រាជធានីភ្នំពេញ​ ៖ កញ្ញា​កាកា ត្រូវ​​គេ​ស្គាល់​តាម​រយៈ​ការ​ថត​ស្ប៉​ត​ពាណិជ្ជកម្ម​​ជា​ច្រើន​ដូចជា ហេឡូ សាប៊ូ​​កក់​សក់​សាន់​ស៊ីល សារាយ​ថៅ​កែ​ណយ ទស្សនាវដ្តី​ឡេឌី ​មិត្ត​ហ្វូន ​អែម​ហ្វូន​​​ ស្រា​បញ្ញា​សូ និង​​​ស្ប៉ត​ពាណិជ្ជកម្ម​​ជា​ច្រើន​ទៀត   ប៉ុន្តែ​​ស្ងាត់​មួយ​រយៈ​​ទៅ​វិញ ដោយ​សារ​តែ​នាង​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​​ នៅ​ប្រទេស​ថៃ រយៈ​ពេល​​​១​ឆ្នាំ ។ ​ពេល​នេះ​នា​ង​បាន​ត្រឡប់​មក​វិញ​ហើយ ​និង​កំពុង​តែ​​បោះ​ជំហាន​​​ចូល​ពិភពសិល្បៈ​​យ៉ាង​សន្សឹមៗ ដើម្បី​ចង់​​​បាន​ឈ្មោះ​ជា​តារា​ឆ្នើម​ប្រចាំ​ឆ្នាំ​នេះ ។

កញ្ញា​កាកា ​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា នា​ងចូល​​​ប្រឡូកសិល្បៈ​​​តាំ​ង​ពី​ឆ្នាំ​២០០៨មក​ម៉្លេះ ដោយ​នាង​ចូល​តាម​រយៈ​​មិត្ត​ភក្តិ ហើយ​​ចាប់​ផ្តើម​​តំបូង​គឺ​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ ។ ថ្មីៗ​នេះ​នាង​បាន​​ថត​​ខារ៉ា​អូខេ ​ឱ្យ​ផលិត កម្ម​​សាន់​ដេ និង​ថត​ស្ប៉ត​ឱ្យ​ម៉ាក​កាមេរ៉ា​​ផង​ដែរ ។ កាកា​ត្រូវ​ផលិតកម្ម​មួយ​ចំនួន​​ទាក់​ទង​ឱ្យ​​ថ​តខារ៉ា​អូខេ និង​ខ្សែ​ភាព​យន្ត​​ដែរ ​តែ​ដោយ​សារ​នាង​មាន​ការ​មមាញឹក​ក្នុង​ការ​សិក្សា​​ច្រើន​ពេក ​​ដូច្នេះ​ហើយ​ក៏​បដិសេធ ។ ទោះ​ជា​​យ៉ាង​ណា​ក្តីពេល​នេះ​នាង​នឹង​ឆ្លៀត​ពេល​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​វិស័យ​​​សិល្បៈ​វិញ ព្រោះ​អាជីព​សិល្បៈ​នាង​មាន​បំណង​​ប្រាថ្នា​​តាំង​ពី​កុមារ​ភាព​មក​ម៉្លេះ ។

​ស្រី​តូច​ច្រឡឹង​រូប​នេះបន្ថែម​ទៀត​ថា ​ឆ្នាំ​នេះ​នាង​មាន​អាយុ​​២២​ឆ្នាំហើយ ៗ​នាង​​កំពុង​តែ​បន​្ត​ការ​សិក្សា​នៅ​២​កន្លែង ​គឺ​វិទ្យាស្ថាន​វ៉ាន់ដា និង​សាកល​​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ ផ្នែក​អក្សរ​សាស្រ្ត​​​អង់គ្លេស​ ។ នាង​មាន​បង​ប្អូន​ចំនួន​៤​នាក់ ប្រុស​ម្នាក់​ ស្រី​​៣​នាក់ ចំណែក​​នាង​ជា​កូន​ពៅ ។ នៅ​ក្នុង​ត្រកូល​របស់​នាង​មិន​មាន​អ្នក​ណា​ម្នាក់​ជា​អ្នក​សិល្បៈ​ទេ ​ដោយ​ឪពុក​ម្តាយ​​ជា​អ្នក​រក​​ស៊ី​ធម្មតា​នៅ​រាជ​ធានីភ្នំពេញ​​ ។

តា​រា​រូប​នេះ​​ចូល​ចិត្ត​​សម្លៀក​បំពាក់​បែប​សិច​ស៊ី​ ប៉ុន្តែ​គេ​មិន​ដឹង​ថាតើ​នាង​​ហ៊ាន​ថត​ស្ប៉ត​ ឬ​ក៏​ចូល​ចិត្ត​​ថត​រូប​សិច​ស៊ី​បញ្ចេញ​​ដើម​ទ្រូង​យ៉ាង​ស្រស់​ស្អាត​​ដូច ​ជា​​តារា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើង​​ដែរ​ឬ​​ក៏​យ៉ាង​ណា​ទេ ។
ទាក់​ទិន​ទៅ​នឹង​បញ្ហា​​នេះ​កាកា ប្រាប់​​ឱ្យ​ដឹងថា «ថ្វី​ដ្បិត​​តែ​ខ្ញុំ​ចូល​ច​ិត្ត​ស្លៀក​ពាក់​​​សិច​ស៊ី​បន្តិ​ច​មែន ​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ថត​ស្ប៉ត​​ពាណិជ្ជកម្ម​​ ឬ​ក៏​ថត​បែប​សិចស៊ី​​បញ្ចេញ​​​លើ បញ្ចេញ​ក្រោម​​ទេ ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ​​​ ខ្ញុំ​ស្រលាញ់​ប្រពៃ​ណី និង​វប្បធម៌​ខ្មែរ ។​ ​និយាយ​រួម​ខ្ញុំ​​មិន​ចូល​ច​ិត្ត​​​សិច​ស៊ី​ពេក គឺ​ចូល​ចិត្ត​​សិច​ស៊ី​បែប​ធម្មតាៗ​» ។

ចំពោះ​បញ្ហាស្នេហា​វិញ​កាកា ​ប្រាប់​ឱ្យ​ដឹងថា ​សព្វ​ថ្ងៃ​​នេះ​នាង​មាន​គេ​តាម​ស្រលាញ់​​ច្រើន​ណាស់​​ទាំង​បុរស​ចាស់ និង​ក្មេង​ ប៉ុន្តែ​នាង​មិន​ទាន់​ហ៊ាន​ជ្រើស​រើស​​​ទេ ចង់​ទុក​ពេល​សម្រាប់​ការ​សិក្សា​​ និង​សិល្បៈ​ឱ្យ​ច្រើន​ជាង​រឿង​ស្នេហា ។ ក្រៅ​ពី​ការ​សិក្សា និង​សិល្បៈ​នាង​ក៏​មាន​បំណង​​ចង់​បើក​ហាង​​លក់​សម្លៀក​បំពាក់​​មួយ​កន្លែង​​ផង​ដែរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]