កំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយ ដោយសារម្ចាស់ហាងអ៊ីនធឺណិត និងក្មេងប្រុស ៥ទៅ៦នាក់ បានដួលសន្លប់ ខណៈពួកគេខ្លះនៅក្នុងបន្ទប់លេងហ្គេម និងខ្លះដើរចេញមកក្រៅ។

ហេតុការណ៍ភ្ញាក់ផ្អើលបាន កើតឡើង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២ នៅហាងអ៊ីនធឺណិត នៅទល់មុខសាលាកាកបាទក្រហម ខេត្ត ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។

ស្រ្តីម្ចាស់ហាងត្រូវជួយសង្គ្រោះ នៅនឹងកន្លែងកើតហេតុ ឯក្មេងៗត្រូវមិត្តភក្តិពួកគេទូរស័ព្ទទៅអាណាព្យាបាល យកទៅជួយសង្គ្រោះ។ ក្នុងនោះកុមារាឈ្មោះ ឡូក សៃ អាយុ១២ឆ្នាំ មានស្ថាភាពធ្ងន់ធ្ងរជាងគេ ។

លោក ស៊ាន លី ប្រធានក្រុមឆ្លើយតបបន្ទាន់ សុខភាពប្រជាជន នៃមន្ទីរសុខាភិបាលបានពិនិត្យ កន្លែងកើតហេតុ សន្និដ្ឋានថា ផ្ទះល្វែងហាងអ៊ីនធឺណិតនោះ មានបិទកញ្ចក់អាចកង្វះអុកស៊ីសែន ម្យ៉ាងក្មេងទាំង នោះ ខ្លះលេងហ្គេមមិនទាន់ញ៉ាំអាហារពេលព្រឹក។ ស្ត្រីម្ចាស់ហាងអ៊ីនធឺណិតក្រោយពេលគេសង្គ្រោះបាន ប្រាប់ថា ក្មេងចូលលេងហ្គេមទាំងព្រឹក ពេលដាច់ភ្លើង គាត់ក៏ដេញឲ្យទៅផ្ទះ តែពួកវាមិនចេញ ហើយនៅ រង់ចាំភ្លើងអគ្គិសនីមកវិញ ។ ស្ត្រីម្ចាស់ហាងបន្តថា ជួនកាលពេល ដាច់ភ្លើង គាត់បញ្ឆេះម៉ាស៊ីនភ្លើង តែពុំ ដែលមានបញ្ហាអីទេ ។

នៅក្នុងបន្ទប់ផ្ទះល្វែង គេឃើញមានកុំព្យូទ័រជាច្រើនគ្រឿង និងសម្ភារៈផ្សេងៗចង្អៀត និងបរិយាកាស ហប់ ដោយកញ្ចក់ បាំងជាមួយរនាំងទ្វារចូល និងមានកង្ហារបូមខ្យល់ ប៉ុន្តែឥតដំណើរការ។

លោក ទីធី រាវុធ អនុប្រធានមន្ទីរសុខាភិបាល បានប្រាប់ថា មន្ទីរប្រៃសណីយ៍ផ្តល់អាជ្ញាប័ណ្ណឲ្យអាជីវកម្ម គួរតែពិនិត្យអំពីទីតាំង និងបរិស្ថានសុខភាព អ្នកប្រើប្រាស់ សេវានេះផង។

កុមាររងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា មានអាការៈឈឺក្បាលខ្លាំង ពិបាកទ្រាំនៅក្នុង ពេលដើរមក ក្រៅក៏ទន់ជើងដួលតែម្តង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ប៉ាត ពណ្ណរាយ

.ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]