ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះជាម្តាយក្មេក និងត្រូវជាជីដូនតារាចម្រៀងវ័យក្មេង នៅក្នុងផលិតកម្មសាន់ដេ នាង អ៊ី វ៉ា ដែលត្រូវកូនប្រសា (ឪពុកបង្កើតអ៊ីវ៉ា) វាយធ្វើបាប ដោយសាររឿង មិនព្រមទៅស្តីដណ្តឹងប្រពន្ធឱ្យនោះ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ឧសភា ម្សិលមិញនេះ បានត្រូវតារាចម្រៀងរូបនេះ ដឹកជម្លៀសទៅលាក់ទុក នៅក្រុងភ្នំពេញបាត់ហើយ ។

ឪពុកតារាចម្រៀងអ៊ីវ៉ា ដែលជាប់ចោទវាយម្តាយក្មេក ឈ្មោះអ៊ូ ចន្ថា អាយុ៤៨ឆ្នាំ ចំណែកម្តាយក្មេករងគ្រោះ ឈ្មោះសួង តុំ អាយុ៧២ឆ្នាំ ។

ជួបជាមួយកោះសន្តិភាព កាលពីព្រឹក ថ្ងៃទី២៩ ឧសភា លោកយាយសួង ឌីម អាយុ៦២ឆ្នាំ នៅភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោងទង ដែលត្រូវជាប្អូនបង្កើត របស់លោកយាយសួង តុំ ត្រូវជាយាយបង្កើត របស់កញ្ញាអីុវ៉ា បានឱ្យដឹងថា បើតាមបងស្រីរបស់គាត់ និយាយប្រាប់ថា គឺគាត់(ជនរងគ្រោះ)បានរត់គេច ពីការវាយធ្វើបាប របស់កូនប្រសា ឈ្មោះអ៊ូ ចន្ថា ដែលខឹងរូបគាត់ មិនព្រមទៅស្តីដណ្តឹងប្រពន្ធឱ្យ ។ ដោយកាលពីថ្ងៃទី២៦ ឧសភា ឈ្មោះអ៊ូ ចន្ថា បានធ្វើសកម្មភាពវាយធ្វើបាប និងច្របាច់.ករូបគាត់ ព្រមទាំងប្រមូលខោអាវ របស់គាត់(ជនរងគ្រោះ) យកទៅដុតចោលទៀតផង ហើយក្នុងសម្លៀកបំពាក់នោះ មានលុយចំនួន១០ម៉ឺនរៀល។

ប្រភពបន្តថា ដោយសារបងស្រីខ្លាចកូនប្រសា វាយធ្វើបាបទៀត ក៏រត់មកសុំរស់នៅ ជាមួយគាត់មួយរយៈ ពេលនោះបានសំរាក នៅផ្ទះរបស់គាត់ រហូតដល់ម៉ោងជិត១១ ស្រាប់តែឃើញកូនប្រសារូបនោះ (អ៊ូ ចន្ថា) ទៅដល់ផ្ទះរបស់គាត់ នៅភូមិឃុំខាងលើ និងបានយកពិល ដែលមានប្រដាប់ឆក់ វាយម្តាយក្មេក ជេរប្រមាថនូវពាក់អសុរោះ មិនសមជាច្រើនមកលើ ជនរងគ្រោះជាម្តាយក្មេក បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយឃាត់ ហើយជនបង្កក៏បានបើកឡានគេចបាត់ ។

លោកយាយសួង ឌីម ឱ្យដឹងទៀតថា បើតាមបងស្រីរបស់គាត់និយាយប្រាប់ រឿងមិនព្រមទៅដណ្តឹងប្រពន្ធថ្មី ឱ្យកូនប្រសា(អ៊ូ ចន្ថា)នេះ គឺគាត់(ជនរងគ្រោះ) ស្តាប់តាមពាក្យរបស់ចៅស្រី គឺស្រីនាថ(អីុវ៉ា) និងស្រីនួន ដោយនាងទាំងពីរនិយាយថា បើប៉ាខឹងនៅលើខ្ញុំ យាយមិនបាច់ទៅទេ។ ដោយសាររឿងនោះហើយ ទើបកើតទៅជារឿងបែបនេះ។

លោក លាស់ ឡឹង អាយុ៦២ឆ្នាំ ជាមេភូមិព្រៃកោះឱ្យដឹងដែរថា ករណីនេះគឺជនឈ្មោះអ៊ូ ចន្ថា ជាឪពុករបស់ឈ្មោះឃិន ស្រីនាថ ហៅអុីវ៉ា បានប្រព្រឹត្តអំពើបែបនេះ មកលើម្តាយក្មេក នៅភូមិឃុំខាងលើពិតមែន ។ ហើយបញ្ហានេះ ជនរងគ្រោះក៏បានពឹងរូបគាត់ ឱ្យជួយសរសេពាក្យប្តឹង ទៅសមត្ថកិច្ចផងដែរ។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថា ជាឪពុករបស់តារាចម្រៀង ស្រស់ប្រិមប្រិយ របស់ផលិតកម្មសាន់ដេ កញ្ញា អុីវ៉ា ដោយសារខឹងម្តាយក្មេក មិនព្រមដណ្តឹងប្រពន្ធឱ្យ បានយកពិល ដែលមានប្រដាប់ឆក់ វាយគាត់ម្តងហើយម្តងទៀត ហើយត្រូវអ្នកជិតខាង ជួយអន្តរាគមន៍ និងឃាត់ខ្លួន នាំមកកាន់ប៉ុស្តិ៍វល្លិស ស្ថិតក្នុងភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ឧសភា ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានព័ត៌មានចេញផ្សាយ អំពីករណីនេះរួចមក កញ្ញាអីុវ៉ា បានចេញមុខមកអះអាងថា នេះមិនមែនជារឿង របស់គ្រួសារនាងទេ គឺជារឿងរបស់អ្នកជិតខាងទៅវិញ។

លោកយាយសួង ឌីម ប្អូនយាយរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]