ភ្នំពេញ  ៖ ជនឆបោកម្នាក់ ត្រូវបាន កម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួន ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះពីរនាក់ ស្ដីពីករណីស៊ីដាច់ម៉ូតូរបស់ពួក គេ កាលពីចុងឆ្នាំ២០១៣ ហើយសមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ រូបនេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវលេខ២៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បាននិយាយថា ជនសង្ស័យរូបនេះ ឈ្មោះនី ប៊ុនរ៉ា អាយុ២៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដ កណ្ដាល ។

ដោយឡែកជនរងគ្រោះទាំងពីរនាក់ ទី១ ឈ្មោះមៀច ថងវិសាល ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរនិស្សិត ផ្នែកច្បាប់ រស់នៅផ្ទះជួល ក្រុមទី១១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់ម៉ូតូម៉ាកសេ ១២៥ ស៊េរី ឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1D-8760 និងជនរងគ្រោះទី២ ឈ្មោះឆាង សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ ក្រុមទី១១ ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា បាត់ម៉ូតូម៉ាកស៊ីរូស ពណ៌ក្រហម លាយខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ន.ប ៦៦៧៧ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ពោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យ បានខ្ចីម៉ូតូជនរងគ្រោះទី១ នៅ ចំណុចហាងកាហ្វេ សង្កាត់ទឹកថ្លា ហើយមិនឃើញ យកត្រឡប់មកវិញ លុះដល់ខែមករា ឆ្នាំ២០១៤ ជនសង្ស័យរូបនេះ បានទៅខ្ចីម៉ូតូប្រពន្ធរបស់ជនសង្ស័យទី២ នៅសង្កាត់ទឹកថ្លា ហើយក៏មិនបានយកមកវិញ ។ ក្រោយពីដឹងថា ជនសង្ស័យរូបនេះបោកម៉ូតូរបស់ខ្លួន ជនរងគ្រោះទាំងពីរនាក់ បានដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋាន រួចធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួន ជនសង្ស័យតែម្ដង ។

យោងតាមចំលើយសារភាព ជនសង្ស័យ រូបនេះ បាននិយាយថា ម៉ូតូរបស់ជនរងគ្រោះ ទី១ ត្រូវបានរូបគេយកទៅដាក់បញ្ចាំនៅហាងលក់ម៉ូតូផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ ៧៣០ដុល្លារ និងម៉ូតូរបស់ជនរងគ្រោទី២ យកទៅដាក់ បញ្ចាំនៅហាងលក់ ផ្សារឃ្លាំងរំសេវ ដដែល ក្នុងតម្លៃ ៣០០ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋ មួយចំនួន បានអំពាវនាវឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គួរចុះទៅ ពិនិត្យមើលនិងលុបបំបាត់ការបញ្ចាំម៉ូតូ និង ទិញម៉ូតូពីចោរនៅផ្សារឃ្លាំងរំសេវ ពីព្រោះ វាមានច្រើនករណីណាស់ កន្លងទៅ ដែលចោរប្លន់និងលួច បានយកទៅបញ្ចាំនិង លក់នៅទីនោះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]