មនុស្សម្នាក់ៗ មិនថាប្រុស រឺស្រីឡើយ តែងតែជួបប្រទះ នូវបញ្ហា មានស្នាមជ្រីវជ្រួញ លើផ្ទៃមុខ និងវាជាចំនុចដ៏ចំបង ដែលធ្វើអោយ សម្រស់របស់អ្នក ត្រូវបាត់បង់។ ចង់អោយកាត់បន្ថយ ស្នាមជ្រួញ លើមុខរបស់អ្នក ដែររឺទេ? តោះតាមដាន ជាមួយគន្លឹះមួយចំនួន ខាងក្រោមទាំងអស់គ្នា៖

១) ជៀសវាងកម្កៅថ្ងៃ៖ ចំពោះកម្តៅថ្ងៃ ធ្វើអោយស្បែករបស់អ្នក ខូចខាតយ៉ាងខ្លាំង  នេះដោយយោង តាមសម្តីរបស់លោក Darrick Antell  ជាគ្រូពេទ្យខាងវះកាត់ម្នាក់។ ដូច្នេះអ្នក គួរតែថែរក្សាស្បែករបស់អ្នក កុំអោយត្រូវ នឹងកម្កៅថ្ងៃខ្លាំងពេក។

២) លាបឡេការពារកម្កៅថ្ងៃ៖ តាមការស្រាវជ្រាវ របស់វិទ្យាសា្ថនខាងស្បែក នៅអាមេរិក បានអោយដឹងថា គួរតែលាបឡេការពារ កម្កៅថ្ងៃ មុននឹងអ្នក ដើរចេញទៅក្រៅ ពីព្រោះវាអាចជួយ ការពារ ស្នាមជ្រីវជ្រួញបាន។

៣) កុំជក់បារី៖ ដូចអ្នកបានដឹងស្រាប់ហើយថា ការជក់បារី វាអាចធ្វើអោយស្បែករបស់អ្នក ចាស់មុនអាយុបាន និងតាមការស្រាវជ្រាវ ក្នុងមន្ទីរពេទ្យ Thomas នៅទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស បានរកឃើញថា មនុស្សដែលជក់បារី អាចធ្វើអោយស្បែក ជ្រីវជ្រួញកាន់តែខ្លាំងទៅៗ កើនឡើងជិត ៤០ភាគរយ ជាងអ្នកមិនជក់បារី។

៤) គេងអោយបានគ្រប់គ្រាន់៖ នៅពេលអ្នក គេងមិនបានគ្រប់គ្រាន់ រាងកាយរបស់អ្នក បញ្ចេញជាតិ  Cortisol  ដែលធ្វើអោយ អរម៉ូនក្នុងសារពាង្គកាយ ទៅបំបែក កោសិកាស្បែករបស់អ្នក។ អ្វីដែលប្រសើរនោះ អ្នកគួរតែគេង អោយបានគ្រប់គ្រាន់ ពីព្រោះអាចជួយ អោយអរម៉ូនលូតលាស់ បានយ៉ាងល្អ និងជួយអោយស្បែករបស់អ្នក កាត់បន្ថយស្នាមជ្រួញបាន។

៥)  គេងផ្អារ៖ ការគេងផ្អារ នៅពេលយប់ វាក៏ជួយកាត់បន្ថយស្នាមជ្រួញ លើមុខបានដែរ រីឯការគេងផ្អៀង គឺថ្ពាល់ និងចង្ការរបស់អ្នក ត្រូវអោនចុះ ដែលជាហេតុធ្វើអោយ ស្នាមជ្រួញកើនឡើងលើមុខ យ៉ាងឆាប់រហ័ស។  យ៉ាងណាមិញ ប្រសិនបើអ្នក មិនចង់បានមានស្នាមជ្រួញ កុំព្យាយាមគេងផ្អៀងពេក គួរតែឧស្សាហ៍គេងផ្អារ វិញប្រសើរជាង។

៦) កុំឧស្សាហ៏ធ្វើភ្នែក ស្រលៀងពេក៖ ប្រហែលជាអ្នក មិនចាប់អារម្មណ៍ ចំពោះទម្លាប់របស់អ្នក ដែលចូលចិត្តធ្វើភ្នែកស្រលៀង។ តាមការពិត ការធ្វើបែបនេះ អាចនាំអោយកើនឡើង ស្នាមចង្អូរក្រោមភ្នែក កាន់តែខ្លាំងទៅៗបាន។ ចំពោះចង្អូរនេះ យូរទៅៗ វាក្លាយជាស្នាមជ្រួញបាន យ៉ាងឆាប់រហ័ស ទៀតផង។

