ខេត្តកំពង់​ចាម​​​ ៖ ក្រោយ​ពី​កើត​​មាន​ករណី​បាញ់​ប្រហារ​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​ពី​​​ឪពុក​មា​ ជី​ដូន​មួយ​​លើ​ក្មួយ​​ស្រី​ឈ្មោះ​​ណយ ​លឹម​សេង​ អាយុ​៣៨​ឆ្នាំ ​រស់​នៅ​ភូមិ​​ស្រែ​​រំដួល ​ឃុំ​ដង​​ក្តារ ស្រុក​ស្ទឹង​ត្រែង​ ​​ចំនួន​៣​គ្រាប់​​ បណ្តាល​ឱ្យ​ស្លាប់​ ផ្តើម​ចេញ​​ពី​រឿង​ទំនាស់​​​លក់​ដី​ចម្ការ​​នោះ លោក​ឧត្តម​សេនីយ៍​​ត្រី​ ឆាយ ​គឹម​សុន ស្នង​ការ​នគរ​បាល​​​​ខេត្ត ​បាន​ចាត់​​ប៉ូលិស​​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់​ខេត្ត​​ឱ្យ​ទៅ​ស្រាវ​ជ្រាវ​​ ជា​បន្ទាន់ ។ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​​ជា​អ្នក​សម​គំនិត​​ម្នាក់​ត្រូវ​ជា​ឪពុក​មា ​ដែរ ​និង​ជា​អ្នក​គួក​ជេ​លក់​​ដី​បញ្ជូន​ទៅ​កាន់​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ ខេត្ត ។ នេះ​បើ​​តាម​ការ​​ឱ្យ​ដឹង​​ពី​លោក​​វរសេនីយ៍​ទោ ​សាន សុភា ​នាយ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​​២៥ ឧសភា ​។ ចំណែក​មេ​ខ្លោង​​​ដៃ​ដល់​វិញ​ពុំ​ទាន់​ត្រូវ​ចាប់​ខ្លួន​​នៅ​ឡើយ​ទេ ។

​នគរ​បាល​ស្រុក​ស្ទឹង​​ត្រង់​​រំលឹក​ថា ​ឪពុក​មា​ឈ្មោះ​អ៊ឹ​ម​ ចាន់ អាយុ​ប្រហែល​៥០​ឆ្នាំ ​បាន​ប្រើ​ប្រាស់​​កាំ​ភ្លើង​​អាកា ​បាញ់​​ស្រោចលើ​ក្មួយ​ស្រី​ប្រមាណ​ជិត​១០​គ្រាប់ កាល​ពី​វេលា​ម៉ោង​​៦​និង​​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ​នៅ​​ភូមិ​ជ្រៃ​​ហាយ ​ឃុំ​ដង​ក្តារ ស្រុក​ស្ទឹង​ត្រង់ ​​បណ្តាល​ឱ្យ​​ត្រូវ​ចំនួន​៣​គ្រាប់​ស្លាប់​​​ក្នុង​ថ្លុក​ឈាម ។ ចំណែក​​អ្នក​រត់​ម៉ូតូ​​ឌុប​វិញ​​អាយុ​ថ្លៃ​មិន​ត្រូវ​របួស​​​បាន​រត់​ចូល​ ក្នុង​ព្រៃ​​​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ។ ​ឪពុក​មា​រូប​នោះ​បាន​​ប្លន់​យក​​លុយ​ចំនួន​៣.១០០​ដុល្លារ​ ថ្លៃ​លក់​ដី​ពី​ក្មួយ​​ស្រី​មក​វិញ​​ ព្រម​ទាំង​បាន​រត់​គេច​​​​​​​​​បាត់​ស្រមោល​តាំង​ពី​ថ្ងៃ​នោះ​មក ។

មន្ត្រីនគរ​បាល​ស្រុក​ស្ទឹង​ត្រង់​​ប្រាប់​បន្ត​ថា ​ទំនាស់​​ដែល​ឈាន​​រហូត​ដល់​យក​កាំ​ភ្លើងបាញ់​ប្រហារ​​សម្លាប់​​ក្មួយ​ស្រី​ ដោយ​សារ​តែ​ឪពុក​មា​នោះ លក់​ដី​ចម្ការ​​ចំនួន​៩​ហិក​តា ​ឱ្យ​ក្មួយ​ស្រី​​ក្នុង​១​ហិក​​តា​តម្លៃ​៦០០​ដុល្លារ​​​ជា​ប្រភេទ​​ដី​ព្រៃ​ ​ហើយ​ត្រូវ​​​​ក្មួយ​ស្រី​ជួល​គេ​កាប់​​រាន​ស្អាត និង​​​ដាំ​ដំឡូង​​បាន​១​ឆ្នាំ ​ក៏​ត្រូវ​ឪពុក​​មា​នោះ​សុំ​ទិញ​វិញ តែ​ត្រូវ​​ក្មួយ​ស្រី​​លក់​ឱ្យ​ក្នុង​តម្លៃ​១​ហិកតា​​តម្លៃ​១.៤០០​ដុល្លារ​ ។ ការ​លក់​នោះ​​បាន​ឱ្យ​លុយ​​អស់​មួយ​ផ្នែក​​ធំ ហើយ​នៅ​ខ្វះ​​តែ​៣.១០០​ដុល្លារ​ប៉ុណ្ណោះ ។ ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុក​មា​ទៅ​វាស់ ​វែង​​ស្រាប់​តែ​ឃើញ​​​បាត់​១៧​អារ ទើប​កើត​​ទៅ​ជា​​​ការ​ឈ្លោះ​ប្រកែក​គ្នា​តឹង​សរសៃ​​​​​ក​​យក​ឈ្នះ​​រៀង​ៗ​ ខ្លួន ។ ក្នុង​ពេល​នោះ​ឪពុក​មា​បាន​គម្រាម​សម្លាប់​​ក្មួយ​​ស្រី​រូប​នោះ។

