគរបស់​កូន​ស្រី​ជា​បង​បង្អស់​បាន​ រៀប​រាប់​ថា​ ម៉ែ​ឪ​បាន​ទៅ​ចោល​ពួក​យើង​អស់​ហើយ​ ឥឡូវ​ពួកឯង​ទៅ​ចោល​បងគ្មាន​ថ្ងៃ​ត្រលប់​ទៀត​ ពួកយើង​មាន​បងប្អូន​៥នាក់​ ឯង​បាន​​ស្លាប់​ចោល​ពួកយើង​២នាក់​ហើយ​ មិន​គួរ​ពួកឯង​មាន​អាយុ​ខ្លី​បែបនេះ​សោះ ។

លោក មេភូមិ ជ្រៃ​បាក់​បាន​និយាយថា គ្រួ​សារ​នេះឪពុកម្តាយបាន​បោះបង់​ចោលពួកគេ ក្រោម​ការ​គ្រប់​គ្រង​ពី​ជីដូន​អាយុ៦២ឆ្នាំ ឈ្មោះ​ ឡេង​ ផេន ដែល​មាន​ផ្ទះ​ជាប់​គ្នា ។ កូនស្រី​បង​បង្អស់​មាន​ឈ្មោះ រ៉េត​ ចាន់ឌី អាយុ១៧ឆ្នាំ និង​កូនប្រុស​ពៅ​មាន​ឈ្មោះ​ រ៉េត​ វីរៈ អាយុ​៧ឆ្នាំ​។

សព ​កុមារ​ទាំង​២នាក់​បង​ប្អូន​ត្រូវ​បាន​ អ្នក​ភូមិជួយ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ក្រោម​ការ​យំ​ខ្សឹកខ្សួលពី​ជីដូន​ និង​បង​ស្រី ព្រម​ទាំងអ្នកជិតខាង​ដែល​មានការ​សង្វេគ និង​ខ្លោច​ចិត្ត​ជាទីបំផុត ៕​​​​​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]