រាជធានីភ្នំពេញ ៖ លោកចាន់ ណារ៉ូណានជាអ្នកចម្រៀង ប្រចាំក្រុមចម្រៀង De5inite ដែលមានសមាជិក៥នាក់ ។ លោករ៉ូណាន ជាកូនកំព្រាដែលបាត់បង់ឪពុក ម្ដាយ ដូច្នេះហើយជីវិត ជួបទុក្ខលំបាកច្រើនដំណាក់កាល ។ ដោយការតស៊ូរស់ដោយខ្លួនឯង ទីបំផុតរ៉ូណាន បានក្លាយជាអ្នកចម្រៀង ជាអ្នកនិពន្ធទំនុកច្រៀង ព្រមទាំងជាអ្នកដឹកនាំការសម្ដែង ។

ពេល លោករ៉ូណាន កើតមក ម្ដាយរបស់លោក មិនបាននៅបីបាច់ថែរក្សាទេ ពោលគឺលោកអត់ស្គាល់មុខ ម្ដាយបែបណាទេ ។ លោករស់នៅក្រោមការថែរក្សា ពីឪពុករហូតពេញវ័យ។ លោករ៉ូណាន មានស្រុកកំណើត នៅខេត្ដបន្ទាយមានជ័យ ។ កាលពីលោកនៅក្មេង ឪពុករបស់លោករ៉ូណាន មានដីស្រែច្រើនគួរសម មានកម្មករជួលធ្វើស្រែ និងមានគោយន្ដច្រើនគ្រឿង ។ ពេលនោះរស់នៅក្នុងក្រុមគ្រួសារ លោករ៉ូណាន មិនដែលខ្វល់ថាអត់មានលុយចាយវាយទេ និងមិនធ្លាប់គិតថា គ្រួសារធ្លាក់ខ្លួនក្រឡើយ ។ ក្រោយមក ឪពុករបស់លោក ចាញ់បោកគេអស់ប្រាក់ជាច្រើន ស្ទើរតែគ្មានលុយឱ្យកូនទៅរៀន ។ តាំងពីនោះមក លោករ៉ូណាន ចាប់ផ្ដើមស្គាល់រសជាតិ ខ្វះមុខខ្វះក្រោយ ។ ធ្លាប់ជាកូនអ្នកធូរធារ តែបែរជាធ្លាក់ខ្លួនក្រ ពិតជាពិបាកទ្រាំណាស់ ។

ពេលរៀន ចប់នៅវិទ្យាល័យនាឆ្នាំ២០០៦ លោកចាន់ ណារ៉ូណាន សុំឪពុកទៅធ្វើការ នៅរាជធានីភ្នំពេញ ដើម្បីយកលុយ ជួយក្រុមគ្រួសារ។ លោកមិនបានរៀនបន្ដទេ ព្រោះតែរវល់រកលុយជួយក្រុមគ្រួសារ ។

នៅភ្នំពេញ លោករ៉ូណានឆ្លងកាត់ការលំបាកច្រើន ជាក់ស្ដែងពេលធ្វើជាអ្នករត់តុគុយទាវ ដោយពេលខ្លះគ្មានលុយទិញអីហូប ក៏ហុតទឹកស៊ុប ដែលគេហូបសល់នៅលើតុ ដើម្បីសម្រន់ការស្រេកឃ្លាន និងមានកម្លាំងធ្វើការឱ្យគេ ។ ទោះជានឿយហត់យ៉ាងណាក៏ដោយ លោកមិនដែលត្អូញប្រាប់ឪពុកទេ ។ ពេលឪពុកសួររឿងជីវិតនៅភ្នំពេញ លោកប្រាប់ថា រស់នៅសុខសប្បាយទេ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ដ ។

មុនពេលក្លាយជាអ្នក ចម្រៀង លោកចាន់ ណារ៉ូណាន ឆ្លងកាត់ការចូលរួមប្រលងជាច្រើនជុំ។ ខណៈដល់ជុំមួយ ដែលលោកត្រូវឆ្លង ទៅដល់ជុំបន្ទាប់ទៀតនោះ ស្រាប់តែបងស្រីទូរស័ព្ទប្រាប់ថា ឪពុករបស់លោក ស្លាប់បាត់បង់ជីវិត នៅខេត្ដបន្ទាយមានជ័យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ឪពុកលោកឱ្យតែដឹងលោកឡើងប្រលងចម្រៀង គាត់ចាំមើលតាមទូរទស្សន៍រហូត ។

ចាន់ ណារ៉ូណាន និយាយថា «ពេលឪពុករបស់ខ្ញុំទៅចោល ធ្វើឱ្យខ្ញុំកាន់តែមើលឃើញលោកនេះ ចង្អៀតទៅៗ ហើយប្រឹងតស៊ូរស់ជាបន្ដទៀត ។ ជាមួយទឹកចិត្ដស្រឡាញ់សិល្បៈ ខ្ញុំបានចូលច្រៀងនៅក្រុម De5inite នៃផលិតកម្ម Rich Kids Media ដែលជាផលិតកម្ម ចាប់ដៃគូជាមួយប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី» ។ លើសពីនេះដោយរៀមច្បងដឹងថា លោករ៉ូណាន អាចនិពន្ធបទចម្រៀងបាន ក៏ជួយបណ្ដុះបណ្ដាលបន្ថែម ។ ពេលផលិតកម្ម រៀបចំថតភាពយន្ដ បានចាត់តាំងលោករ៉ូណាន ជាអ្នកដឹកនាំការសម្ដែង ២រឿងមកហើយ គឺរឿង «ខ្លាចអី!សើចតើ!» និងរឿង «បេសកកម្មស៊ីម២» ។ ពេលនេះផលិតកម្មរបស់លោក ត្រៀមចេញថតរឿងថ្មីមួយទៀត ក្រោមចំណងជើងថា «ព្រលឹង៧ថ្ងៃ»។

ឆ្លងផុតការលំបាកច្រើន ជីវិតបានល្អប្រសើរឡើង ធ្វើឱ្យលោកចាន់ណារ៉ូណាន នឹកដល់លោកឪពុក ចង់យកប្រាក់ កើតចេញពីញើសឈាម របស់ខ្លួនជូនគាត់ តែបាត់ស្រមោលគាត់ ពីលោកនេះទៅហើយ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]