រាជធានីភ្នំពេញ ៖ គេនៅ​ចាំ​បានថា អ្នក​នាង​គីង​ សូរិយា​ វ័យ​​​៣៩​ឆ្នាំ និង​​ទម្ងន់​ឡើង​ដល់​​ទៅ​៧០​​គីឡូ​ក្រាមនោះ​ គឺ​​ជា​តារា​ចម្រៀង​​​មាន​ទឹក​ដម​សំឡេង​​​​ដូច​អ្នក​ស្រី​ប៉ែន រ៉ន ។ បើ​គេ​គ្រាន់​តែ​បាន​ស្តាប់​សំឡេងច្រៀង​​មិន​បាន​ឃើញ​រូប​​នោះ គេ​ច្បាស់​​ជា​យល់​ច្រឡំ​ថា​ជា​សំឡេង​​​​របស់​អ្នក​ស្រី​ប៉ែន​ រ៉ន ​ជា​មិន​ខាន តែ​ការ​ពិត​គឺ​អ្ន​ក​នាង​​គីង សូរិយា ។ នាង​គឺ​ជា​តារា​ចម្រៀង​​ដែល​ល្បី​ឈ្មោះ​​បោះ​សំឡេង​​​តាម​រយៈ​​ច្រៀង​​បទ​​ របស់​អ្នក​ស្រី​ប៉ែន​ រ៉ន ហើយ​មាន​​ទឹក​ដម​​សំឡេង​​​ពីរោះ​រណ្តំ​ចិត្ត​ដូច​​អ្នក​ស្រី​ប៉ែន រ៉ន ។ នាង​បាន​បាត់​ខ្លួន​ជាង​១០​ឆ្នាំ​មក​ហើយ ​ដោយ​​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋ​​កាលី​ហ្វ័​រ​នីញ៉ា ក្នុង​ទី​ក្រុង​ឡង​ប៊ិច ។

កាល​ពី​ថ្ងៃ​ទី​១៧ ​ឧសភា ២០១២ គេ​ឃើញ​​នាង​នាំ​ស្វាមី​មក​ចូល​រួម​ច្រៀង​​ និង​សម្ភាសន៍ក្នុង​កម្ម​វិធី​ជីវិត​​សិល្បៈ​​នៃស្ថានីយទូរទស្សន៍​​ខ្មែរ​ ប៉ុស្តិ៍​លេខ​​៩ សម្រាប់​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​​​២៧ ឧសភា ​​២០១២ ​។ នៅ​ចំពោះ​មុខ​អ្នក​​យក​ព័ត៌មាន​​​កោះ​សន្តិ​ភាព​​ អ្នក​នាង​​គីង សូរិយា​ រៀប​រាប់​​​​ឱ្យ​​ដឹងថា ​នាង​មាន​​ស្រុក​កំណើត​​នៅ​​ភ្នំពេញ​ ឪពុក​ឈ្មោះ​គីង សារុន ស្លាប់ ម្តាយ​ឈ្មោះ​​ឯម វណ្ណា ហើយ​នាង​មាន​បង​ប្អូន​៦​នាក់ ក្នុង​នោះ​​ប្រុស​ម្នាក់​ ឯ​នាង​ជា​កូន​ច្បង ។ បង​ប្អូន​របស់​នាង​​ក្លាយ​ជា​អ​្នក​សិល្បៈ​​​ចម្រៀង​​២​នាក់ គឺ​រូប​នាង​​ និង​ប្អូន​ស្រី​​ឈ្មោះ​​គីង សូលី​ដែត ។ ពេល​ប្រ​ទេស​មាន​សង្គ្រាម​ឪពុក​ម្តាយ​​នាង​បាន​នាំ​នាង​​ទៅ​រស់​នៅ​ក្នុង​ ជំរំជន​ភៀស​ខ្លួន​​នៅ​តាម​ព្រំ​ដែន​​កម្ពុជា​-ថៃ ។ នាង​​ធ្លាប់​​ហាត់​​ច្រៀង​​​​នៅ​​ជំរំ​​ជា​មួយ​​លោក​គ្រូ​អ៊ុំ តារា និង​លោក​​គ្រូ​អ្នក​គ្រូជា​ច្រើន​រូប​ទៀត ។ ​កាល​ពី​នាង​នៅ​​ជំរំ​​នាង​ធ្លាប់​​​ប្រឡង​​ច្រៀង​​ជាប់​ចំណាត់​ថ្នាក់​​លេខ ​​១។ ​

