រាជធានីភ្នំពេញ ៖ មកដល់ថ្ងៃនេះជិត១សប្ដាហ៍ហើយ ក្នុងការតាមប្រមាញ់ដើម្បី វែកមុខចោរទមិឡឥតសាសនា ដែលបានលួចវត្ថុមានតម្លៃពីក្នុង សុគន្ធកុដិ ក្នុងវត្តឧណ្ណាលោម តែលទ្ធផលយ៉ាងណានោះ កំពុងស្ថិតក្នុងការស៊ើបអង្កេត របស់សមត្ថកិច្ចនៅឡើយ ដែលកំពុងប្រមូលភស្ដុតាងនានា តាមការស្រាវជ្រាវប៉ុន្មាន ថ្លៃកន្លងមកនេះ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ប៉ូលិសរាជធានីភ្នំពេញ និងប៉ូលិសខណ្ឌ បានសហការគ្នាយ៉ាងក្ដៅគគុក រួមជាមួយមន្ត្រីសាលាដំបូង រាជធានីផងដែរ ធ្វើការឆែកឆេរជាបន្តបន្ទាប់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៣ មីនា ក្រុមមន្ត្រីនានា បានធ្វើការឆែកឆេរ កុដិលេខ៧ ដើម្បីស្វែងរកខ្ចៅដៃជនសង្ស័យ ។ ក្នុងការឆែកឆេរមួយឈុតនោះ ម៉ូតូ១គ្រឿងរកម្ចាស់មិនឃើញ ក៏ត្រូវបានយកទៅរក្សាទុកនិងរក ឃើញដែកកាត់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមលើការឃាត់ខ្លួន មនុស្ស៣នាក់រួចទៅហើយ កាលពីថ្ងៃទី១១ មីនា ។ ទោះបីជាមានការឃាត់ខ្លួន មនុស្សទាំងអស់៤នាក់ហើយក្ដី ក៏ជន៣នាក់ត្រូវបានដោះលែង ឱ្យមានសេរីភាពវិញ និងនៅសល់តែម្នាក់ទេ ដែលមានការសង្ស័យច្រើនជាងគេ ប៉ុន្តែជនសង្ស័យនោះនៅតែប្រកែក ។

អ្នកតាមដានជុំវិញបញ្ហានេះនិយាយថា មិនមាននរណាម្នាក់ ដឹងថាវត្ថុមានតម្លៃដាក់តាំងនៅកន្លែង ណា ទីណានោះទេ ក្រៅពីអ្នកនៅក្នុងវត្តនេះ។ អ្នកតាមដានដដែលនៅតែ មានការសង្ស័យថា ចោរទមិឡដែលបានលួចវត្ថុ មានតម្លៃនានានោះនឹងត្រូវអស់ លក្ខណ៍ដូចចោរទមិឡ លួចព្រះបរមសារីរិកធាតុនោះដែរ ។ ការបាត់បង់រតនវត្ថុទាំងនេះ បានបង្ហាញឱ្យឃើញថា សីលធម៌សង្គមបានធ្លាក់ចុះ យ៉ាងច្បាស់ដែល ដើម្បីលុយអ្វីៗក៏ហ៊ានធ្វើដែរ ។

គួររំលឹកថា វត្ថុមានតម្លៃជាច្រើន ត្រូវបានចោរលួចចេញពីសុគន្ធកុដិ ដែលស្ថិតនៅខាងត្បូងមហាកុដិ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្នុងវត្តឧណ្ណាលោម ។ ការបាត់បង់នេះបានកើតមាន កាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ មីនា ដោយក្រុមចោរ បានកាត់ដែកចម្រឹងបង្អួចចូលលួច ។ ចោរមិនស្គាល់មុខបានលួចយក កោដ្ឋដាក់ធាតុចំនួន១ ធ្វើអំពីស្ពាន់ កោដ្ឋមានអដ្ឋិធាតុមួយចំនួនដែលមានតម្លៃ ក្រឡធ្វើអំពីប្រាក់ចំនួន១ និងព្រះបដិមាស្រោបមាសចំនួន៥អង្គ ដោយក្នុងមួយអង្គមានស្រោបមាស២តម្លឹង ។ ក្រៅពីនេះក៏មានបាត់ភ្លុកដំរី១គូ ប្រវែង៨តឹក ទម្ងន់ប្រហែល១០គីឡូក្រាម ។

ព័ត៌មានលម្អិតនៃការស៊ើបអង្កេតរបស់កម្លាំង សមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រសួង មិនទាន់ទទួលបានការបញ្ជាក់ ជាផ្លូវការណាមួយនៅឡើយទេ ចំពោះករណីចោរចូលលួច របស់មានតម្លៃ នៅក្នុងវត្តឧណ្ណាលោម ទីកន្លែងដែលសម្តេច ព្រះមហាសង្ឃរាជ ទេព វង្ស គង់នៅ ។មន្ត្រីដែលស្និទ្ធនឹងការស៊ើបអង្កេតនេះ បានបន្លុយឱ្យដឹងថា នគរបាលព្រហ្មទណ្ឌក្រសួង បានហៅមនុស្សដែលសង្ស័យ មកសាកសួរជុំវិញករណីនេះ តែពួកគេបានបដិសេធ ។ ទោះបីជាបែបណា សមត្ថកិច្ចកំពុងត្រួតពិនិត្យស្នាមខ្ចៅដៃ ដែលចោរបានបន្សល់ទុក ក្នុងសុគន្ធកុដិ ខណៈពេលចូលទៅលួចនោះ ហើយបើផ្ទៀងជាមួយខ្ចៅដៃ ជនសង្ស័យទាំង៣នាក់ មិនដូចគ្នាទេនោះពួកគេក៏មានសេរីភាពវិញដែរ ។

អ្នកដែលមានការភ្ញាក់ផ្អើលបានហៅថា នេះជាសកម្មភាពរបស់ចោរទមិឡ ដែលបានរៀនសូត្រ ពីចោរទមិឡ ដែលបានលួចព្រះបរមសារីរិកធាតុ និងព្រះបដិមាស្រោបមាស មានតម្លៃជាច្រើនអង្គ ពីក្នុងព្រះបរមសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ ឬប្រៀបដូចចោរទមិឡកើតកូន ។ ទោះបីជាបែបនេះក្តី ដោយសារបារមីរបស់ព្រះ ដ៏មានព្រះភាគ ចោរទមិឡជាមេនោះក៏ត្រូវអស់លក្ខណ៍ ។ ចំណែកលើកនេះ ក៏សង្ស័យមិនខុសគ្នានោះទេ ដែលចោរទមិឡទាំងអស់នឹងត្រូវវែកមុខ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]