ខេត្តព្រះសីហនុ ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា បានថ្លែងឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ នេះ សពយុវតីដែលលង់ទឹកសមុទ្រ នៅឆ្នេរអូរឈើទាល រកមិនទាន់ឃើញនៅឡើយទេ ខណៈក្រុមគ្រួសារ និងឆ្មាំសមុទ្រ បាននឹងកំពុងស្វែងរក។

ស្នងការនគរបាលរូបនេះ បានចាត់ទុកថា ការលង់ទឹកសមុទ្រស្លាប់ គឺជាការធ្វេសប្រហែសរបស់ជន រងគ្រោះ ខណៈកម្លាំងឆ្មាំសមុទ្រត្រូវបានដាក់ប្រចាំការនៅទីនោះ ដើម្បីជួយសង្គ្រោះភ្លាមៗ រាល់ហេតុការណ៍កើតឡើង។

សូមបញ្ជាក់ថា យុវតី សុខ ភួង អាយុ១៧ឆ្នាំ បម្រើការងារនៅកាស៊ីណូ ឃ្វីនកូ ម្លប់ជ្រៃ ក្នុងក្រុង ព្រះសីហនុ ដែលមានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ បានលង់ទឹកសមុទ្រស្លាប់ ខណៈ កំពុងហែលលេងនៅឆ្នេរអូរឈើទាល ជាមួយក្រុមគ្រួសារ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ស្រប ពេលដែលមានរលកធំៗ ។

ហេតុការណ៍នោះ ក៏បានបណ្តាលឲ្យយុវជន ៣នាក់ លង់ទឹកផងដែរ នៅពេលជួយយុវតីរងគ្រោះមិនបានសម្រេច ក្រោយកើតហេតុភ្លាមៗ ប៉ុន្តែយុវជនទាំង៣នាក់ នេះត្រូវបានឆ្មាំសមុទ្រចេញអូប័រ ជួយសង្គ្រោះទាន់ពេលវេលា។

លោក ផាន់ សំណាង ដែលជាសាក្សីបាន ឃើញហេតុការណ៍ នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ដំបូងឡើយជនរងគ្រោះទាំងអស់ កំពុងហែលទឹកលេង ស្រាប់តែមាន ការភ្ងាក់ផ្អើល ដោយសារគេបានឃើញជនរងគ្រោះ ពីរនាក់ម្នាក់ជាយុវជន និងម្នាក់ទៀត ជាយុវតីបានលង់ទឹក។ភ្លាមៗនោះ ស្រាប់តែយុវជនពីរនាក់ផ្សេងទៀត បានចុះទៅជួយសង្គ្រោះ ប៉ុន្តែដោយសារ រលកសមុទ្រខ្លាំង ពេកជួយសង្គ្រោះមិនបាន ហើយថែមទាំង លង់ខ្លួនឯងទៀតនោះ ក៏សមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានបើកអូរបរ ទៅជួយជនរងគ្រោះទាំង៤នាក់។

លោក ផាន់ សំណាង បានបន្តទៀតថា ការជួយសង្គ្រោះ តាមរយៈអូរបរ គឺជួយបានតែ យុវជនទាំង៣នាក់ ប៉ុណ្ណោះ រីឯយុវតីម្នាក់នោះ រកមិនទាន់ឃើញនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ ខំស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ ដោយសារ រលកខ្លាំងពេក។

នៅតំបន់ឆ្នេរអូរឈើទាល ធ្លាប់កើតមានហេតុការណ៍ នេះ ជាច្រើនលើកមកហើយ ដូច្នេះពេលទៅកំសាន្តនៅទីនោះ និងពេលចុះហែលទឹកលេង ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕

Photo by DAP-News

Photo by DAP-News

ដោយ ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]