ខេត្តកំពង់ស្ពឺ ៖ អំពែភ្នំទ្រនំវាសនាចារពីបុព្វពេរ ថ្ងៃបាក់រសៀលជ្រាលជ្រេរបង បំពេរអូនក្រោមដើមជ្រៃ យើងនាំគ្នាឡើងជិះដំរី ខំវេញក្រងកំរងនិស្ស័យ សង្ឃឹមគ្មានថ្ងៃព្រាត់ឡើយ។ នៅពេលដែលនឹកដល់បទចំរៀងនេះ ធ្វើឱ្យយើងនឹកឃើញ ដល់រមណីយដ្ឋានមួយនោះ គឺរមណីយដ្ឋានអំពែភ្នំ ជារមណីយដ្ឋានវប្បធម៌ធ្មមជាតិ ដែលភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកចូលចិត្តនាំគ្នាទៅកម្សាន្ត នៅទីនោះព្រោះតែទីនោះមាន ធាតុអាកាសល្អបរិសុទ្ធ ។

រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិសាស្រ្តភូមិតាំងទន្លេ និងភូមិអំពែភ្នំ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុនឯកជន តែក៏ស្ថិតក្រោមការគ្រប់គ្រង របស់មន្ទីរទេសចរដែរ។ ហើយអ្វីដែលឱ្យគេស្គាល់ និងល្បីល្បាញរបស់ខេត្តកំពង់ស្ពឺ គឺតាមរយះស្ករត្នោត កាលពីទសវត្សមុនពេល ដែលគេនិយាយពីខេត្តកំពង់ស្ពឺ គេតែងនឹកដល់រមណីយដ្ឋានមួយ ដែលស្ថិតនៅជាប់មាត់ស្ទឹង ព្រែកត្នោតនោះ គឺរមណីយដ្ឋានអំពែភ្នំនេះឯង។

បើយើងធ្វើដំណើរ ពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ចំងាយ៤៥គីឡូម៉ែត្រ មកដល់មុខមន្ទីរអប់រំខេត្ត បត់ឆ្វេងចូលទៅក្នុងចំងាយ២គីឡូម៉ែត្រ រមណីយដ្ឋាននេះ ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ។ ចំណុចដែលទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅទីនេះដោយ សារតែរមណីយដ្ឋានមួយនេះ មានម្លប់ឈើត្រឈឹងត្រឈៃមាន កន្លែងសំរាប់ឱ្យភ្ញៀវអង្គុយកម្សាន្ត នៅអែបមាត់ទឹក។ ហើយអ្វីដែលអ្នកទេសចរ សប្បាយរីករាយនោះ គឺដោយសារតែពួកគេ អាចមុជទឹកស្ទឹងលេង នៅរដូវប្រាំងហើយទឹកដ៏ត្រជាក់ ដែលហូរធ្លាក់មកពីស្ទឹងព្រែកត្នោត ផ្នែកខាងលើធ្វើឱ្យ អ្នកមុជទឹកមានអារម្មណ៏ជ្រះថ្លា សប្បាយរីករាយអ្នកខ្លះក៏រត់ប្រ ឡែងគ្នាតាមឆ្នេរខ្សាច់សក្បុស ជាពិសេសរមណីយដ្ឋានអំពែភ្នំ មានស្ពានយោលភ្ជាប់ពីត្រើយម្ខាង ទៅត្រើយម្ខាងកាត់ស្ទឹងសំរាប់ឱ្យ ភ្ញៀងឆ្លងកម្សាន្តទៅមក យ៉ាងសប្បាយរីករាយ។

ពេលដែលទៅដល់ទីនោះ អ្នកទេសចរគ្រប់គ្នាតែងលាន់ មាត់ថាការមកកម្សាន្តនៅទីនេះ ហាក់បីដូចជាបានធូរស្បើយ ពីអារម្មណ៏តានតឹងទាំងឡាយ ហើយបើយើងឆ្លងទៅត្រើយខាងត្បូង ពេលដែលយើងឈប់សំរាកពេល នោះយើងនឹងបានឃើញវត្តមួយ ឈ្មោះថាវត្តអំពែរភ្នំ ទីនោះមានសត្វស្វាជា ច្រើនដែលរស់នៅលើដើមឈើធំៗ ក្នុងបរិវេណវត្តអំពែភ្នំនេះ។

ជាពិសេស ពេលដែលយើងទៅដល់ គឺពពួកសត្វស្វាទាំងនោះ នាំគ្នាមកជិតដើម្បីរង់ចាំ ឱ្យយើងបោះចំណីឱ្យសុី។ នៅទីនេះមានតូបអែបជាប់មាត់ស្ទឹង ទាំងត្រើយខាងជើង និងខាងត្បូង តំរៀបគ្នាជាជួរតាមមាត់ស្ទឹង សំរាប់អោយភ្ញៀវទេសចរអង្គុយកម្សាន្ត ហើយក៏មានសេវាកម្មលក់បាយម្ហូប មានតំលៃសមរម្យទៀតផង។

ជួបជាមួយអ្នកយកព័ត៌មាន កោះសន្តិភាព បងប្អូនអ្នកលក់បាយ និងម្ហូបនៅរមណីយដ្ឋានមួយនេះ បានលើកឡើងថា ក្នុងមួយថ្ងៃពួកគាត់អាចរកប្រាក់ចំណូល ចាប់ពី៦០មុឺនទៅ៨០មុឺនរៀល ហើយចំពោះរដូវបុណ្យ និងថ្ងៃឈប់សំរាកវិញ កាលណាមានភ្ញៀវមកកម្សាន្តច្រើនពួក គាត់ក៏លក់ដាច់បានប្រាក់ចំណូល កើនទៅតាមនោះដែរ អាចនិយាយបានថា ចាប់ពី១០០០០០០មុឺនទៅ១៥០០០០០លានរៀល ឬលើសនេះក៏មាន។

ក្រុមអ្នកទេសចររអ៌ូរទាំថា ពេលខ្លះពពួកសត្វស្វាបានបង្កការអុកឡុក ដូចជាមកឆក់យកនំចំណី ឬរបស់របរអ្វីផ្សេងៗ តែទោះជាយ៉ាងនេះក្តី ក៏អ្នកខ្លះលើកឡើងថានេះមិនមែនជា បញ្ហាចោទនោះទេត្បិតសត្វ គឺវារស់ទៅតាមធម្មជាតិរបស់វា អ្នកណាៗក៏ដឹងថាសត្វស្វា វារបិុលរប៉ូចបន្តិចហើយ។ តែទោះជាទោះជាយ៉ាងនេះក្តី ក៏ខាងមន្ទីរបានចុះធ្វើការត្រួត ពិនិត្យនិងចាប់សត្វស្វាទាំងនោះ បានចំនួន០៥ក្បាល(ធំៗនិងកាច) និងបានប្រគល់ទៅឱ្យ ជំនាញរដ្ឋបាលព្រៃឈើ ទទួលយកទៅព្រលែង នៅរមណីយដ្ឋានភ្នំតាម៉ៅ។

លោកកេត សុខុម ប្រធានមន្ទីរទេសចរខេត្ត បានឱ្យដឹងថាឆ្នាំនេះមិនថារដូវបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំទេ គឺភ្ញៀវទេសចរមានការកើនឡើង ជាងឆ្នាំមុន។ ដោយលោកបន្តថា ចំណូលបានមកពីវិស័យទេសចរកើនឡើង នេះបើយើងធ្វើការប្រៀបធៀប ឆ្នាំ២០១៣ និងពាក់កណ្តាលឆ្នាំ២០១៤៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]