អ្វីដែលអ្នកគាំទ្រ ក្លឹបបិសាចក្រហម Man UTD ទន្ទឹមរង់ចាំនោះ បានមកដល់ហើយ ដោយកាលពីថ្មីៗនេះ ក្រុមបិសាចក្រហម Manchester United បានចេញរបាយការណ៍ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបណ្តេញ គ្រូបង្វឹក លោក David Moyes ចេញពីតំណែង។


នេះជាបរាជ័យលើកទី ១១ របស់ក្រុមការពារជើងឯក មួយនេះ ដែលភាពបរាជ័យទាំងនេះ ពិតជាមិនអាចទទួលយកបានឡើយ សម្រាប់ក្រុមខ្លាំងនៅអង់គ្លេស Man UTD ហើយឥឡូវនេះ ក្តីសង្ឃឹមទៅលេងក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ ក៏ត្រូវរលាយសាបសូន្យ។

ប្រកួតចាញ់ Everton ក្រៅផ្ទះ ២ ទល់នឹង ០ បានបំបែកកំណត់ត្រា ជាប្រវត្តិសាស្ត្រលើកទីមួយ ដែលបិសាចក្រហម ចាញ់ Everton ទាំងក្នុងទឹកដី និងក្រៅទឹកដី បើគិតចាប់តាំងពី រដូវកាល ១៩៦៩-១៩៧០ មកទល់ពេលនេះ។

បន្ទាប់ពីជ្រើសរើសបេក្ខភាព ជំនួសគ្រូបង្វឹកចាស់ Sir Alex Ferguson ខុស តើបេក្ខភាព ណាមួយផ្សេងទៀត ស័ក្តសមបន្ត?

Jurgen Klopp ប្រហែលជាអាចជាប់ឈ្មោះ បន្ទាប់ពីដឹកនាំក្រុមអាឡឺម៉ង់ Borussia Dortmund បានជោគជ័យ។ គាត់បានចូលរួមជាមួយក្រុមនេះ ចាប់តាំងពីឆ្នាំ ២០០៨ ដោយធ្លាប់បានឈ្នះពាន DFB-Supercup និងពាន Bundesliga ២ រដូវកាលជាប់ៗគ្នា។ ក្នុងនោះដែរ គ្រូបង្វឹកម្នាក់នេះ ចំណាយថវិកាតិចតួចប៉ុណ្ណោះ ប៉ុន្តែអាចបង្វឹក កីឡាករឆ្នើមៗដូចជា Robert Lewandowski និង Ilkay Gundogan ម្នាក់ ៦.៧២ លានដុល្លារសហរដ្ឋអាមេរិក Mats Hummels ៥.០៤ លានដុល្លារសហរដ្ឋអាមេរិក និង Maro Reus ២៥.២០ លានដុល្លារសហរដ្ឋអាមេរិក ដែលស្នាដៃទាំងនេះ សុទ្ធតែមិនអាចមើលស្រាល បានឡើយ។


ប៉ុន្តែនៅមានបេក្ខភាពមួយទៀត នោះគឺលោក Louis van Gaal អតីតគ្រូបង្វឹក Bayern Munich ដែលទម្រង់លេងរបស់គាត់ គឺសម្រុកប្រយុទ្ធ ធ្វើអោយអ្នកគាំទ្របិសាចក្រហម ចូលចិត្តគ្រប់ៗគ្នា។ ធ្លាប់ឈ្នះពានក្នុង ពេលគ្រប់គ្រង ក្រុមអ្នកមានបុណ្យ Barcelona ក្រុម Bayern Munich និងក្រុម Ajax ក៏ដូចជាពាន Champions League និងពានរង្វាន់ ទ្វីបអឺរ៉ុបផ្សេងទៀត។

លោក Louis van Gaal នឹងទំនេរ បន្ទាប់ពី World Cup ដោយគាត់នឹងអស់ភារកិច្ច ក្នុងការដឹកនាំក្រុម មច្ចុរាជទឹកក្រូច ហូឡង់។


ប៉ុន្តែបើគ្រូបង្វឹក Moyes ត្រូវបណ្តេញចេញ នាពេលនេះ? តើមានអ្នកណានៅបង្វឹក ដោយមាន ៣ ប្រកួតនៅសល់នោះ? ប៉ុន្តែអតីតកីឡាករ Ryan Giggs ទំនងជាអាចធ្វើកិច្ចការនេះបាន ដោយមានអតីត មិត្តរួមក្រុមដទៃទៀត ដូចជា Gary Neville, Paul Scholes និង Nicky Butt នៅចាំទំនុកបម្រុង។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]