រាជធានីភ្នំពេញ ៖ ​​​រថយន្ត​​កាមរី​ឆ្លាម​​មួយ​គ្រឿង​​​បើក​បរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ស្រវឹង​​ជោក​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រះ​​អ្នក​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ជា​បន្ត​បន្ទាប់​​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ។ រីឯ​រថយន្ត​បាន​រេ​ចង្កូត​ឡើង​ចិញ្ចើម​​ផ្លូវ​រួច​ជ្រុ​ល​ទៅ​បុក​​ដើម​​ឈើធំ​​មួយ​ដើម​​ បណ្តាល​ឱ្យ​ក្រពឹត​​រួញ​ខូច​ខាត​ទាំងស្រុង ។ ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៨​និង​២០​នាទី​​យប់ ថ្ងៃទី​​២៥ មករា ​២០១២ ​នៅលើ​កំណាត់​​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ត្រង់​​ចំណុច​ផ្លូវ​កោង​​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ប្រភព​​បាន​ឱ្យ​ដឹង​ថា រថយន្តបង្ក​​ដែល​បុក​មនុស្ស​ស្លាប់ និង​របួស​នោះ​ម៉ាក​តូយ៉ូ​តា​​កាមរី​ឆ្លាម​​ពណ៌​​​ស្ករ​ ​បើក​បរ​ដោយ​​មន្ត្រីយោធា​ម្នាក់​ស្រវឹង​ជោក​។ ចំណែក​​ជន​រងគ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឌុល ផៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ស្រុក​​កំណើត​ភូមិ​ព្រៃស្និត ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ បច្ចុ​ប្បន្ន​មាន​ទីលំនៅ​​ផ្ទះ​លេខ​៤៨ ​ផ្លូវ​​ជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​​ម៉ាក​ហុង​ដា C125 ​ស៊េរី​ឆ្នាំ​​២០០៨ ​ពណ៌ខ្មៅ ​និង​អ្នក​រង​របួស​ធ្ងន់​ឈ្មោះ​ចេង គឹម​ហេង ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​​មាន​ទី​លំនៅ​ផ្ទះ​លេខ​១០៦ ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ​ជិះ​​ម៉ូតូ​ម៉ាក​ហុង​ដាគុប​ជ្រុង C50 ​ពណ៌​ទឹក​ប៊ិច​ចាស់ ​​កំពុង​សម្រាក​​ព្យា​បាល​​របួស​នៅ​មន្ទីរ​ពេទ្យ ។ ​តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើត​ហេតុ​​គេ​​ឃើញ​ជន​រង​គ្រោះ​​ទាំងពីរ​នាក់​ខាង​លើ​ជិះ​ម៉ូតូ​​ក្នុង​ដំណើរ​ពី​ជើងទៅ​ត្បូង​ស្របទិស​គ្នា​​ ខណៈ​នោះ​ស្រាប់តែ​មានរថយន្ត​ម៉ាក​កាមរី​​ឆ្លាម​​បើក​​យ៉ាង​លឿន​ស្រប​គ្នា​​ជា​មួយ​អ្នក​ជិះ​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​ដែរ ។ ​ប្រភព​ដដែល​បាន​បន្ត​ទៀត​​ថា លុះ​ទៅដល់​ត្រង់​​ចំណុច​​ផ្លូវ​កោង​កន្លែង​កើត​ហេតុ​​​រថយន្ត​កាម​រីឆ្លាម​​បាន​បុក​រះ​ម៉ូតូ​​ទាំងពីរ​គ្រឿង​ពីក្រោយ​​ពេញទំហឹង​​ជា​បន្ត​បន្ទាប់​​រួច​​ក៏​​ជ្រុល​​ឡើងទៅ​លើ​ចិញ្ចើម​​ផ្លូវ ហើយ​​បុក​ដើម​ឈើ​ធំ​មួយ​ដើម បណ្តាល​ឱ្យ​ក្រពឹត​រួញ​ផ្ទុះ​ពោង​សុវត្ថិ​ភាព​​ទាំង​​អស់ ទើប​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ​​អ្នក​បើ​ក​ម៉ូតូ​​​ឌ្រីម C125 បាន​ខ្ទាត​​ចេញពី​ម៉ូតូ​​ចម្ងាយ​ជាង​៥​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។​​ រីឯ​​ម៉ូតូគុប​ជ្រុង​ជ្រុល​ទៅ​មុខ​​ចម្ងាយ​​ពី​រថយន្ត​ជាង​១០​ម៉ែត្រ​​អ្នក​បើក​បរ​​រង​របួស​​ធ្ងន់ ហើយ​​ម៉ូតូទាំង​ពីរ​គ្រឿង​សុទ្ធ​តែ​​ខ្ទេច​​មួយ​កំណាត់​​ខាង​ក្រោយ​ដូចគ្នា៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

រាល់មតិទាំងអស់ ខាងក្រោម ជាងការសំដែងមតិ តាម Facebook មិនមែនជា ការទទួលខុសត្រូវ របស់កោះសន្តិភាព។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]