រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​បាន​​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ចិញ្ចើម​ផ្លូវកាល​ពី​ វេលា​​ម៉ោង​៣ និង​២០​​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧​ ឧសភា​​ ឆ្នាំ​២០១២ តាម​បណ្តោយមហា​វិថី​​ព្រះ​នរោត្តម​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ ដោយ​សារ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​​ប្រើ​ដុំ​ថ្ម​ និង​ដំបង​ព្រួត​គ្នា​វាយ​ ព្រោះ​តែ​ចូល​ច្រៀង​ខារ៉ា​អូ​ខេ​ឱ្យ​លុយ​ថ្លៃ​ច្រៀង​មិន​គ្រប់ ។ ចំពោះ​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​នេះ​ ភ្លាម​ៗ​ប៉ូលិស​ឃាត់​ខ្លួន​​បាន​២​នាក់ ប៉ុន្តែ​ពួក​គេ​បដិសេធ​ថា​ មិន​បាន​វាយ​​​​ឡើយ ​ទោះ​ជា​យ៉ាង​ណា​ក្តី ប៉ូលិស​បាន​នាំ​ខ្លួន​ជន​​​​ទាំង​២​នាក់​នេះ​ទៅ​សាក​សួរ​ផង​ដែរ ។ នៅ​នឹង​កន្លែ​ង​កើត​​ហេតុ​ បុរស​ម្នាក់​នេះ​​ត្រូវ​បាន​គេ​ស្គាល់ថា​​ឈ្មោះ​ឡុង សីហា ​អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សំណង់​​១២ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។

យោង​តាម​ប្រភព​ព័ត៌​មាន​​ពី​អ្នក​ឃើញ​​ហេតុ​ការណ៍​​ ខាងលើ​ ​​ឱ្យ​ដឹង​ថា មុន​ពេល​មាន​ការ​វាយ​តប់​ដោយ​ក្រុម​ក្មេង​ស្ទាវ​ គឺ​​មាន​ការ​ជជែក​គ្នា​ជា​មួយ​បុរស​ម្នាក់​នេះ​​ដោយ​ទារ​លុយ​ថ្លៃ​ច្រៀង​ ខារ៉ា​អូខេ ​ប៉ុន្តែ​បុរស​នេះ​​ប្រកែក​ថា អស់​លុយ​ហើយ។ ពេល​នោះ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ម៉ាក​ហុង​ដា​សេ​១២៥ ចំនួន​២​គ្រឿង និង​ម៉ាក​ស្ទេប​១​គ្រឿង មាន​គ្នា​៥​ទៅ​៦​នាក់ បាន​ប្រើ​ដំបង​ និង​ដុំ​ថ្ម​វាយ​ទៅ​លើ​ក្បាល​បុរស​នោះ​​គ្មាន​ត្រា​ប្រណី​​ឡើយ ។

ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​វាយ​បុរស​ខាង​លើ​ ឱ្យ​ដួល​ក្នុង​ថ្លុក​ឈាម​​​ហើយ ក្រុម​ក្មេង​ស្ទាវ​ទាំង​នេះ​ក៏បាន​នាំ​គ្នា​រត់​គេច​ខ្លួន ។ ប៉ុន្តែ​ក្រោយ​ពី​កើត​ហេតុ​បន្តិច ​ប៉ូលិស​ប៉ុស្តិ៍​​ចតុមុខ​ក៏​ឃាត់​ខ្លួន​បាន​២​នាក់ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បុរស​​ដួល​សន្លប់ តែ​​​ក្មេង​ស្ទាវ​ទាំង២​នាក់​នេះ​បដិសេធ​ថា ខ្លួន​មិន​បាន​វាយ​បុរស​នោះ​ទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]