បន្ទាប់ពីភាពកក្រើកអស់បណ្តាញអ្នកលេងអ៊ិនធើណែត ស្តីអំពីព័ត៌មានដែលក្រុមហ៊ុន Facebook បានសម្រេចចិត្តទិញ WhatsApp ដែលជាកម្មវិធីទំនាក់ទំនងអេឡិចត្រូនិច (chat) កន្លងទៅនេះ។

ក្នុងពិភពនៃបច្ចេកវិទ្យាគឺជាសមរភូមិស្លាប់រស់ ប្រកួតប្រជែងគ្មានថ្ងៃស្រាក់ស្រាន ដោយក្រុមហ៊ុនមួយរមែងមានក្តីស្រមៃចង់ឈានមុខដាច់គេ មិនថាការបង្កើនសមត្ថភាព រឺក៏ទិញលក់អ្វីនោះទេ អោយតែក្រុមហ៊ុនល្បីហើយរីកចម្រើនកាន់តែធំ គឺធ្វើទាំងអស់។

ដូចនេះហើយថ្ងៃនេះ ខ្មែរឡូតនឹងលាតត្រដាងការពិតខ្លះៗ ស្តីពីព័ត៌មានការទិញក្រុមហ៊ុន និងកម្មវិធីមួយចំនួនខាងក្រោម៖

-       ក្រុមហ៊ុន Microsoft ទិញ ក្រុមហ៊ុន Nokia ក្នុងឆ្នាំ ២០១៣ ៖ តម្លៃ ៧.៣ ពាន់លានដុល្លារ

ដើម្បីធានាទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Windows របស់ខ្លួនអាចដំណើរការបានដោយរលូន ដាច់ខាតត្រូវមានអ្នកផលិតដែលមានជំនាញ និងអាយុកាលចំណាស់ ហេតុដូចនេះហើយទើប Microsoft សម្រេចចិត្តទិញ Nokia ដោយក្រុមហ៊ុនទាំងពីរបានយល់ព្រម សហការគ្នាផលិតទូរស័ព្ទម៉ាក Lumia រហូតមកដល់ពេលបច្ចុប្បន្ន។


-       ក្រុមហ៊ុន Oracle ទិញ ក្រុមហ៊ុន Sun MicroSystems ក្នុងឆ្នាំ ២០០៩ ៖ តម្លៃ ៨ ពាន់លានដុល្លារ

នាឆ្នាំ ២០០៩ ក្រុមហ៊ុន Sun MicroSystems ត្រូវជួបការលំបាកយ៉ាងខ្លាំង ដោយក្រុមហ៊ុនបានខាតបង់ថវិកាប្រមាណ ១០០ លានដុល្លារក្នុងមួយឆ្នាំ ដែលជាហេតុធ្វើអោយក្រុមហ៊ុននេះ ត្រូវបង្ខំចិត្តលក់ ដោយមានក្រុមហ៊ុនពីរប្រជែងគ្នាទិញ នោះគឺ IBM និង Oracle។

ប៉ុន្តែដោយសារតែក្រុមហ៊ុន Oracle ហ៊ានចំណាយប្រាក់ច្រើនជាង ទើបពួកគេឈ្នះ ដោយទទួលបានមិនត្រឹមតែ Java របស់ Sun MicroSystems នោះទេ ថែមទាំងទទួលបានជំនួញ hardware ទៀតផង។


-       ក្រុមហ៊ុន Microsoft ទិញកម្មវិធី Skype ក្នុងឆ្នាំ ២០១១ ៖ តម្លៃ ៩ ពាន់លានដុល្លារ

Skype បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ដោយក្តោបបានទាំង video calling, VoIP, និងការជជែកកំសាន្ត។ ការទិញ Skype ពីសំណាក់ក្រុមហ៊ុន Microsoft មិនត្រឹមតែជួយអោយការប្រជែងជាមួយ Face Time របស់ Apple និង hangout របស់ Google កាន់តែក្តៅគគុកនោះទេ ថែមទាំងជួយអោយក្រុមហ៊ុនអាច រីកចម្រើនថែមមួយកម្រិតទៀត ដោយចំនួនអ្នកប្រើប្រាស់ Skype មានច្រើនស្រាប់ និងការច្របាច់បញ្ចូលគ្នានៃកម្មវិធី Windows Live Messenger របស់ខ្លួនផងដែរ។


-       ក្រុមហ៊ុន Hewlett Packard (HP) ទិញ ក្រុមហ៊ុន Autonomy ក្នុងឆ្នាំ ២០១១ ៖ តម្លៃ ១១.៧ ពាន់លានដុល្លារ

ក្រុមហ៊ុន HP បានធ្វើការទិញក្រុមហ៊ុនឯទៀតជាច្រើន ដែលសុទ្ធតែជាការទិញបរាជ័យ ព្រោះគ្មានប្រយោជន៍ចំពោះក្រុមហ៊ុនសោះ មានតែធ្វើអោយក្រុមហ៊ុនខាតបន្ថែម តួយ៉ាងដូចជាការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុម Compag, ការទិញក្រុមហ៊ុន Palm និងក្រុមហ៊ុនដទៃទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចំណាយប្រាក់ទិញ ក្រុមហ៊ុនឯទៀតទ្វេដង បើធៀបនឹងតម្លៃក្រុមហ៊ុននាពេលបច្ចុប្បន្ន។


-       ក្រុមហ៊ុន Google ទិញក្រុមហ៊ុន Motorola ក្នុងឆ្នាំ ២០១១ ៖ តម្លៃ ១២.៥ ពាន់លានដុល្លារ

ការទិញក្រុមហ៊ុន Motorola ពីសំណាក់ក្រុមហ៊ុន Google គឺមិនបានយូរនោះទេ ពោលគឺដោយសារតែការពិបាក និងគ្មានពេលចំណាយ ដើម្បីធ្វើអោយទូរស័ព្ទ Motorola ដំណើរការជាមួយប្រព័ន្ធ Android ទើបក្រុមហ៊ុន Google សម្រេចចិត្តលក់ ក្រុមហ៊ុន Motorola ទៅអោយក្រុមហ៊ុនចិន Lenovo ក្នុងតម្លៃតែក្រោម ៣ ពាន់លានដុល្លារ ដែលធ្វើអោយ Google ខាតអស់ ១០ ពាន់លានដុល្លារ តែប៉ុន្មានឆ្នាំ។


-       ក្រុមហ៊ុន Facebook ទិញកម្មវិធី WhatsApp ក្នុងឆ្នាំ ២០១៤ ៖ តម្លៃ ១៦ ពាន់លានដុល្លារ

ទិញកម្មវិធី Instagram មិនបានប៉ុន្មានផង ក្រុមហ៊ុន Facebook បានបន្តទិញ WhatsApp បន្តទៀត ដោយសម្លឹងឃើញចំនួនអ្នកប្រើប្រាស់ មានប្រមាណជាង ៤៥០ លាននាក់ ដោយសង្ឃឹមថាចំនួននេះអាចនឹងកើនឡើងដល់ អាត្រាពាន់លាននាក់ក្នុងពេលឆាប់ៗ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បច្ចេកវិទ្យា

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]