រាជធានីភ្នំពេញ​​​ ៖ ម៉ូតូ​អាយខន់ ១​គ្រឿង​​ ​ដួល​លើ​ម៉ូតូ​សង​់​កូរ៉េ នៅ​​​ចិញ្ចើម​ផ្លូវ ​ហើយ​ម្ចាស់​ម៉ូតូ​អាយ​ខន់ ​ស្រែក​ថា​​ជា​ករណី​ប្លន់​យក​ម៉ូតូ​ តែ​តាម​ការ​សន្និដ្ឋាន​​របស់​ប៉ូលិស​មូល​ដ្ឋាន​​ថាជា​​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៤ ឧសភា ​នៅ​តាម​ផ្លូវលេខ​​៤៨៨កែង​ផ្លូវ​លេខ​១៤៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ម៉ូតូ​អាយ​ខន់ ​ជិះ​តាម​ផ្លូវ​លេខ​​៤៨៨ ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​សង់​កូរ៉េ​ ​ជិញ​គ្នា​៣​នាក់​ ជា​បុរស​​ ក្នុង​ទិស​ដៅ​​ផ្ទុយ​គ្នា ​លុះ​​ដល់​ផ្លូវ​កែង​លេខ​១៤៥ ​ម៉ូតូ​​សង់​កូរ៉េ​ក៏​បត់​ឆ្វេង​បណ្តាល​ឱ្យ​បុក​ដួល​​លើ​គ្នាតែ​ម្តង ។អ្នក​បើក​ម៉ូតូ​អាយ​ខន់ ​ឈ្មោះ​​ជន​ សំកាល់ ​ភេទប្រុស ​អាយុ​២៨​ឆ្នាំ ​ជា​ជាង​​ជួល​ជុល​រថយន្ត​​នៅ​យាន​ដ្ឋាន​ពេញ​ចិត្ត ​ស្នាក់​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន សង្កាត់​មាន​ជ័យ ​ឱ្យ​ដឹងថា ​ខណៈ​រូប​គេ​​ជិះ​ម៉ូតូ​​ត្រឡប់​​មក​ពី​ដឹក​មិត្ត​ភក្តិ​​ជា​ជាង​ជួស​ជុល​ រថយន្ត​ពី​ស្ទឹង​មាន​ជ័យ​​​ទៅ​យាន​ដ្ឋាន​ បាន​​ប្រមាណ​៣០​ម៉ែត្រ ស្រាប់​តែ​ត្រូវ​បុរស​​​៣​​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ​មក​ដល់​​ធាក់​​ម៉ូតូ​របស់​គេ​​ដួល​ ហើយ​យក​ឈើ​ជ្រុង​​វាយ​គេ​បែក​ចិញ្ចើម​ខាង​ឆ្វេង និង​វាយ​ខ្លួន​ប្រាណ​ទៀត ។

ស្រប​ពេល​នោះ​​បុរស​​​ម្នាក់​ជិះ​ម៉ូតូ​ណៃ​ហត​ មក​​ដល់​ឃើញ​កំពុង​តែ​​ប្រតាយ​ប្រតប់​គ្នា​​ក៏​ដក​កាំ​ភ្លើង​បាញ់​ឡើង​លើ​ មួយ​គ្រាប់ ​ធ្វើ​ឱ្យ​បុរស​៣​នាក់​​នោះ​រត់​​គេចខ្លួន​​តាម​ផ្លូវ​លេខ​១៤៥​បាត់​ស្រមោល ។ ​ចំណែក​បុរស​​អ្នក​​បាញ់​នោះ​ក៏​​ជិះ​​ម៉ូតូ​ចេញ​ទៅ​បាត់​ដែរ ​ហើយ​រូប​គេ​បាន​រត់​សំដៅ​ទៅ​យាន​ដ្ឋាន​​បណ្តើរ​ស្រែក​ថា​ចោរ​ប្លន់​បណ្តើរ ។

ទាក់​ទិន​នឹង​ករណី​នេះ​​ប៉ូលិស​មូល​ដ្ឋាន​​ថា ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​មែន​ជា​ករណី​ប្លន់​យក​ម៉ូតូ​ទេ ។ ម៉ូតូ​ទាំង​ពីរ​​គ្រឿង​ត្រូវ​សមត្ថកិច្ច​វាស់​វែង​ និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​ចំការ​មន រង់​ចាំ​​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ​ត្រឡប់​ទៅ​ដោះ​ស្រាយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]