កាលពីរាត្រីម្សិលមិញនេះ ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមឆ្មារខ្មៅ Sunderland ដោយលទ្ធផល ២ទល់នឹង១ នាកីឡាដ្ឋាន Anfield ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជិត ៤៤ ៥២៤ នាក់។

សម្លេងគាំទ្រ និងស្នូរទះដៃបានខ្ទរឡើងយ៉ាងពេញទំហឹង ខណៈសម្លេងកញ្ចែ របស់អាជ្ញាកណ្តាលបានបន្លឺឡើង បើកការប្រកួត។ ដោយសារតែទម្រង់លេងល្អ និងលេងនៅផ្ទះ ក្រុមហង្សក្រហម ហាក់មានប្រៀបយ៉ាងខ្លាំង ដោយវាយសម្រុកក្រុមភ្ញៀវយ៉ាងខ្លាំង រហូតដល់ប្រធានក្រុម Steven Gerrard អាចរកគ្រាប់បាល់ ដោយការស៊ុតបាល់ freekick ជិតតំបន់ពិន័យ ១១ ម៉ែត្រ បានយ៉ាងល្អឥតខ្ចោះ នៅនាទីទី ៣៩ ជួយអោយក្រុមម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ ដោយលទ្ធផលចប់តង់ទីមួយ ១ទល់នឹង០។

លុះឈានចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះនៅតែគាបសង្កត់យ៉ាងខ្លាំង ដោយលើកនេះខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស Daniel Sturridge អាចរកគ្រាប់បាល់បានវិញម្តង ដោយថ្វីជើងខាងឆ្វេង ស៊ុតកោងបំប៉ោងសំណាញ់ទី បានសម្រេច បន្ទាប់ពីការបញ្ចូលបាល់ពីមិត្តរួមក្រុម Henderson នៅនាទីទី ៤៨។

ក្រុមភ្ញៀវដែលធ្លាក់ជើង ក៏មិនបណ្តោយខ្លួន ប៉ុន្មានដែរ ដោយអាចរកគ្រាប់បាល់បានមួយគ្រាប់មកវិញ ដោយការតែតបញ្ចូលទី ពីសំណាក់កីឡាករ Sung-Yong Ki នៅនាទីទី ៧៦ បន្ទាប់ពីការបញ្ចូលបាល់ Corner ពីកីឡាករ Adam Johnson ជួយអោយលទ្ធផលបញ្ចប់ការប្រកួត ហង្សក្រហម Liverpool ឈ្នះឆ្មារខ្មៅ Sunderland ២ទល់នឹង១។

គួរបញ្ជាក់ផងដែរថា លទ្ធផលនេះបានជួយអោយហង្សក្រហម ឡើងទៅឈរនៅតំណែងលេខរៀងទី ២ ក្នុងតារាង Premier League មាន ៦៨ ពិន្ទុ តាមពីក្រោយតោខៀវ Chelsea ១ ពិន្ទុ ខណៈក្រុមឆ្មារខ្មៅ Sunderland ដូចជាពិបាកងើបមុខ ដោយបច្ចុប្បន្នឈរនៅតំបន់កាត់ចោល លេខរៀងទី ១៨ មាន ២៥ ពិន្ទុតែប៉ុណ្ណោះ។




*** វីដេអូ ***

 

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]