ភ្នំពេញៈ អតីតតារាសម្តែង ធ្លាប់មានឈ្មោះល្បី ដោយសារអ្នកដឹកនាំរឿង ដ៏មានប្រជាប្រិយភាព អ្នកស្រី ពាន់ ភួងបុប្ផា ជួយលើកស្ទួយ ឲ្យក្លាយជាតួឯក ស្រីក្នុងរឿង “ផ្ការីកក្នុងចិត្ត” កញ្ញា សាត រស្មី បន្ទាប់ពីបាត់វត្តមានសូន្យឈឹង ពីពិភពសិល្បៈ អស់រយៈពេលជិត១ឆ្នាំនេះ ដោយមានព័ត៌មានលេចឮថា នាងបោះចោលសិល្បៈ ទៅសម្ងំសាងស្នេហ៍ស្ងាត់ៗ ជាមួយប្រុសស្នេហ៍ មានងារជាឧកញ៉ាយ៉ាងរំភើយ មិនខ្វល់ពីក្រសែភ្នែក មហាជននោះឡើយ ។ ទើបតែពេលនេះ មានព័ត៌មានលេចឮថា រស្មី មានគម្រោងចង់វិលមកផ្តើម អាជីពចាស់វិញ តែហាក់ដូចជាគ្មានកន្លែងណា ផ្តល់ពន្លឺឲ្យនាងទាល់តែសោះ ។

បើតាមប្រភពពីអ្នកសិល្បៈ ធ្លាប់សិ្នទ្ធជាមួយនាង បានបង្ហើបឲ្យដឹងថា តារាសម្តែងសាច់សរ ថ្ពាល់ខួចទាំងសង កញ្ញា សាត រស្មី ត្រៀមខ្លួន វិលមកចាប់អាជីពសិល្បៈ ក្នុងពេលឆាប់ៗនេះវិញហើយ ដោយពេលនេះ នាងកំពុងតែញាប់ដៃញាប់ជើង ទាក់ទងអ្នកដឹកនាំរឿង និង ខាងផលិតកម្មផ្សេងៗថតបទចម្រៀង ឬខ្សែភាពយន្តឡើងវិញ។ ប្រសិនបើមានផលិតកម្មណា ផ្តល់ភ្លើងខៀវឲ្យនាង ក្នុងពេលឆាប់ៗនេះ ទស្សនិកជននឹងបានឃើញវត្តមាន ស្រីស្រស់ក្មេងរូបនេះ សម្តែងដូចពេលមុនអីច៊ឹង។

ប្រភពខាងលើ បានបង្ហើបឲ្យដឹងថា មូលហេតុធ្វើឲ្យនាង វិលត្រឡប់មករកឆ្នាំងចាស់នោះ គឺដោយសារតែចំណងស្នេហា ធ្លាប់តែផ្អែមល្ហែម ជាងទឹកឃ្មុំនោះ បានប្រែក្លាយជាល្វីងជូរចត់ បៀមគ្រួសបៀមថ្ម ព្រោះបុរសកំពូលស្នេហ៍មាន ងារជាឧកញ៉ា បានពុះហែកបំបែកស្នេហ៍ ចោលដោយគ្មានស្តាយស្រណោះ ។ បុរសម្នាក់នោះ ក៏លែងទំនុកបម្រុងនាង ឲ្យរស់នៅ ក្នុងជីវភាពហ៊ឺហារ ដូចពេលមុនៗ ទៀតហើយ។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យនាង សម្រេចចិត្តត្រឡប់មក ចាប់អាជីពសម្តែងវិញ ក្រែងអាចរកចំណូលបានខ្លះ គ្រាន់ទប់ទល់ជីវភាពគ្រួសារ។ 
អស់រយៈពេលជិត១ឆ្នាំហើយ ដែលតារាស្រីកូនកាត់ចិន កញ្ញា សាត រស្មី បានផ្តាច់ខ្លួន ចេញពីសិល្បៈ ទៅសម្ងំរស់ នៅលើវីឡាស្កឹមស្កៃ ប្រើប្រាស់សម្ភារៈនិយម តម្លៃថ្លៃ រស់នៅក្នុងជីវភាពហ៊ឺហារ លុយចាយមិនខ្វះ ព្រោះតែសង្សារ នាងជាអ្នកសម្បូរទ្រព្យទំនុកបម្រុង គ្រប់បែបយ៉ាង ឲ្យតែនាងត្រូវការ។ តែការភ្លើតភ្លើន និងភាពសប្បាយរីករាយបែបនេះ ទើបធ្វើឲ្យនាងសម្រេចចិត្ត ឃ្លាតឆ្ងាយពីសិល្បៈ ទាំងគ្មានការស្តាយ ស្រណោះ ត្រូវមកសម្តែងសន្សំប្រាក់ មួយកាក់មួយសេននោះឡើយ ។

ប៉ុន្តែនៅទីបំផុតអ្វី ដែលធ្វើឲ្យមហាជន និងអ្នកធ្លាប់តែគាំទ្រនាង មានការហួសចិត្ត និងមានអារម្មណ៍ស្តាយ ស្រណោះ ចំពោះតារាស្រីរូបនេះ គឺបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់នាង ហាក់ដូចជាសាបរលាប ស្ទើរតែធ្វើឲ្យ ទស្សនិកជនភ្លេចទៅហើយ។ តែទោះជាយ៉ាងណា នាងបានប្រកាសខ្លួន វិលមកចាប់ផ្តើម សារជាថ្មីម្តងទៀត ក្រោយពីឧកញ៉ាជាន់ថ្មី មានវ័យជាង៤០ឆ្នាំម្នាក់នោះ បានដកស្នេហ៍ និងដកគ្រប់យ៉ាង លែងឧបត្ថម្ភ ដល់នាងតទៅទៀត ។

ទាក់ទងនឹងរឿងនេះ LookingTODAY បានព្យាយាមទាក់ទង ទៅកញ្ញា សាត រស្មី ដើម្បីសាកសួរពីព័ត៌មាន ខាងលើនេះប៉ុន្តែមិនអាចទាក់ទងបានទេ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី