រាជធានីភ្នំពេញ ៖ បន្ទាប់ពីលេចឮនូវព័ត៌មាន ចោទប្រកាន់ថា ស្ថាប័នពាក់ព័ន្ធ បានឃុបឃិតគ្នា ជួលទីតាំងមួយផ្នែក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឱ្យទៅក្រុមហ៊ុនណាហ្គាវើលនោះ ក្រសួងធម្មការ និងសាសនា បានចេញមុខបកស្រាយ និងបំភ្លឺថា ពុំមានការជួលដី ឬទីតាំងមួយផ្នែកណា នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឱ្យទៅក្រុមហ៊ុនណាហ្គាវើល ដើម្បីអភិវឌ្ឍន៍ផ្សារ នៅក្រោមដីនោះឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២៧ ឧសភា លោក សេង សុមុនី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានធ្វើការបំភ្លឺថា ចំពោះការសាងសង់ផ្លូវក្រោមដី តភ្ជាប់រវាងអគារថ្មី TSCCLK និងសួនទេសចរណ៍ថ្មី ស្ថិតនៅក្រោមចិញ្ចើមថ្នល់ ផ្នែកខាងត្បូង អែបតាមបណ្តោយរបង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងអគារណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នោះ គឺមិនមែនជាការដោះដូរ ឬលក់ផ្នែកណាមួយ នៃទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនោះទេ ។ ប៉ុន្តែយោងតាមការសម្រេច និងអនុញ្ញាតរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមរយៈលិខិតលេខ ០១១ដនស/អដន ចុះថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២ តាមការស្នើសុំសាងសង់ផ្លូវក្រោមដី តភ្ជាប់រវាងអគារថ្មី TSCLK និងសួនទេសចរណ៍ថ្មី ស្ថិតនៅក្រោមចិញ្ចើមផ្លូវ ផ្នែកខាងត្បូង អែបតាមបណ្តោយរបង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងអគារណាហ្គាវើល របស់លោក តាន់ស្រុី ដាតុ និងបណ្ឌិត ឆេន លីបគង់ ប្រធានក្រុមហ៊ុនណាហ្គាវើល ។

លោក សេង សុមុនី បញ្ជាក់ថា ការសម្រេច និងអនុញ្ញាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ ក៏យោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតផ្លូវការ របស់សាលារាជធានីភ្នំពេញផងដែរ មិនមែនជាការសម្រេច ឱ្យក្រុមហ៊ុនណាហ្គាវើល កសាងផ្លូវក្រោមដី ជាប់របងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដោយអត្តនោម័តរបស់ បុគ្គល ឬស្ថាប័នណាមួយនោះឡើយ ។ លោកបានបំភ្លឺថា ពុំមានការលក់ ឬជួលទីតាំងផ្នែកណាមួយ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដូច ការចោទប្រកាន់នោះទេ ប៉ុន្តែអ្វីដែលសាធារណជន បានឃើញសកម្មភាព របស់ក្រុមហ៊ុនណាហ្គាវើល អនុវត្តសព្វថ្ងៃនេះ គឺគ្រាន់តែជាការកសាងផ្លូវក្រោមដី ស្ថិតនៅអែបតាមបណ្តោយរបង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ របស់ក្រុមហ៊ុនណាហ្គាវើល ដែលទទួលការអនុញ្ញាត ត្រឹមត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះ ។ ដូច្នេះសូមសាធារណជន កុំមានការភាន់ច្រឡំ ឬជឿតាមព័ត៌មានចចាមអារ៉ាម ដែលផ្ទុយពីការពិតឱ្យសោះ ។

គួរបញ្ជាក់ថា យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ០១១ ដនស/អដន ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ បានសម្រេចយល់ព្រមឱ្ យក្រុមហ៊ុនណាហ្គាវើល សាងសង់ផ្លូវក្រោមដីតភ្ជាប់ រវាងអគារថ្មី TSCLK និងសួនទេសចរណ៍ថ្មី ស្ថិតក្រោមចិញ្ចើមថ្នល់ ផ្នែកខាងត្បូង អែបតាមបណ្តោយរបង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងអគារណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោង តាមលិខិតខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឱ្យម្ចាស់សំណង់ ត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវរក្សាទុកដដែលនូវ នីវ៉ូផ្លូវចូលទៅអគារ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ផ្លូវអែបខាងកើត នៃអគារណាហ្គាវើលបច្ចុប្បន្ន ឆ្ពោះទៅកាត់មុខអគារ ទីស្តីការក្រសួងការបរទេស តាមបណ្តោយផ្លូវមាត់ទន្លេបាសាក់ ទៅកោះពេជ្រ និងដកចេញដំបូលកញ្ចក់ គ្របពីលើផ្លូវនោះ ។

លិខិតនោះបាន បញ្ជាក់ថា បន្ថយនីវ៉ូផ្លូវដើរដីកម្ពស់១,២៥ម៉ែត្រ មកនៅត្រឹម០,៥០ម៉ែត្រ និងអនុញ្ញាតឱ្យសាធារណជន អាចចេញចូលបានដោយសេរី ទាំងផ្លូវដើរនៅលើដី និងក្រោមដី ។ រៀបចំដំបូលគ្របលើផ្លូវក្រោមដី ឱ្យមានលក្ខណៈស្ថាបត្យកម្មខ្មែរ សមស្រប ដើម្បីលើកសោភ័ណភាព ដល់សួនច្បារខាងមុខ ។ រៀបចំបន្ទប់អនាម័យ និងផ្លូវជម្រាល សម្រាប់ជនពិការ ទាំងផ្លូវជាន់ក្រោមដី និងជាន់ផ្ទាល់ដី ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ រៀបចំប្រព័ន្ធលូបង្ហូរ អាងចម្រោះទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី ច្រកសុវត្ថិភាព ប្រព័ន្ធការពារអគ្គិភ័យ និងបំពាក់ក្បាលបំពង់ទឹក សម្រាប់បូមពន្លត់អគ្គិភ័យ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដែលមានការពិនិត្យ និងយល់ព្រមពីសមត្ថកិច្ចជំនាញ ពាក់ព័ន្ធដើម្បីធានាការពារបរិស្ថាន សុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម ។

ដោយឡែក ពាក់ព័ន្ធទៅនឹងព័ត៌មានលេចឮថា អគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ អាចនឹងមានការរើទីតាំងទៅកាន់ កន្លែងថ្មីនៅថ្ងៃខាងមុខនោះ លោក សេង សុមុនី បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងធម្មការ និងសាសនា មិនមានគម្រោងណាមួយ ផ្លាស់ប្តូរទីតាំងអគារនោះឡើយ ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែសិក្សាទីតាំងនោះ ដើម្បីកសាងអគារថ្មី នៃទីស្តីការក្រសួងធម្មការ និងសាសនា ដែលមានកម្ពស់៦ទៅ៧ជាន់ ៕

ការវាយរបងនិងខ្លោងទ្វារនេះទើបឱ្យមានការភ្ញាក់ផ្អើល






លោកសេង សុមុនី បង្ហាញ និងច្រានចោលការចោទប្រកាន់នានា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]