កំពង់ចាមៈស្ត្រីម្នាក់បានលក់ដីហើយ អ្នកទិញប្រគល់លុយ ឲ្យមិនទាន់គ្រប់ផង ត្រូវអ្នកទិញបាញ់សម្លាប់ យកលុយវិញ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកស្ទឹងត្រង់ លោកជា ធារិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ស្រី្តរងគ្រោះមានឈ្មោះ លឹម សេង អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់។ ដោយឡែក ជនដៃដល់ដែលប្រើកាំភ្លើងអាកា បាញ់ទៅលើស្រ្តីរងគ្រោះ សមត្ថកិច្ចនគរបាល ស្រុកស្ទឹងត្រង់ បានកំណត់ មុខសញ្ញាបានច្បាស់លាស់ ហើយជនល្មើសនោះ មានឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិជាមួយជនរងគ្រោះដែរ ។

លោកអធិការបានឲ្យដឹងទៀតថា ក្នុងករណីខាងលើដើមឡើយ ស្រ្តីរងគ្រោះបានទិញដីពីឈ្មោះ ចាន់ នោះ ទំហំ៩ហិកតា ក្នុងតម្លៃ៦០០ដុល្លារ ជាប្រភេទដី ស្ថិតនៅចំណុចទទឹងថ្ងៃ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ លុះកន្លងមកជាច្រើនឆ្នាំ ស្រ្តីរងគ្រោះបានកាប់ព្រៃរានធ្វើចំការ រហូតមកសព្វថ្ងៃ។ លុះហើយដីចំការនោះល្អ ជនល្មើសឈ្មោះ ចាន់ បានសុំទិញពីស្រ្តីរងគ្រោះវិញ ដោយព្រមគ្នាក្នុងតម្លៃ ១២.១០០ដុល្លារ លុះដល់ពេលនាំគ្នាទៅវាស់ដី ឃើញថា ទំហំដីនោះមិនគ្រប់៩ហិកតាទេ ពោលគឺខ្វះ ១៧អារ ក្រោយពីដឹងថា ខ្វះអ្នកទិញឈ្មោះចាន់បានប្រកែកគ្នា ជាមួយស្ត្រីរងគ្រោះ បន្ទាប់មកឈ្មោះ ចាន់ បានប្រគល់លុយឲ្យ ទៅស្រ្តីរងគ្រោះ ចំនួន៩.០០០ដុល្លារសិន នៅខ្វះច្រាក់ចំនួន ៣១០០ដុល្លារទៀត។ លុះនៅព្រឹកថ្ងៃកើតហេតុ ស្រ្តីរងគ្រោះបានទៅភូមិអណ្តូងស្វាយ ដើម្បីយកលុយ ដែលនៅខ្វះ ៣១០០ដុល្លារ នោះ ប៉ុន្តែពេលនោះ អ្នកទិញឈ្មោះ ចាន់ បានប្រគល់លុយឲ្យតែចំនួន ២.៨៦០ដុល្លារ ហើយបន្ទាប់មកស្រ្តីរងគ្រោះ បានជិះម៉ូតូជាមួយប្អូនធម៌ ត្រឡប់មកផ្ទះវិញ លុះជិះចេញពីភូមិអណ្តូងស្វាយ បានប្រហែល ២គីឡូម៉ែត្រ ស្រាប់តែអ្នកទិញដីឈ្មោះចាន់ បានយកកាំភ្លើងម៉ាកអាកា បាញ់ទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យស្លាប់តែម្តង ហើយក្រោយពីធ្វើសកម្មភាព ជនដៃដល់រូបនោះ បានរត់គេចខ្លួនបាត់ទៅ។

លោកអធិការបានបន្តទៀតថា បច្ចុប្បន្នជនល្មើស សមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ឪពុកមាជីដូន​មួយ​​​ទិញ​ដី​ពី​ក្មួយ​ស្រី​ហើយ បាញ់​ក្មួយស្រី​​ស្លាប់​ប្លន់​យក​លុយ​វិញ

ខេត្ត​កំពង់ចាម ៖ ​ រឿង​ទំនាស់​​ដី​ចម្ការ​ទំហំ​​៩​ហិកតា ​​ឪពុក​មា​ជីដូន​មួយ​បាន​ក្លាយទៅ​ជា​ឃាតករ​ស្ទាក់​បាញ់ប្រហារ​​​​អស់​ជិត​​១០​គ្រាប់ ​​មក​លើ​ក្មួយស្រី​​ឈ្មោះណយ ​​លឹមសេង អាយុ​៣៨​ឆ្នាំ ​រស់នៅ​​ភូមិ​ស្រែ​រំដួល​​ ស្រុក​​ស្ទឹង​ត្រង់​​​​ត្រូវ​ចំនួន​៣គ្រាប់​ចំ​ដៃ​ឆ្វេង​ ​ក្បាល និង​ទ្រូង​ស្លាប់​ភ្លាមៗ​មួយរំពេច ​បន្ទាប់ពី​ទិញ​ដីពី​​ក្មួយស្រី​​​​​ហើយ ​​តាមបាញ់​ប្លន់​យក​លុយ​​វិញ ​។

ហេតុការណ៍នេះ ​បានកើត​ឡើង​​​កាលពីវេលា​ម៉ោង​៦ និង​២០នាទី​ព្រឹក​ថ្ងៃទី២៣ ​ឧសភា ២០១២ ​ស្ថិត​នៅត្រង់​ចំណុច​​ក្នុង​ភូមិ​ជ្រៃ​ហាយ​ឃុំ​ដងក្តារ​​ ស្រុកស្ទឹង​​ត្រង់ ​ពេលដែល​​ស្ត្រី​រង គ្រោះ​​​កំពុង​តែ​ជិះ​ម៉ូតូ​ទៅយក​លុយ​​​ថ្លៃ​លក់ដី​​​​តាម​ការ​ណាត់ពី​ជនដៃដល់​នៅ​ខ្វះ​ចំនួន​៣.១០០​ដុល្លារទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]