ភ្នំពេញ : ទារិកាដ៏ទ្រលុកទ្រលន់មួយ ត្រូវបានប្រសូត្រ ចេញពីផ្ទៃម្តាយ ប្រកបដោយសុវត្ថិភាព និងមានសុខភាព ល្អ ខណ:ម្តាយកំពុងជិះម៉ូតូតម្រង់ ទៅរកមន្ទីរពេទ្យសម្ភពមួយ ដែលនៅជិតលំនៅឋាន តែទៅបានពាក់ កណ្តាលផ្លូវ ក៏ត្រូវឈឺពោះ ហើយប្រសូត្រតែម្តង ដោយមានការជួយសម្រួល និងឧបត្ថម្ភពី លោក សេង សាញ់ ចៅសង្កាត់មានជ័យ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។

ហេតុការណ៍ដ៏កម្រមួយនេះ កើតឡើង កាលពីវេលាម៉ោង ៦និង១១នាទីព្រឹកព្រលឹម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ មុនីរ៉េត ជិតមណ្ឌលសុខភាព ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្រ្តីកម្មករដែលសម្រាលកូន នៅលើម៉ូតូតាមដងផ្លូវនេះ ឈ្មោះ យ៉ា សុខនីន អាយុ ៣៥ឆ្នាំ មានប្តីឈ្មោះ វ៉ាន់ គ្រាន អាយុ ៣៩ឆ្នាំ ស្នាក់នៅ និងធ្វើកម្មករ ក្នុងបុរី លឹម ឈាងហាក់ ក្នុងខណ្ឌដង្កោ និងមានស្រុកកំណើត ភូមិថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយមានកូនប្រុសស្រី ៥នាក់ ក្នុងនោះ ប្រុស៣ ស្រី២ ហើយកូន សម្រាលតាមផ្លូវនេះ ជាកូនទី៥ ភេទស្រី មានទម្ងន់ជាង២គីឡូក្រាម ។

តាមការរៀបរាប់របស់ប្តី បានឲ្យដឹងថា នៅម៉ោងជិត៦ ព្រឹកព្រលឹម ប្រពន្ឋបានប្រាប់ ថាឈឺពោះ សង្ស័យជិតកើត កូន ភ្លាមៗនោះគាត់បានដឹក តាមម៉ូតូ ក្នុងបំណងឆ្ពោះមក មណ្ឌលសុខភាពស្ទឹងមានជ័យ ខណ:ជិតមកដល់ ស្រាប់តែ ប្រពន្ធគាត់ ឈឺពោះកាន់តែខ្លាំងឡើងៗ ហើយក៏សម្រាល កូនស្រីនៅលើម៉ូតូតែម្តង ។

ប្តី វ៉ាន់ គ្រាន បន្តថា ភ្លាមៗនោះ ក៏បានបងប្អូនប្រជាពលរដ្ឋ ជិតកន្លែងកើតហេតុ បានជួយជ្រោមជ្រែង ផ្តល់ សម្ភារសម្រាប់ទារកខ្លះ និងបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានជួយឧបត្ថម្ភថវិកា ជាច្រើន និងបានហៅរថយន្តសម្ភព មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ទៅដឹកមកកាន់មន្ទីរពេទ្យ ដើម្បីសម្រាក ផងដែរ ។

ជាមួយគ្នានេះ លោក វ៉ាន់ គ្រាន ជាប្តី និងភរិយា សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន ជួយជា ពិសេសរលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលបានជួយឧបត្ថម្ភថវិកា ដល់គ្រួសារគាត់ ដែលកំពុងខ្វះខាតនាពេលនេះផងដែរ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]