ក្រោយ​ពី​ចេញ​ពី​ជំរំ​អ្នក​​នាងគីង​ សូរិយា ​បាន​​ថត​សំឡេង​ចូល​ស៊ី​ឌីឱ្យ​​ផលិតកម្ម​ទាំង​ក្រៅ និង​ក្នុង​ប្រទេស​​ជា​ច្រើន ព្រម​ទាំង​​ច្រៀង​​​​នៅ​តាម​រង្គសាល​ និង​ភោជនីយដ្ឋាន​​​ក្នុង​ទី​ក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៩៦ មក ។ ​​​ដំបូងនា​ង​​ថតសំឡេង​ឱ្យ​ផលិតកម្ម S.K​ និង​ផលិត​កម្មសាយណ្ហ​តារា ដោយ​​​​លើក​យក​តែ​បទ​​ចម្រៀង​​​របស់​អ្នក​ស្រី​ប៉ែន​ រ៉ន​ មក​ច្រៀង​​​ឡើង​វិញ​រាប់​រយបទ ។ ចំពោះ​បទ​ថ្មី​ៗរបស់​​នាង​ដែល​មាន​ការ​​គាំ​ទ្រ​ពី​មហាជន​អ្នក​ស្តាប់​ច្រើន ​​បំផុត​​នោះ​គឺ​បទ «​កម្មករ​នារី​​​កាត់​ដេរ» និង​​បទ​«​រើស​យក​មួយ​ណា» ។ ​ចំណែក​បទ​របស់​អ្នក​​ស្រី​ប៉ែន រ៉ន​ មាន​គេ​​ចាប់​អារម្មណ៍​​ខ្លាំង​​​គឺ​ «​​នឹក​បង​ណាស់» ​។ អ្នក​នាង​គីង​ សូរិយា បន្ត​ថា ​​នាង​​បាន​ឃ្លាត​​ឆ្ងាយ​ពី​​​ មហា​ជន​​​​ទូ​ទាំង​​​ប្រទេស​​ជាង​​១០​ឆ្នាំ​ ​ហើយ​ គឺ​តាំង​ពី​ឆ្នាំ​២០០០មក ប៉ុន្តែ​​នាង​បាន​មក​លេ​ង​ប្រទេស​​​កំណើត​​បាន​ចំនួន​​៥​ដង​​មក​ហើយ​ទាំង​ ពេល​នេះ ។

អ្នក​នាង​គីង​ សូរិយា ប្រាប់​​ថា​នាង​មក​ដល់​ស្រុក​​ខ្មែរ​យើង​​លើក​ទី​៥​នេះ កាល​ពី​ថ្ងៃ​ទី​២៤ មេសា ​២០១២ ហើយ​​វិល​ត្រឡប់​​ទៅ​សហ​រដ្ឋ​អាមេរិក​វិញថ្ងៃ​ទី​១៩ ឧសភា ​២០១២ ។ នាង​​​សន្យា​ថា ប្រមាណ​៥​ខែ​ទៀត ​នឹង​វិល​មក​​រស់​នៅ​ក្នុង​ប្រទេស​​កម្ពុជា និង​ប្រកប​​អាជីព​ជា​អ្នក​ចម្រៀង​​ថតវិញ​​។ ចំពោះ​ការ​​រស់​នៅ​សហរដ្ឋ​អាមេ​រិក​​ដំបូង​នាង​ច្រៀង​ផង​ ធ្វើ​ការ​​​នៅ​កាស៊ី​ណូផង ​ព្រោះ​ថា​​នៅ​​​​​​​​​​​​​​​​​​​​​​​ទី​នោះ​​ច្រៀង​​​បាន​តែ​៣​​ថ្ងៃ​​​ ប៉ុណ្ណោះ​គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ​ ។ ពេល​ទំនេរ​ពី​ច្រៀង​​៣​​ថ្ងៃ​នោះ​ ​នាង​ទៅ​ធ្វើ​ការ​​នៅ​កាស៊ីណូ ។

