ភ្នំពេញៈ តារាសម្តែងចំណូលថ្មី ទើបតែចូលប្រឡូក ក្នុងវិស័យសិល្បៈ បានប្រមាណជាង ១ឆ្នាំ កញ្ញា សិដ្ឋ សរុណា បានបង្ហើបឲ្យដឹងថា នាងមានអារម្មណ៍ អាក់អន់ស្រពន់ចិត្ត បន្តិចបន្ទួច ខណៈដែលនាង មិនអាចក្តាប់ បានតំណែង ជាតួឯកក្នុងរឿងថ្មី ត្រៀមចេញថត នៅដើមខែមិថុនា ខាងមុខនេះ ។
ជួបជាមួយ LookingTODAY នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នេះ តារាស្រីពន្លកថ្មី ទើបតែទទួលបាន រហស្សនាមថា ជាតារាទឹកភ្នែក កញ្ញា សិដ្ឋ សរុណា បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ការងារសិល្បៈរបស់នាង មានភាពរីកចម្រើន ខ្លាំងជាងមុន ។ នាងត្រូវបានអ្នកដឹកនាំ ទាក់ទងថតរឿង និងថតខារ៉ាអូខេ ជាបន្តបន្ទាប់ បើគិតតាំងពី នាងចូលសិល្បៈ រហូតមកដល់ពេលនេះ នាងបានគ្រង តំណែងតួឯក ថតរឿង៣ជាប់ៗ គ្នា ដូចជារឿងចុងក្រោយ "កំណប់ប៉ះសក់" ទើបតែថតបញ្ចប់ថ្មីៗនេះ។ អ្នកដឹកនាំរឿងទាក់ទង ឲ្យថតរឿងថ្មីបន្តទៀត តែសម្រាប់រឿងថ្មីនេះ នាងមិនអាចឆក់ យកតំណែងតួឯក ដូចរឿងមុនៗទេ ។

តួឯកស្រីក្នុងរឿង “មាសសុទ្ធ” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "កាលពីដំបូង នៅពេលដែលអ្នកដឹកនាំរឿង ទាក់ទងហៅខ្ញុំសម្តែងរឿងថ្មីនេះ ប្រាប់ខ្ញុំថាសម្តែងជាតួរង ខ្ញុំទទួលស្គាល់ថា ខ្ញុំមានអារម្មណ៍ ថាអន់ចិត្តខ្លះៗ ដោយសារតែរឿង ដែលខ្ញុំធ្លាប់ថត កន្លងមកគឺសុទ្ធសឹងតែ ជាតួឯក ដល់ពេលរឿងទី៤ បែរជាសម្តែងជាតួរងវិញ "។

កញ្ញា សរុណា បានប្រាប់ឲ្យដឹងបន្ថែមថា ប៉ុន្តែដល់ពេលនាង គិតឲ្យដិតដល់ទៅ នាងក៏ទទួលថតរឿងនេះ ដោយសារតែ ការសម្តែងជាតួឯក ឬក៏ជាតួរង គឺសុទ្ធតែការងារដូចគ្នា។ ប្រសិនបើនាងមិនទទួល ការថតរឿងបែបនេះទេ ប្រាកដជាគ្មានអ្នកហៅថតទៀតទេ ។ ម្យ៉ាងទៀតពេលនេះ នាងចង់ពុះពារស្រវ៉ាយក ភាពល្បីល្បាញ ដូច្នេះឲ្យតែមានការងារ គឺនាងទទួលទាំងអស់។

សម្រាប់រឿងថ្មី ដែល កញ្ញា សរុណា ត្រៀមថតនៅដើម ខែមិថុនា ខាងមុខនេះ មានចំណង ជើងថា “កូនក្មេងចំឡែក” ជាប្រភេទរឿងខ្មោច ហើយសម្រាប់ អត្តចរិក ក្នុងការសម្តែង នាងត្រូវបាន អ្នកដឹកនាំរឿង តម្រូវឲ្យសម្តែងជាតួទឹកភ្នែក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]