ការរៀនភាសាបរទេស ដែលមិនមែនជា ភាសាកំណើតរបស់អ្នក គឺមិនមែន ជារឿងងាយស្រួលទេ ដែលអ្នកត្រូវព្យាយាមរៀនជា ច្រើនខែ ច្រើន ឆ្នាំ ហើយ ពេលខ្លះ អ្នកខ្លះរៀនយូរៗទៅ បានយល់ថា ការរៀនកាន់តែ ពិបាកៗទៅ ដែល សឹងតែធ្វើឲ្យអ្នករៀន ចង់តែ បោះបង់ចោល ។ ប៉ុនែ្តប្រសិនជាអ្នក បោះបង់ចោល អ្នកនឹងអាចក្លាយជាមនុស្ស បរាជ័យនៅកណ្តាលទី ។ ដូច្នេះ ថៃ្ងនេះ ខ្មែរឡូតនឹង បង្ហាញនូវ វីធីសាស្រ្តទាំង ៦ យ៉ាង ដែលអ្នកមានបញ្ហាក្នុងការ រៀនភាសាបរទេស អាចយកទៅសាកល្បង អនុវត្ត ដើម្បីធ្វើ ឲ្យការ សិក្សាភាសាបរទេស របស់អ្នកកាន់តែ មានភាពងាយស្រួល ជាងមុន  ដូចខាងក្រោមនេះ៖

១. រៀនឲ្យចាំ ពាក្យដែលរៀន មួយថ្ងៃ យ៉ាងតិច មួយពាក្យ ៖ បើអ្នក ព្យាយាមរៀនអ្វី ទាំងអស់ ឲ្យ ចេះ តែម្តង វាមិនមែនជារឿងងាយទេ។ អ្នករៀនភាសាបរទេស ភាគច្រើន ពេលដែលអ្នករៀននៅសាលា អ្នក នឹងបាន ស្គាល់និងដឹង ពាក្យ ថ្មីៗជាច្រើន ប៉ុនែ្តពេលអ្នកមិនយកមកអនុវត្ត អ្នកនឹងឆាប់ភ្លេចវាមិនខាន។ ដូច្នេះមាន វិធី២យ៉ាង  ដែលអ្នកអាចអនុវត្ត គឺដំបូង អ្នកអាចធ្វើបញ្ជីមួយ សំរាប់ពាក្យ ដែលអ្នកបានរៀន ក្នុងថៃ្ង នេះ នៅសាលា ឬ តាមអ្វីក៏ដោយ ហើយ សរសេរបញ្ជី ពាក្យទាំងនោះថាជា “ពាក្យរៀនថ្ងៃនេះ” ដោយព្យាយាម មើល ពាក្យ ទាំងនោះ ឲ្យចាំពី របៀប ប្រើប្រាស់និង ការបកប្រែផងដែរ ហើយបន្ទាប់មក អ្នកអាច ព្យាយាមយក ពាក្យទាំងនោះ ប្រើប្រាស់ក្នុងការសន្ទនា ជាមួយមិត្តភក្តិ ជាដើម ។

២. ព្យាយាមនិយាយ ភាសាបរទេសដែលអ្នកសិក្សាឲ្យបានច្រើន ជាពិសេសជាមួយ ជនជាតិដើម ៖ វិធីដែលអាច ឲ្យអ្នកសិក្សា ឲ្យឆាប់ចេះនិយាយ ភាសាបរទេស គឺការនិយាយញឹកញាប់។ ការរៀន វេយ្យាករណ៍ និង ការអាននានា គឺសំខាន់ ប៉ុន្តែ ការយកចំណេះដឹង ដែលចេះ ហើយយកមកនិយាយភាសានោះ ទើបពិបាក ព្រោះបើអ្នកមិនសូវបានអនុវត្តក្នុងការនិយាយភាសាបរទេស ជាប្រចាំ ទេនោះ អ្នកនឹង មានអារម្មណ៍ថា អៀន និង គ្មានទំនុកចិត្តក្នុងការ និយាយ ហើយតែងតែគិតថាអ្នកអាចនិយាយខុស ទាំងការបញ្ចេញសំលេង និង ការប្រើប្រាស់ វេយ្យាករណ៍ ។ ប៉ុន្តែប្រសិនជាអ្នកព្យាយាមនិយាយជាប្រចាំ ដោយមានភាពជឿជាក់លើខ្លួនឯង អ្នកនឹងអាចប្រើប្រាស់ភាសា និយាយបាន ស្ទាត់ ជំនាញ ទៀតផង ។ ជាពិសេសនោះអ្នកអាចព្យាយាមប្រាស្រ័យទាក់ទងជាមួយជនជាតិដើមនៃ ភាសានិមួយៗ។

