ភ្នំពេញ៖ បងប្រុសបង្កើត របស់តារាចម្រៀងល្បីឈ្មោះ ក្នុងផលិតកម្ម សាន់ដេ ឆាយ វីរៈយុទ្ធ លោក ឆាយ ពៅ ត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍បឹងទំពុន ធ្វើការឃាត់ខ្លួន តាមពាក្យបណ្ដឹង ពីជនរងគ្រោះ ឈ្មោះ សេង ចាន់ស៊ីណា ភេទស្រីអាយុ២៧ ប្ដឹងពីបទឆបោក ។ ហេតុការណ៍ឃាត់ខ្លួន បងប្រុសតារាចម្រៀង ឆាយ វីរៈយុទ្ធ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៨ខែ ឧសភា ឆ្នាំ២០១៤ នៅចំណុចហាង អ៊ីនធើណេត ស៊ីអេចណេត (CH Net) តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

បើយោងតាមការអះអាង របស់សមត្ថកិច្ច ប៉ុស្ដិ៍បឹងទំពុន បានឲ្យដឹងថា លោក ឆាយ ពៅ អាយុ៣៥ឆ្នាំ មុខរបរជាអ្នកលេងភ្លេង ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ សមត្ថកិច្ចបន្តថា នារីរងគ្រោះឈ្មោះ សេង ចាន់ស៊ីណា បានរៀបរាប់ប្រាប់ ពីហេតុការណ៍ថា ឈ្មោះ ឆាយ ពៅ បានទូរស័ព្ទមកខ្ចី អ័កកាដង់ ពីនាង ដើម្បីលេងក្នុងកម្មវិធីមួយ ប៉ុន្តែនាងមិនព្រមឲ្យទេ ព្រោះពេលខ្ចីនោះ យប់ជ្រៅទៅហើយ (ម៉ោងជាង១យប់) ដោយឲ្យលោក ឆាយ ពៅ រង់ចាំយកនៅថ្ងៃស្អែកពេលព្រឹកវិញ។

នារីរងគ្រោះបន្តថា លុះព្រឹកឡើង ថ្ងៃទី២១ខែមេសា លោក ឆាយ ពៅ បានមកយក អ័កកាដង់ តាមការសន្យាការពីយប់។ ប៉ុន្តែលោក ឆាយ ពៅ បានយកឧបករណ៍ភ្លេងនោះ ទៅបាត់រហូតដល់សព្វថ្ងៃ ហើយពេលរូបនាងបាន ព្យាយាមទំនាក់ទំនងទៅ ដើម្បីយកឧបករណ៍នោះ មកប្រើប្រាស់វិញ ឈ្មោះ ឆាយ ពៅ បានបិទទូរស័ព្ទរហូត ទើបរូបនាងសម្រេចចិត្ត ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច សុំការអន្តរាគមន៍ ស្វែងរកឈ្មោះ ឆាយ ពៅ មកដោះស្រាយគ្នានៅ ចំពោះមុខច្បាប់តែម្ដង។

បច្ចុប្បន្នបងប្រុសតារាចម្រៀង ឆាយ វីរៈយុទ្ធ លោក ឆាយ ពៅ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន កំពុងសួរនាំ ដើម្បីធ្វើការចាត់ចែង តាមនិតិវិធីច្បាប់ ៕

រូបភាព តារាចម្រៀង ឆាយ វីរៈយុទ្ធ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]