អ្នក​នាង​គីង​ សូរិយា ពេល​​ដើរ​កម្សាន្ត​​នៅ​តាម​តំបន់​​​ទេសចរណ៍​​ធម្មជាតិ និង​ប្រាសាទ​​បុរាណ​​​​ស្ទើរ​តែគ្រប់​ខេត្ត​​-ក្រុង​ កត់​សម្គាល់​ឃើញ​ថា ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ខ្លាំង​​ណាស់ ។ នាង​ឃើញ​មាន​អគារ​​ធំ​ខ្ពស់ៗ​ច្រើន មាន​ស្ពាន ​​​ផ្លូវ​ជាតិ​​ខ្វាត់​ខ្វែង​នៅ​ទូ​ទាំង​​ប្រទេស​ ​ងាយ​ស្រួល​ទៅ​មក។ ដូច្នេះ​ហើយ​ទើប​​​នាង​ចង់​​មក​រស់​​នៅ​ក្នុង​ប្រទេស​​ជា​ទី​ស្រឡាញ់​វិញ ។ អ្នក​នាង​គីង​ សូរិយា ​​ប្រាប់​ថា ​នាង​ធ្លាប់​​រៀប​ការ​មុន​ក្លាយ​ជា​អ្នក​ចម្រៀង​​​ កាល​ពី​នៅ​ជំរំ​ តែ​រស់​នៅ​ជា​​មួយ​គ្នា​បាន​​កូន​ប្រុស​ម្នាក់ ​ក៏​បែក​គ្នា​​​ក្នុង​អំឡុង​​ឆ្នាំ​១៩៩៥។ ​នៅ​ឆ្នាំ​២០០៥​​ ពេល​នាង​រស់​នៅ​សហរដ្ឋ​​អាមេរិក​ក៏​រៀប​ការ​​​ម្ត​ង​ទៀត ​​ជា​មួយ​លោក​ពេជ្រ​ គង់​ ជា​ជាង​​ជួស​ជុល​​រថយន្ត​ក្រុង​ ហើយ​មក​ដល់​​ពេល​​នេះ​មាន​កូន​ស្រី​ម្នាក់​ ។

ចំពោះ​ស្វា​មី​នាង​​និយាយ​​ថា លោក​ស្រឡាញ់​​នាង​គីង សូរិយា បំផុត​គឺ​សំឡេង​​​ និង​បន្ទាប់​មក​​ក្នាញ់​សាច់​ធាត់​​ទ្រលុក​ទ្រលន់​របស់​នាង​ ។ លោក​បន្ត​ថា «មួយ​វិញ​ទៀត​ខ្ញុំ​ស្រឡាញ់​​គាត់​កាន់​តែ​ខ្លាំង​​​នោះ​គឺ​ដោយ​សារ​គាត់​ បង្ហាត់​ឱ្យ​​ខ្ញុំ​ចេះ​​ច្រៀង​​​​​​​បាន​ចំនួន​១០​​បទ​ក្នុង​រយៈ​ពេល​៤​ ឆ្នាំ គឺ​ខ្ញុំ​អាច​ច្រៀង​​​ឱ្យ​គាត់​ស្តាប់​​ ច្រៀង​បទ​ឆ្លើយ​ឆ្លង​​​ជា​មួយ​គាត់​​បាន​ ​»។ លោក​គង់ ​កើត​នៅ​ឆ្នាំ​​១៩៧១ និង​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​​នាឆ្នាំ​១៩៨៥ ។ ​នេះ​ជា​លើក​ទី​​១ហើយ ដែល​​លោក​​មក​លេង​ស្រុក​ខ្មែរ​ជួប​ម្តាយ​ ឪពុក​​ ក្រោយ​ពី​​​​បែក​អស់​រយៈ​​ពេល​ជា​ច្រើន​​ឆ្នាំ គឺ​តាំង​ពី​លោក​​មាន​អាយុ​៨​ឆ្នាំ ៕​​​​​​​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]