៣. ឧស្សាហ៍ ស្តាប់ ចម្រៀង  វិទ្យុ និង មើលទូរទស្សន៍ ជាភាសាបរទេសដែលអ្នកកំពុងសិក្សា៖ អ្នកសិក្សាភាសាបរទេស ភាគច្រើន មិនសូវជាចូលចិត្ត តាមដាន ស្តាប់ និងមើល កម្មវិធីវិទ្យុ ទូរទស្សន៍ជា ភាសាបរទេសដែលខ្លួនរៀន ឡើយ ព្រោះថាគិតថា ស្តាប់មិនបាន គេនិយាយលឿន និងញាប់ពេក។ ប៉ុន្តែការមើល និង ស្តាប់ កម្មវិធីទូរទស្សន៍ និងវិទ្យុជាភាសាបរទេស អាចធ្វើឲ្យ អ្នករៀន ចេះ នូវការបញ្ចេញសំលេង តាមជនជាតិដើម ចេះលើកដាក់សំលេង និង ប្រើប្រាស់តុង ដូចជាភាសាជនជាតិដើម ដូច្នេះដែរ។

៤. ព្យាយាមអានសៀវភៅ កាសែត  និង ព័ត៌មានជាភាសាបរទេស ៖ ការអានច្រើន នឹងនាំឲ្យអ្នកចេះច្រើន ។ រៀនភាសាបរទេស ក៏ដូចគ្នាដែរ បើអ្នកចំណាយពេលច្រើន អានអត្ថបទដែលជាភាសាបរទេសនោះ អ្នកនឹង អាចបង្កើនចំណេះដឹង ទាំងការអាន វេយ្យាករណ៍ ការសរសេរ ផងដែរ ។ ហើយអ្វីដែលសំខាន់អ្នកអាចចេះ ពាក្យថ្មីៗ ប៉ុនែ្ត ករណីពាក្យថ្មីៗ ដែលអ្នក មិនចេះ អ្នកគួរតែ បើកមើលក្នុង វចនានុក្រមតែមួយភាសា ជាភាសាបរទេស ដូច្នេះអ្នកនឹងដឹងពីការពន្យល់ដ៏ត្រឹមត្រូវ និង ស្ថានភាពដែល ប្រើប្រាស់ ពាក្យទាំងនោះឲ្យត្រឹមត្រូវ។

៥. ដឹងពីកំហុសឆ្គងពេលប្រើប្រាស់ភាសាបរទេស និង ព្យាយាមកែកំហុសឆ្គង ភ្លាមៗ ៖ អ្នកត្រូវចងចាំថា ភាសាបរទេសមិនមែន ជាភាសាកំណើត ដូច្នេះកំហុស តែងតែកើតមានជារឿយៗ ។ ដូចនេះ ពេលណាអ្នកដឹងថា ការនិយាយ និង ការបញ្ចេញសំលេង ឬក៏ ការប្រើប្រាស់វេយ្យាករណ៍ ក្នុងភាសាទី២ របស់អ្នកមានកំហុសឆ្គង អ្នកគួរតែងព្យាយាមសែ្វងរកកំហុសទាំងនោះ ហើយធ្វើការកែប្រែវា ភ្លាម ។ការធ្វើបែបនេះ នឹងនាំឲ្យអ្នកអាចចាប់កំហុសទាំងនេះ ហើយចងចាំ ការប្រើប្រាស់កំហុសជារៀងរហូត និង ប្រើប្រាស់វាដោយត្រឹមត្រូវទៀតផង។

៦. ព្យាយាមដាក់ សៀវភៅកត់ត្រា និងសរសេររាល់អ្វីដែលបានរៀនរួចហើយ ៖ គ្មានមនុស្សណា មានខួរក្បាលដូចកុំព្យូទ័រ ដែលអាចផ្ទុកទិន្នន័យរាប់លានកម្មវិធីនោះទេ ។ ការរៀនភាសា គឺត្រូវបានភ្លេច បន្ទាប់ពីមិនបានរំលឹក ដូច្នេះមានការកត់ត្រាទុកទេ ទើបអ្នក អាច រំលឹកនូវអ្វីដែលបានរៀនរួច ឡើងវិញបាន។ ប៉ុនែ្តអ្នកត្រូវ កត់ត្រាក្នុង សៀវភៅឲ្យ មានរបៀបរៀបរយ និង ងាយស្រួលយកមករំលឹកឡើងវិញ។ មួយវិញទៀត បច្ចេកវិទ្យាទូរស័ព្ទអាចជួយបានផងដែរ បើអ្នកប្រើប្រាស់ការកត់ត្រា ក្នុងទូរស័ព្ទដៃ ដែលអ្នកតែងតែកាន់ជាប់ជានិច្ច ។ដូច្នេះនៅពេលទំនេរ អ្នកអាច យកមករំលឹកមេរៀន ពាក្យ និង វេយ្យាករណ៍ ដែលអ្នករៀនរួចនោះ៕ 

ទោះបីជាយ៉ាងណា ចំនុចទាំង ៦ ខាងលើនេះ គ្រាន់តែជាចំណេះដឹងខ្លះៗ ដែលប្រិយមិត្ត អាចយកទៅ ត្រិះរិះពិចារណា និង សាកល្បងអនុវត្ត ប៉ុនែ្តមាន វិធីសាស្រ្តច្រើនទៀត ដែលអ្នកអាចអនុវត្តឲ្យត្រូវនឹង ចំនង់ចំនូលចិត្ត ហើយអ្នកសែ្វងយល់ថា វាងាយស្រួលជាង និង វាសាកសម ជាមួយអ្នក ជាង៕

 

ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]