ការប្រកួតបាល់ទាត់ ជុំទី ៥ វគ្គជម្រុះ FA CUP បានបញ្ចប់ទៅចប់ ៧ ប្រកួតហើយ ដោយក្នុងនោះក្រុម Man CITY និងក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីឡើងទៅវគ្គជម្រុះបន្ទាប់ ដោយបានផ្តួលក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool កន្លងទៅនេះ។

Manchester CITY 2 – 0 Chelsea

ទីបំផុតក្រុម Manchester CITY អាចសងសឹកបានសម្រេចជាថ្មីម្តងទៀត នៅកីឡាដ្ឋាន Etihad Stadium របស់ខ្លួន ជាមួយនឹងទស្សនិកជនប្រមាណជា ៤៧ ០០០ នាក់ បន្ទាប់ពីចាញ់តោខៀវ Chelsea ០ទល់នឹង១ ម្តងហើយនោះ។

ការប្រកួតមិនទាន់បានក្តៅគគុកប៉ុន្មានផង ស្រាប់តែក្រុមម្ចាស់ផ្ទះ Man CITY អាចរកបានមួយគ្រាប់នាំមុខ ដោយកីឡាករ Jovetic បន្ទាប់ពីការបញ្ចូនបាល់យ៉ាងល្អ ពី  Džeko។ លទ្ធផលនេះបានរក្សារហូតដល់ចប់តង់ទីមួយ។ លុះឈានចូលមកដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះបានសម្រុកជាខ្លាំង មិនចេះចប់មិនចេះហើយ រហូតដល់រកបានមួយគ្រាប់ទៀត ដោយកីឡាករ Nasri នៅនាទីទី ៦៧ ជួយអោយលទ្ធផលចប់ការប្រកួត Man CITY យកឈ្នះក្រុមតោខៀវ Chelsea ដោយលទ្ធផល ២ទល់នឹង០ ឡើងទៅវគ្គបន្តជាស្ថាពរ។


វីដេអូ៖ Highlight

 

Arsenal 2 – 1 Liverpool

ក៏ដូចជាក្រុម Man CITY ដែរ ក្រុមកាំភ្លើងធំ Arsenal ទីបំផុតក៏អាចសងសឹកក្រុមហង្សក្រហម Liverpool បានសម្រេច នាកីឡាដ្ឋាន Emirate Stadium របស់ខ្លួន ជាមួយនឹងទស្សនិកជនប្រមាណជិត ៦០ ០០០ នាក់ បន្ទាប់ពីក្រុមហង្សក្រហមធ្លាប់បានយកឈ្នះ ដោយលទ្ធផល ៥ទល់នឹង១ នាកីឡាដ្ឋាន Anfield កន្លងទៅនោះ។


ទម្រង់លេងរបស់កាំភ្លើងធំ Arsenal កាលពីយប់មិញគឺពិតជាល្អឥតខ្ចោះ ដោយធ្វើការសម្រុក និងវាយលុកគូប្រកួតរហូត ស្ទើរតែក្រុមភ្ញៀវទប់មិនចង់បាន។ មហិច្ចតាដែលចង់សងសឹក និងឡើងទៅវគ្គបន្ទាប់ បានសាយភាយពាសពេញទឹកចិត្តកីឡាករ របស់ Arsenal ដោយក្រុមនេះមិនបង្អង់យូរ រកគ្រាប់បាល់បាននាំមុខ នៅនាទីទី ១៦ ដោយកីឡាករ A. Oxlade-Chamberlain ចប់តង់ទីមួយ Arsenal នាំមុខ Liverpool ១ទល់នឹង០។ លុះឈានចូលមកដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់បានមួយគ្រាប់ទៀត នៅនាទីទី ៤៧ ដោយកីឡាករ Podolski បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អ ពីមិត្តរួមក្រុម A. Oxlade-Chamberlain។ ក្រុមភ្ញៀវមិនបង្អង់យូរ ក៏សងមួយគ្រាប់មកវិញ ដោយការស៊ុតបាល់ ១១ ម៉ែត្រពីប្រធានក្រុម Steven Gerrard នៅនាទីទី ៦០ ប៉ុន្តែវាដូចជាហួសពេល ដោយលទ្ធផលបញ្ចប់ការប្រកួត ៩០ នាទី ក្រុម Arsenal យកឈ្នះ Liverpool ដោយលទ្ធផល ២ទល់នឹង១។

វីដេអូ៖ highlight

 

តារាងលទ្ធផលជុំទី ៥


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]