មនុស្សគ្រប់គ្នា តែងតែចង់បានការ គិត និង ត្រិះរិះពិចារណាអ្វី១ ឲ្យកាន់តែល្អប្រសើរ និង ល្បឿនរហ័ស។ ព្រោះវា អាចធ្វើឲ្យមាន ដំណើរការ ក្នុង  ជីវភាពប្រចាំ ថ្ងៃល្អប្រសើរ និង ជោគជ័យ ទាំង លើការសិក្សានិង ការ ប្រកបរបររកស៊ី ចិញ្ចឹមជីវិត ។ មានការណែនាំជាច្រើន និង ការផ្តល់ ចំណេះដឹងជាច្រើន ទាក់ទង នឹងការធ្វើឲ្យ ដំណើរការខួរក្បាលទាក់ទងនឹងការគិត ល្អប្រសើរនោះ ដូច្នេះថៃ្ងនេះ ខ្មែរឡូតនឹង បង្ហាញអ្នក ៩ វិធី ដែលអ្នកអាចយកទៅអនុវត្ត ក្នុងការបង្កើន ការគិត ឲ្យល្អ និង មានការចងចាំល្អ ដូចខាងក្រោម ៖

 ១. គួរបន្តការសិក្សាជានិច្ច ៖ តាមការស្រាវជ្រាវ ជាច្រើនបានបង្ហាញថា ការអប់រំអាច ការពារ កុំឲ្យចុះខ្សោយ នូវតួនាទីរបស់ខួរក្បាល ។ ទ្រឹស្តីនេះបានប្រាប់ថា មនុស្សដែលបានទទួល ការអប់រំច្រើន នឹងមានកំរិតនៃការយល់ដឹង កាន់តែច្រើន ហើយជាការពិត វានឹងជួយប្រឆាំង នឹងការធ្លាក់ចុះ ការគិត និងល្បឿននៃការគិត។ ដូច្នេះ ប្រសិនជាអ្នកបញ្ឈប់រាល់ការសិក្សានានា ការគិត របស់អ្នក នឹងបន្តធ្លាក់ចុះ បើប្រៀបធៀប នឹងមនុស្ស ដែលបន្តអនុវត្ត និងបន្តការសិក្សាជារៀងរាល់ថ្ងៃ ។

២. លេងល្បែងល្បងបញ្ញា ៖ បន្ទាប់ពីអ្នកបញ្ចប់ការសិក្សា កំរិតនៃការគិតអាចថយចុះ ពេលនោះ។ ប៉ុន្តែ អ្នកអាចសែ្វង រកល្បែងកំសាន្តបែប ល្បែងបញ្ញា ដើម្បី បង្កើននូវ ការចងចាំ និង ការគិតរបស់អ្នកឲ្យកាន់ តែល្អប្រសើរឡើងថែមទៀត។ ការសិក្សាមួយបង្ហាញថា មនុស្សវ័យ ចំណាស់ជាង ៤៨៨ នាក់ មានអាយុលើស ៧៥ឆ្នាំដែល ឧស្សាហ៍ធ្វើសកម្មភាពសិក្សា ដូចជាការលេងលែ្បក crossword ការអានសៀវភៅ ការលេងភ្លេង គឺអាចកាត់បន្ថយការថយចុះ នៃការគិត ហើយលទ្ធផល ក៏បានបង្ហាញដែរថា ការសិក្សាជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ ការវង្វេងវង្វាន់ បានប្រហែល ពីរខែ ជារៀងរាល់ឆ្នាំ សំរាប់មួយជីវិតរបស់មនុស្ស ។

៣. ឈប់ខ្វល់ពីភាពអវិជ្ជមាន ៖ ការគិតអវិជ្ជមាន គឺបានកើតឡើង ក្នុងស្ថានភាព នៅពេលដែល អ្នកមានអារម្មណ៍ ព្រួយបារម្ភ និង ភ័យព្រួយ ក្នុងរឿងអាក្រក់នានា ដែលកើតឡើងក្នុងជីវភាព ប្រចាំថ្ងៃរបស់អ្នក។ ការធ្វើតេស្ត ការចងចាំ បានបង្ហាញថា អារម្មណ៍អវិជ្ជមានអាចធ្វើឲ្យ ល្បឿន នៃការ គិត និង ការចងចាំ ថយចុះ ចំពោះមនុស្ស វ័យកណ្តាល និងវ័យចាស់។ ផ្ទុយទៅវិញ បើអ្នក មានអារម្មណ៍វិជ្ជមាន អាចជួយ ឲ្យអ្នក ប្រឆាំងនូវ ការថយចុះ នៃការចងចាំ ព្រោះវានឹងជំរុញឲ្យអ្នកមាន ភាពជឿជាក់លើខ្លួនឯង ដូច្នេះអ្នកនឹង អាចចងចាំបានល្អ និង គិតត្រូវជានិច្ច។

