ភ្នំពេញ៖ ទិវាគុណអ្នកម្តាយ នឹងចូលមកដល់ នៅថ្ងៃទី ១១ ខែឧសភា នេះ ជាពេលវេលា ដែលកូនៗ បង្ហាញពីក្តីដឹងគុណចំពោះ អ្នកម្តាយជាទីស្រលាញ់គ្រប់រូប។ កំសត់អី តែតារាចម្រៀង ក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៉ីវ៉ា បែរជាបង្ហាញអារម្មណ៍សោកសៅ ស្រក់ទឹកភ្នែកជោគថ្ពាល់ ព្រោះតែនាងនឹកម្តាយ មិនអាចបំពេញតួនាទី ជាកូនល្អឲ្យម្តាយ ព្រោះតែម្តាយ បាន ទទួលមរណភាពមិនអាចត្រឡប់មកវិញ ។

ទឹកភ្នែកជាច្រើនដំណក់ ស្រក់ហូរកាត់ផែនថ្ពាល់ ស្រីស្រស់សម្រស់ផូរផង់ កញ្ញា អ៉ីវ៉ា ព្រោះតែក្តីស្រឡាញ់ ការនឹករឭកបូករួមជាមួយការឈឺចាប់ តឹងណែនពេញដើមទ្រូង ខណៈដែលម្តាយជាទីស្រឡាញ់តែមួយគត់ បានលាចាកលោកិយ៍ គ្មានថ្ងៃត្រឡប់ កាលពីអំឡុងចុងឆ្នាំ ២០១៣ ធ្វើឲ្យ អ៉ីវ៉ា និងបងប្អូន រស់នៅកណ្តោចកណ្តែង ខ្វះភាពកក់ក្តៅ។ អ្វីដែលធ្វើឲ្យបេះដូងរបស់ អ៉ីវ៉ា កាន់តែឈឺចាប់ជាងនេះ គឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤នេះ ជាថ្ងៃទិវាគុណម្តាយ ដែលកូនប្រុសស្រីគ្រប់រូបជាច្រើន បានបង្ហាញពីទឹកចិត្តស្រឡាញ់ម្តាយ ត្រូវធ្វើអ្វីមួយតបស្នងសងគុណម្ដាយ ដែលម្តាយហត់នឿយ ក្នុងការចិញ្ចឹមបីបាច់កូនតាំងពីតូចដល់ធំ និងជាព្រះក្នុងផ្ទះរបស់យើងគ្រប់គ្នា។

ក្នុងសម្ដីដ៏គួរឲ្យស្លុងចិត្ត ស្ដែងពីអារម្មណ៍ពិត អមដោយរូបភាពអង្គុយ ត្បោងក្បាលជង្គង់ ផ្អែកខ្នងទៅនឹងជញ្ជាំង ក្នុងក្ដីអស់សង្ឃឹម ទឹកមុខស្រងូតស្រងាត់ តារាចម្រៀង អ៉ីវ៉ា បានសរសេរថា" ស្អែកជាថ្ងៃបុណ្យអ្នកម្តាយ កូននឹកម៉ែណាស់..! " ត្រូវបានមិត្តភក្តិ ក្នុងបណ្ដាញសង្គមប្រទះឃើញ ដោយម្នាក់ៗបានបញ្ចេញមតិ លើកទឹកចិត្តដល់នាង និងអ្នកខ្លះចូលរួចរំលែកទុក្ខ ជាមួយនាង។

តាមរយៈប្រយោគដ៏ខ្លី តែបង្កប់នូវអត្ថន័យជ្រាលជ្រៅនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ៉ីវ៉ា បង្ហាញអារម្មណ៍ នឹករឭកម្ដាយជាខ្លាំង សម្ដែងអារម្មណ៍បាត់ ភាពកក់ក្ដៅ និងចង់រកឱកាសដើម្បីធ្វើអ្វីមួយ សងគុណអ្នកម្ដាយ ប៉ុន្តែអ្វីៗត្រូវបានហួសពេល អស់ទៅហើយ។

គួរបញ្ជាក់ថា ម្ដាយរបស់ តារាចម្រៀង អ៉ីវ៉ា អ្នកស្រី ភួង សុខា បានទទួលមរណភាព ក្នុងអាយុ ៤៣ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន របស់អ្នកស្រីនៅឯខេត្ត កំពង់ស្ពឺ កាលពីចុងឆ្នាំ២០១៣ កន្លងទៅ ជាដើមហេតុ ធ្វើឲ្យតារាចម្រៀងរាងតូចច្រឡឹងរូបនេះ សម្រេចចិត្តផ្អាកការងារសិល្បៈ មួយរយៈពេលធំ សម្ងំរៀបចំពិធីបុណ្យសពជូនម្តាយ និងសម្ងំខូចចិត្តផងដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]