ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេស្រវឹង ជិះម៉ូតូនិយាយទូរស័ព្ទ ហើយខឹងរថយន្ត ដែលធ្វើដំណើរ ដូចគ្នាស៊ីផ្លេដាក់ ក៏យកដុំថ្មដេញគប់រថយន្ត បណ្តាលឲ្យរថយន្ត រងការខូចខាត ទ្វារខាងក្រោយ ផ្នែកខាងឆ្វេង ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ២៣និង ១៥នាទីយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្លូវភ្លោះ ព្រះអង្គដួង ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញ បុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកសង់សេ ១១០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BF-7788 ជិះធ្វើ ដំណើរ តាមផ្លូវភ្លោះព្រះអង្គដួង ទិសដៅពីលិចទៅកើត ខណៈនោះ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាកហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2K-7875 បើកបរស្របទិស គ្នាជាមួយម៉ូតូ បើកមក ពីក្រោយហើយស៊ីផ្លេ ដាក់ម៉ូតូជនបង្កខាងលើ ក្នុងបំណងសុំផ្លូវ។ តែការស៊ីផ្លេសុំផ្លូវ របស់រថយន្តខាងលើ នេះបានបង្កឲ្យបុរសជា ម្ចាស់ម៉ូតូខឹងច្រឡោតថា យី! អាងតែមានរថយន្តជិះ ស៊ីផ្លេដាក់អញផង ទើបធ្វើ ឲ្យបុរសជាម្ចាស់ម៉ូតូ ឈប់ម៉ូតូរើសដុំថ្ម ហើយជិះដេញគប់ រថយន្តហាយឡែនឌឺ ចំទ្វារខាងក្រោយផ្នែក ខាងឆ្វេងបណ្តាលឲ្យរថយន្តរងការ ខូចខាត ហើយជនបង្កបានព្យាយាម បើករត់គេចខ្លួន តាំងពីចំណុច កើតហេតុ តែត្រូវម្ចាស់រថយន្ត និងសមត្ថកិច្ចដែលល្បាត ក្នុងមូលដ្ឋាន បានបើកដេញតាមពីក្រោយ ហើយចាប់បាននៅ ចំណុចផ្លូវលេខ ៧៥ កែងផ្លូវលេខ ៨០ ជាប់របងស្ថានទូតអាម៉េរិកាំង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនបង្កត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ផ្សារថ្មីទី១ ដើម្បីធ្វើការដោះ ស្រាយសំណង ជាមួយនឹងភាគី ខាងម្ចាស់រថយន្ត ។ ហើយជនបង្កក៏ ព្រមធ្វើការសងសំណង ទៅកាន់ ម្ចាស់រថយន្តចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿងភ្លាមៗ ហើយសមត្ថកិច្ចក៏ បានធ្វើការណែនាំ បុរសជា ម្ចាស់ម៉ូតូ និងព្រមឲ្យត្រឡប់ ទៅគេហដ្ឋានវិញ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ខាងលើនេះដែរ បន្ទាប់ពីសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បុរសជាជនបង្កខាង លើរួចហើយ ខ្លួនក៏បានទូរស័ព្ទហៅគ្នីគ្នា ដើម្បីឲ្យមកជួយអន្តរាគមន៍ លុះខណៈគ្នីគ្នាគេមកដល់ភ្លាមៗ ក៏បានស្រែកថា ឲ្យក្រុមអ្នកសារព័ត៌មានថា គ្រាន់តែរឿងតិចតួច ប៉ុណ្ណឹងចាប់បាច់មកថតធ្វើអី ។ តែក្រុម អ្នកកាសែតមិន បានតមាត់ជាមួយ ពួកគេនោះទេ ដោយមិនចង់មាន បញ្ហាវែងឆ្ងាយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]