៤. ប្រើប្រាស់គ្រប់វិញ្ញាណទាំងអស់របស់អ្នក ៖ វិញ្ញាណដែលទាក់ទងនឹង ការចងចាំ និង ការគិតរបស់ មនុស្សគឺ មានដូចជា ការមើលឃើញ  ការស្តាប់លឺ និង ការបានប៉ះពាល់ផ្ទាល់។ ហើយការចងចាំទាំងអស់នេះ គឺមានរយៈពេលខ្លីណាស់ បើមនុស្សមិនបាន ប្រើប្រាស់វា ជាញឹកញាប់ ទេ នោះមនុស្សនឹងត្រូវភ្លេចភ្លាំង អស់វិញជាមិនខាន។ ការសិក្សាបង្ហាញថា ការអនុវត្ត ដោយប្រើប្រាស់វិញ្ញាណទាំងអស់ ធ្វើឲ្យមនុស្សចងចាំ បានល្អ ឧទាហរណ៍ បើអ្នកបានឃើញ សត្វមួយក្បាល លឺសំលេងរបស់វា ព្រមទាំងបានប៉ះវាទៀតនោះ អ្នកនឹងងាយកត់សម្គាល់និងចង ចាំប្រភេទសត្វ នោះ និង អាចបែងចែកភាពខុសគ្នានៃសត្វដទៃ ។

៥. បង្កើតទំនាក់ទំនងក្នុងសង្គម ៖  ការសិក្សាក្នុងឆ្នាំ ២០០៨ បានបង្ហាញថា មនុស្សចួលនិវត្តន៍ ដែលមានទំនាក់ទំនងជាមួយសង្គមច្រើន អាចធ្វើ ឲ្យមានការគិត និង ការចងចាំ ប្រសើរ ទេ្វដង បើប្រៀបធៀប ជាមួយមនុស្សចាស់ចួលនិវត្តន៍ ដែលមិនមានការទំនាក់ទំនង មនុស្សម្នា ក្នុងសង្គមរស់នៅ។ ក្នុងនេះដែរ អ្នកស្រាវជ្រាវបាន កំណត់ថា ការទំនាក់ទំនងសង្គម អាចជួយដល់ការគិត របស់អ្នកឲ្យប្រសើរឡើង ព្រោះ វាជួយលើកទឹកចិត្តមនុស្សឲ្យ ថែរក្សាខ្លួនឯងជាងមុន ព្រមទាំង ការបន្ថយភាពតានតឹង (ស្ត្រេស៍) ជាដើម។

៦. ព្យាយាមកុំធ្វើ កិច្ចការ ច្រើនប្រភេទក្នុងពេលតែមួយ៖ មនុស្សយើងភាគច្រើនតែង ជឿជាក់លើ ខ្លួនឯងអាចធ្វើកិច្ចការ ជាច្រើនក្នុង ពេលតែមួយ ប៉ុនែ្តអ្នកវិទ្យាសាស្រ្ត ជាទូទៅ បង្ហាញថាការបែងចែក ការផ្តោតអារម្មណ៍គឺជាការបង្កើតបញ្ហាជាជាង ការផ្តល់លទ្ធផលទៅវិញ ។ ការធ្វើ ពិសោធន៍ លើ មនុស្សវ័យជំទង់ និង វ័យក្មេង លើតេស្តមួយ ដែលមាន ការរំខាន និង គ្មានការរំខាន បានបង្ហាញថា មនុស្សវ័យចាស់ នឹងត្រូវការ ចំណាយ ពេលច្រើនក្នុង ការផ្តោតអារម្មណ៍ លើកិច្ចការអ្វីមួយ ពេលដែលមានការំខាន ជាជាង កិច្ចការដែលគ្មានការ រំខាននោះ។

៧. ធ្វើការរំលឹកអ្វីជាច្រើនដង និងជារឿយៗ ៖ ប្រសិនបើអ្នកបាន ចងចាំអ្វីមួយជាក់លាក់ មកពី ការរំលឹកជាច្រើនដង និងជារឿយៗ រហូតដល់ អាចធ្វើឲ្យអ្នកចងចាំ និង មិនបាច់គិតក៏ដឹងភ្លាមតែម្តង។ ដូច្នេះការធ្វើវា ឬ រំលឹកអ្វី ដដែលៗ និង ជារឿយៗ អាចធ្វើឲ្យ ការគិត និង ការចងចាំ ប្រសើរឡើងផងដែរ។

៨. ការធ្វើលំហាត់ប្រាណ ៖ ការសិក្សាមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណ អាចជំរុញឲ្យ ប្រព័ន្ធឈាម និង សរសៃឈាមក្នុងរាងកាយ ហូរបានល្អ ចេញនិង ចូលក្នុងខួរក្បាល ហើយការធ្វើលំហាត់ប្រាណ ជាកត្តាអាចជួយ ដាស់ដល់ដំណើរការ លូតលាស់នៃសរសៃប្រសាទ របស់មនុស្សកុំឲ្យ ស្ពឹក និង ជំរុញការគិតបានល្អ និង មិនភ្លេចភ្លាំងឡើយ។

៩. ការបរិភោគ ដ៏ល្អត្រឹមត្រូវ៖ តាមការសិក្សាមួយបង្ហាញថា ការបរិភោគអាហារគឺ មានភាពជាប់ទាក់ទង នឹង ដំណើរការនិង តួនាទីរបស់ ខួរក្បាលអ្នក។ អ្នកស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារដែល សម្បូរដោយ ជាតិខ្លាញ់ត្រី អូមេហ្គា ៣ ដូចជា ត្រីសាម៉ុង សណែ្តកដី និង សណ្តែកសៀង ជាដើម អាចជួយប្រឆាំងជាតិស្ករ ផ្ទុកក្នុងខួរក្បាល និងនាំ ឲ្យមានការគិតកាន់តែប្រសើរឡើង ៕



ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]