លោក​វរសេនីយ៍​​ទោ សាន សុភា ​នាយ​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​ខេត្ត​​ឱ្យ​ដឹង​​ថា ​ក្រោយ​អំពើ​​ឃាតកម្ម​​នោះ លោក​ស្នង​​ការ​នគរ​បាល​​ខេត្ត​ និង​លោក​ស្នង​​ការ​រង​​ទទួល​ផែន​កណ្តាល​​យុត្តិធម៌ បាន​ចាត់​កម្លាំង​​ឱ្យ​ទៅ​កន្លែង​កើត​ហេតុ ។ នៅ​ពេល​​ល្ងាច​​ថ្ងៃ​ទី​​២៣ ឧសភា ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ហេង រីន ​ភេទ​ប្រុស ​អាយុ​៤៩ឆ្នាំ ​រស់​នៅ​ភូមិ​អណ្តូ​​ងស្វាយ ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹង​​​ត្រង់ ជា​អ្នក​គួក​ជេដីបញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត ។ ជន​នោះ​​ឆ្លើយ​សារភាព​ថា គេ​ជា​អ្នក​​សម​គំនិត​​​ក្នុង​ករណី​​ឃាត​កម្ម​គ្រោ​ង​ទុក​ជា​មុន​នេះ ។ តាម​ការ​សារ​ភាព​ថា ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​​២២ ឧសភា ​ពេលស្រ្តី​​រង​គ្រោះ​​ឈ្មោះ​ លឹម សេង ​ជិះ​ម៉ូតូ​ឌុប​ទៅ​យក​លុយ​​នៅ​ភូមិ​​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ​បាន​ជាង​​២.០០០​ដុល្លារ នៅ​ខ្វះ​មួយ​ចំនួន​ទៀត​ណាត់​ឱ្យ​ទៅ​យក​នៅ​ផ្ទះ​របស់​ឈ្មោះ​រីន ​នៅ​ភូមិ​អណ្តូង​ស្វាយ ឃុំ​ព្រែក​កក់ និង​តម្រូវ​​ឱ្យ​ដេក​​១​យប់ ​ដើម្បី​​​រៀប​គម្រោង​​សម្លាប់​​ស្រ្តី​​រង​គ្រោះ​​បំបិទ​មាត់​​ ។

លោក​វរសេនីយ៍​ទោ សាន​ សុភា នាយ​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​បញ្ជាក់​ថា នា​​ល្ងាច​​ថ្ងៃ​ទី​២២ ឧសភា ​ជន​សង្ស័យ​រូប​នេះ និង​​មេ​​ខ្លោង​​ឈ្មោះ​អ៊ឹម ចាន់ ​បាន​​ទៅ​យក​កាំ​ភ្លើង​​អាកា​ ១​ដើម​ពី​ក្នុង​​ចម្ការ​​មួយ​ព្រម​ទាំងផឹក​ជា​មួយ​គ្នា​ទៀត​ផង និង​បាន​ដេក​នៅ​ក្នុង​ដី​ចម្ការ​​របស់​ឈ្មោះ​រីន ។ នៅ​វេ​លា​ម៉ោង​​ប្រហែល​​​ជាង​​៥​ព្រឹក ឈាន​ចូល​ថ្ងៃ​ទី​២៣ ឧសភា ​ឈ្មោះ​រីន បាន​ដើរ​ទៅ​​ផ្ទះ​វិញ​​​ ព្រម​ទាំង​​ប្រគល់​លុយ​ចំនួន​៣.១០០​​ដុល្លារ​ ទៅ​ឱ្យ​ស្ត្រី​រង​គ្រោះ​​ហើយ​ក៏​បាន​​ឱ្យ​លិខិត​ទិញ​លក់​ដី ។

ស្រប​ពេល​​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ឌុប​ទៅ​ដល់​​​​ ភូមិ​​ជ្រៃ​ហាយ ឃុំ​ដង​​ក្តារ ត្រូវ​​ឪពុក​មា​ស្ទាក់​បាញ់​ប្រហារ​ចំនួន​ជិត​១០​គ្រាប់ បណ្តាល​ឱ្យ​​ក្មួយ​ស្រី​​ឈ្មោះ​លឹម សេង ​​ត្រូវ​៣​គ្រាប់​​​ស្លាប់នៅ​ក្នុង​​ថ្លុក​​ឈាម ​ហើយ​អ្នក​រត់​​ម៉ូតូ​ឌុប​ជីវិត​ថ្លៃ​មិន​ត្រូវ​របួស​​របួស​អ្វី​ទេ ក៏រត់​យក​រួច​ខ្លួន ។ ​ចំណែក​​មេ​ខ្លោង​​ឃាតក​ដៃ​ដល់​បាន​យក​ប្រាក់​ថ្លៃ​​លក់​ដី​ចំនួន​៣.១០០​ ដុល្លារ រត់​គេច​ខ្លួន​បាត​់​ស្រមោលរហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ​មិន​ទាន់​ចាប់​ខ្លួនបាន​​នៅ​ឡើយ  ហើយ​​សមត្ថកិច្ច​​​​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]