ភ្នំពេញៈ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យញាក់សាច់មួយ បង្កឡើងដោយបុរសបួននាក់ ស្រវឹងស្រាជោកខ្លួន បើក រថយន្តលឿនដូចហោះជ្រុលចង្កូតបុក ដើមអង្កាញ់ និងស្លាកសញ្ញាចរាចរណ៍នៅលើ ចិញ្ចើមផ្លូវ បណ្តាលឲ្យ បុរសម្នាក់ស្លាប់ និង៣នាក់របួសធ្ងន់-ស្រាល កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ នៅត្រង់ចំណុចទល់មុខស្ថានទូតចិន តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងក្រុមទី ៤៥ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើត ហេតុគេបានឃើញរថយន្តរបស់ក្រុមក្មេងស្ទាវ ម៉ាកកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2J- 4011 ជិះដោយបុរសបួននាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែករៀងៗខ្លួន បានបោះពួយរថយន្ត យ៉ាងលឿន តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុស្រាប់ ពើបប្រទះជាមួយនឹងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកបើកច្រាសទិសគ្នា ខណៈនោះអ្នកបើក រថយន្តកូរ៉ូឡា បានព្យាយាមទាញចង្កូតគេចទៅខាងស្តាំដៃ ក៏ជ្រុលទៅពន្លះគល់ដើម អង្កាញ់ និងបង្គោល ស្លាកសញ្ញាពេញទំហឹងលាន់ឮដូចរន្ទះដើមឆ្នាំ បណ្តាលឲ្យកៀបជាប់នឹងដើមអង្កាញ់ រងការខូចខាតស្ទើរ តែទាំងស្រុង រីឯអ្នកធ្វើដំណើរម្នាក់ បានស្លាប់ និង២នាក់របួសធ្ងន់ ១នាក់ទៀតរបួសស្រាល។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើត ហេតុ និងប្រវេប្រវា ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែទោះជាយ៉ាង ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើនេះ មិនទាន់មាននរណាម្នាក់ បញ្ជាក់ពីអត្តសញ្ញាណ នៅឡើយនោះទេ។

ក្រោយវាស់វែង និងធ្វើកោសលវិច័យ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម ផ្លូវច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]