ភ្នំពេញៈ នៅថ្ងៃទី១៤ ខែមិថុនា ក្រសួងពាណិជ្ជកម្ម កម្ពុជា បានសហការ ជាមួយក្រុមហ៊ុន មួយចំនួនទៀត បាន រៀបចំនូវការ តាំងពិព័រណ៍ គ្រឿងអលង្ការ និងត្បូងពេជ្រ មានតម្លៃ ឆ្នាំ២០១២ នៅមជ្ឈមណ្ឌល សន្និបាទ និង ពិព័រណ៍កោះពេជ្រ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍គ្រឿង អលង្ការនេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤-១៧ ខែមិថុនា ឆ្នាំ២០១២ ដែល មានការចូលរួម ពីក្រុមហ៊ុនគ្រឿង អលង្ការ ៦៩មកពី ៦ប្រទេស រួមមាន៖ កម្ពុជា-ថៃ ហុងកុង ជប៉ុន សិង្ហបុរី ឡាវ និងអង់គ្លេស ដែលមានស្តង់តាំង ពិព័រណ៍ចំនួន ៨៦ ។

មន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងពិព័រណ៍នេះ គឺការបង្ហាញម៉ូដ គ្រឿងពេជ្រ ដ៏មានតម្លៃដោយ ក្រុមតារាបង្ហាញ ម៉ូដដ៏ល្បីរបស់កម្ពុជា ។

 

នេះជាលើកទី៤ហើយ ដែលប្រទេសកម្ពុជារៀបចំនូវការតាំងពិព័រណ៍ គ្រឿងអលង្ការ ត្បូងពេជ្រ មានតម្លៃនេះ ហើយការតាំង បង្ហាញនេះត្រូវបាន ក្រសួងពាណិជ្ជកម្ម អះអាងថា ដើម្បីជំរុញអាជីវកម្ម គ្រឿងអលង្ការត្បូងពេជ្រ នៅកម្ពុជា ។

ដោយទទួលបានសិទ្ធិនាំចេញទៅសហរដ្ឋអាមេរិក និង អឺរ៉ុប ដោយអនុគ្រោះ ពន្ធនោះ ក្រសួងពាណិជ្ជកម្ម កម្ពុជា ក៏បានផ្សព្វផ្សាយ អំពីអាជីវកម្មនេះ និងធ្វើការ ទាក់ទាញ នូវក្រុមហ៊ុន បរទេសនានា ឲ្យចាប់យក ឱកាសនេះ ដើម្បី ផលចំណេញរបស់ខ្លួន ។

មន្ទីរពិសោធន៍គ្រឿងអលង្ការមួយ ត្រូវបានបង្កើតឡើងនៅកម្ពុជា ជាលើកដំបូង ដែលបានបើក ដំណើរការនៅ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ។ ការបង្កើតនូវមន្ទីរ ពិសោធន៍នេះ ត្រូវបានមន្ត្រីពាណិជ្ជកម្ម កម្ពុជាចាត់ទុកថា នឹងជួយ ផ្តល់ទំនុកចិត្ត ដល់អ្នកទិញគ្រឿង អលង្ការរបស់កម្ពុជា ។

ដើម្បីផ្តល់ជំនឿចិត្តដល់ភ្ញៀវទេសចរ ដែលមកលេងកម្ពុជា ហើយបានទិញនូវ គ្រឿងអលង្ការ និងធានា ឲ្យបាន នូវការទទួល ស្គាល់ថ្នាក់ អន្តរជាតិ គឺក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Intertek នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ បានសម្ពោធដាក់ ឲ្យដំណើរការនូវមន្ទីរ ពិសោធន៍គ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ៕

Photo by DAP-News

Photo by DAP-News

ដោយៈ ប៉ា ជេដ្ឋា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]