៧) ទទួលទានត្រីអោយបានច្រើន៖ មិនត្រឹមតែត្រីសាម៉ុងនោះទេ អាចជួយថែរក្សាស្បែក របស់អ្នកបាននោះ ក៏មាន ត្រីមួយចំនួនទៀត ដែលសម្បូរជាតិអាស៊ីតអូមេហ្កា ដែលអាចជួយអោយ ស្បែករបស់អ្នក ស្រស់ស្អាតបានដែរ។ ចំពោះត្រីទាំងអស់នោះ វាអាចជួយស្បែករបស់អ្នក អោយកាត់បន្ថយស្នាមជ្រួញបាន យ៉ាងល្អ។

៨) បរិភោគសណ្តែក៖ តាមការសិក្សា បានអោយដឹងថា  សណ្តែកអាចជួយអ្នក ការពារពី ការបំផ្លាញស្រទាប់ស្បែករបស់អ្នក ពីពន្លឺព្រះអាទិត្យបាន។ ជាពិសេសវាក៏អាចជួយ បន្ថយស្នាមជ្រួញលើមុខរបស់អ្នក បានដែរ។ ដូច្នេះអ្នកគួរតែ ព្យាយាមបរិភោគសណ្តែក អោយបានច្រើន។

៩) ជាតិកាកាវ៖ ចំពោះកាកាវ ត្រូវបានរកឃើញថា វាមានផ្ទុកជាតិFlavanols ដែលជួយ អោយកោសិកាស្បែករបស់អ្នក អាចលូតលាស់ ល្អប្រសើរបាន។ ជាពិសេសនោះ អាចធ្វើអោយស្បែក មានសំណើម និងជួយអោយស្បែករបស់អ្នក ទន់ម៉ត់រលោងបាន។

១០)  ទទួលទានផ្លែឈើ និងបន្លែ៖ ចំពោះផ្លែឈើ និងបន្លែ ជួយប្រឆាំងនឹងស្បែក ដែលត្រូវបំផ្លាញ ពីកម្កៅថ្ងៃ និងធ្វើអោយស្បែករបស់ អ្នកក្មេងជាងវ័យថែមមួយ កម្រិតទៀត។ ដូច្នេះអ្វីដែលអ្នក គួរធ្វើនោះគឺ បរិភោគបន្លែ ផ្លែឈើ អោយបានគ្រប់គ្រាន់។

១១) ប្រើប្រាស់ក្រែម៖ មនុស្សស្រីគ្រប់រូប តែងតែព្រួយបារម្ភពីផលិតផល ដែលប្រឆាំងភាពចាស់ ដែលមានតម្លៃថ្លៃ ចុះហេតុអ្វី ក៏ពួកគេមិនសូវអើពើ ជាមួយក្រែមធម្មតា ទៅវិញ? ជាការពិត ស្បែករបស់អ្នក គឺត្រូវការជាចាំបាច់ នូវជាតិសំណើម ដូច្នេះអ្នកគួរបន្ថែម ជាមួយការប្រើប្រាស់ក្រែមធម្មតា ដែលអាចជួយកាត់បន្ថយ មុខស្ងួត រឺក៏ស្នាមជ្រីញជ្រួញបាន។

១២) មិនត្រូវលាងមុខ ច្រើនដងពេកទេ៖  នៅពេលអ្នក ដុសលាងសម្អាត ច្រើនដងពេក ក៏វាធ្វើអោយ បាត់បង់ជាតិសំណើមលើផ្ទៃមុខ បានដែរ។ ដូច្នេះអ្នកមិនគួរ លាងសម្អាតមុខ ច្រើនដងពេកទេ ប្រសិនបើអ្នក មិនចង់ទទួលបាន មុខស្ងួតនោះ ។

 ទាំងនេះជាគន្លឹះមួយចំនួន ក្នុងការជួយអ្នក អោយកាត់បន្ថយ ស្នាមជ្រីវជ្រួញលើផ្ទៃមុខបាន។


ប្រភព បរទេស

កែសម្រួល ka

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]